40.9 C
Phnom Penh

ក្រុមសង្គមស៊ីវិលរកកិច្ចអន្តរាគមន៍ពីលោកហ៊ុន សែន ឱ្យផ្តល់សេរីភាពដល់លោក រ៉ុង ឈុន ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមតំណាងសហជីព អង្គការសង្គមស៊ីវិល ប្រមាណ២០នាក់មកពីស្ថាប័នចំនួន៤ បានរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឱ្យមានការដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ដោយថាលោករ៉ុង ឈុន មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។ 

សហជីព និងសមាគមទាំង៤នោះ រួមមាន សហភាពសហជីពកម្ពុជា សហព័ន្ធសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែធ្នូនេះ បានយកញ្ញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើឱ្យប្រមុខដឹកនាំរូបនេះអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ។

ប្រធានស្តីទីសហភាពសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់នាំគ្នាប្រមូលផ្តុំដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនេះ គឺដើម្បីសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ជួយឱ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន។ អ្នកស្រី អះអាងថា  លោក រ៉ុង ឈុន ពុំមានកំហុសដូចការចោទប្រកាន់ ហើយការបន្តឃុំខ្លួនលោកជារឿងអយុត្តិធម៌។

យ៉ាងណា ការដាក់ញត្តិរបស់ក្រុមសហជីពនិងសមាគមនៅព្រឹកនេះ  មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន មិនទទួលយកញត្តិរបស់ពួកគេនោះទេ ក្រោមហេតុផលថា ញត្តិនោះមិនត្រឹមត្រូវតាមបែបបទរដ្ឋបាលរបស់ខុទ្ទកាល័យ និងខុសបច្ចេកទេសជាដើម។ ជាមួយគ្នានោះ លោកបានស្នើឱ្យធ្វើសារថ្មីទៅតាមបែបបទរដ្ឋបាលនិងបច្ចេកទេស។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ ដោយមិនបានបង្ហាញដីកា កាលពីថ្ងៃទី៣១ខែកក្កដា។ ការចាប់ខ្លួនលោកនោះ គឺប៉ុន្មានថ្ងៃក្រោយពេលលោកធ្វើអត្ថាធិប្បាយពាក់ព័ន្ធបញ្ហាដីធ្លីនៅតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ។

លោក រ៉ុង ឈុន ជាមនុស្សឆ្នើមមួយរូបដែលតែងតែហ៊ាននិយាយរិះគន់រដ្ឋាភិបាលពីភាពអសកម្ម។ ការធ្វើសកម្មភាពការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពស្របច្បាប់ជូនកម្មករ ប្រជាពលរដ្ឋ និងសង្គមជាតិ ជាដើម។

ក្រោយភាគីខុទ្ទកាល័យមិនទទួលយកញ្ញត្តិរបស់ពួកគាត់ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានបង្ហាញការខកចិត្តចំពោះមន្ត្រីខុទ្ទកាល័យដែលមិនទទួលញត្តិរបស់ពួកគាត់។ លើសពីនេះ អ្នកស្រីយល់ឃើញថា  នេះជាចេតនាមួយមិនចង់ឱ្យមានការដោះលែង លោក រ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញផងដែរ។

អ្នកស្រី ចាត់ទុកករណីបន្តឃុំខ្លួនលោក រ៉ុង ឈុន នេះ ថាជាការគំរាមកំហែងដល់ទៅអ្នកដែលធ្វើការងារផ្នែកការពារសិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករ និងជាការរឹតត្បិតសិទ្ធិសេរីភាពពួកគេថែមទៀត។

សំណុំរឿងលោករ៉ុង ឈុន បានធ្វើឱ្យប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជនគណបក្សប្រឆាំង សកម្មជនបរិស្ថាន ក្រុមខ្មែរថាវរៈ ប្រមាណជាង១០នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលពួកគេធ្វើសកម្មភាពតវ៉ាទាមទារឱ្យមានការផ្តល់សេរីភាពជូនលោក រ៉ុង ឈុន វិញ។ ប៉ុន្តែការតវ៉ាទាំងនោះ អាជ្ញាធររដ្ឋាភិបាលចាត់ទុកថាជារឿងផ្ទុយទៅនឹងច្បាប់ មិនមែនជាសិទ្ធិក្នុងការបញ្ចេញមតិនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស