31 C
Phnom Penh

ខ្មាន់កាំភ្លើងបន្តបាញ់សម្លាប់មនុស្សកណ្តាលក្រុងភ្នំពេញ បង្កការភ័យខ្លាចដល់ពលរដ្ឋទៀតហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ខណៈគេសង្កេតឃើញថា បច្ចុប្បន្ននេះ បទល្មើសប្រើប្រាស់អាវុធបាញ់បោះអនាធិបតេយ្យ និងបាញ់ប្លន់សម្លាប់ បានកម្រើកឡើងវិញជាច្រើនករណី ក្នុងក្រុងភ្នំពេញ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

ជាក់ស្តែងកាលពីម៉ោង ១២ និង០៥នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីបទល្មើសបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យបុរសរងគ្រោះម្នាក់ឈ្មោះ រ៉េត ស៊ីណែត ស្លាប់នៅកន្លែងកើតហេតុ ហើយក្រុមជនបង្ក ក៏បានបើកឡានគេចខ្លួនបាត់ស្រមោល ដោយមិនរំខានកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ទទួលទានដំណេកទេ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា អំពើបាញ់ប្រហារនេះ ជនសង្ស័យមានគ្នាចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយបើករថយន្ត ០១គ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546។ រីឯជនរងគ្រោះ ជិះរថយន្តម៉ាក Ford Raptor F150 ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BD-3738។

របាយការណ៍ របស់លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឲ្យដឹងថា ជនរងគ្រោះក្នុងអំពើឃាតកម្មខាងលើនេះ ឈ្មោះ លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ដើមហេតុដែលបណ្តាលឲ្យមានជម្លោះបាញ់សម្លាប់ គឺផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកប៉ះគ្នាបន្តិចបន្តួច ហើយភាគីទាំងសងខាង គឺសុទ្ធតែមានកាំភ្លើងខ្លីនៅជាប់ខ្លួន ដោយសម្រួលគ្នាមិនត្រូវ ទើបឈានដល់ផ្ទុះអាវុធកើតឡើង។ ឃាតកម្មនេះ មន្ត្រីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានធ្វើកោលស្យវិច័យ បង្ហាញថា ជនរងគ្រោះ ស្លាប់ដោយអំពើឃាតកម្មបាញ់សម្លាប់ បង្កដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតមែន។

ដោយឡែក ចំពោះឃាតកម្មផ្សេងទៀត ដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ គឺកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក៏មានករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់សម្លាប់អាជីវករប្រកបមុខរបរចងការលុយម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ហើយភ្លាមៗនោះ ជនល្មើសក៏បានគេចខ្លួនដោយសុវត្ថិភាព។

ប៉ុន្តែពីរថ្ងៃក្រោយមក ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការស្រាវជ្រាវ ចាប់ខ្លួនជនដៃដល់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។

សមត្ថកិច្ច បញ្ជាក់ថា ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មខាងលើមានឈ្មោះ សុខ ហេងបូរ អាយុ ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយ ចំពោះមូលហេតុ ដែលជនសង្ស័យ បាញ់សម្លាប់ជនរងគ្រោះ ក៏ព្រោះតែជនដៃដល់ បានជំពាក់លុយជនរងគ្រោះរាប់ម៉ឺនដុល្លារអាមេរិក ហើយត្រូវបានជនរងគ្រោះតាមទារលុយជំពាក់នោះរាល់ថ្ងៃ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស