37 C
Phnom Penh

តុលាការសម្រេចកាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំក្នុងសំណុំរឿងចំនួន២ផ្សេងគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារសរុបចំនួន៤ឆ្នាំទៀត ក្នុងសំណុំរឿងពីរផ្សេងពីគ្នា។

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ខែធ្នូនេះ  តាមរយៈតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្នុងសវនាការនេះមាន លោក សេង ហៀង និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ បានសម្រេចកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធាគារចំនួន៤ឆ្នាំ ។  ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឱ្យសងបំណុលធនាគារ។

នៅក្នុងសវនាការនាព្រឹកនេះ ក្រៅពីកាត់ទោសលោក សម រង្ស៉ី តុលាការក៏បានកាត់ទោស សកម្មជនបក្សប្រឆាំង៤រូបទៀត រួមមានឈ្មោះ ទុំ ប៊ុនថន និងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដាក់ទោសក្នុងម្នាក់ៗ១ឆ្នាំ ៨ខែ និងពិន័យជាប្រាក់ក្នុងម្នាក់៤លានរៀល។

តុលាការចាត់ទុកជាសាលក្រមចំពោះមុខជនជាប់ចោទ ព្រមទាំងកាត់ទោសមនុស្ស២នាក់ទៀតរួមមានឈ្មោះអ៊ុក ឆុំ និង ឡាស់ ឆេងឡាយ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ក្នុងម្នាក់២លានរៀល ។

ជាមួយគ្នានេះ តុលាការក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមជនជាប់ចោទដែលកំពុងគេចខ្លួនតាមខ្លឹមសារអំណាចសាលក្រមរបស់តុលាការទៀតផង។

យ៉ាងណាមកទល់ពេលនេះ ភាគីលោក សម រង្ស៊ី នៅមិនទាន់មានប្រតិកម្មជុំវិញសាលក្រមផ្តន្ទាទោសលោកនៅឡើយទេ។ តែសម្រាប់ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ  បានផ្សាយលើហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃនេះថា ការកាត់ទោសព្រះអង្គជាការកាត់ទោសកំបាំងមុខ ។ ព្រះអង្គថា ការចោទប្រកាន់ និងចេញដីកាកន្លងមក ជាការប្រព្រឹត្តទៅមិនច្បាស់លាស់ ហើយព្រះអង្គក៏មិនដែលទទួលបានដីកាកោះម្តងណាឡើយ។ 

ព្រះអង្គបន្ថែមថា «យើងមិនត្រូវខ្លាចក្នុងការជេរប្រមាថទៅបុគ្គលទាំងឡាយណាដែលមានបំណងឈ្លានពានខ្មែរ និងធ្វើទារុណកម្មមកលើជាតិខ្មែរនោះឡើយ»។

ដោយឡែកលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ បានចោទប្រកាន់ត្រង់ៗ ថាលោក ហ៊ុន សែន ជាអ្នករៀបចំគម្រោងសម្លាប់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ដែលជាដន្លងរបស់លោកកាលពីឆ្នាំ២០០៨។ លោកអះអាងថា លោក ស ខេង និង កូនប្រសាររបស់លោកហ៊ុន សែន គឺ លោក ឌី វិជ្ជា កំពុងរៀបចំគម្រោងដើម្បីកម្ចាត់ក្រុមលោកហ៊ុន សែន វិញ។ ប៉ុន្តែក្រោយមកលោក ស ខេង បានសម្រេចប្តឹងលោក សម រង្ស៊ី ដោយថាដើម្បីឱ្យអ្នកនយោបាយមានក្រមសីលធម៌ និងបញ្ចៀសពីការចោទប្រកកាន់ លាបពណ៌ ដែលនាំឱ្យខ្មែរបែកបាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស