31 C
Phnom Penh

វៀតណាម​ និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសមួយនៅអាស៊ីអាគ្នេយ៌ដែលកម្រអួតអាងអំពីគុណតម្លៃ និសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ដូចប្រទេសខ្លះនោះទេ គឺនៅពេលនេះ បានក្លាយជាប្រទេសទីមួយមុនគេក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអង់គ្លេស ដែលជាការបំបែករនាំងពន្ធគយ។ តែកិច្ចព្រមព្រៀងដ៏មានសារសំខាន់រវាងវៀតណាម និងអង់គ្លេសបានធ្វើឡើងបន្ទាប់រដ្ឋាភិបាលសង្គមនិយមមួយនេះ ទើបបានចុះកិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយនិងសហភាពអឺរ៉ុបមាន២៧ប្រទេសកាលពីថ្មីៗនេះ។

សេចក្ដីរាយការណ៍របស់សារព័ត៌មាននៃគេហទំព័រ BERNAMA នៃប្រទេសម៉ាឡេស៊ី បានចុះផ្សាយថា តំណាងនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងនេះ នៅទីក្រុងហាណូយ នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០នេះ ។

ប្រភពរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA  បានចុះផ្សាយថា ដោយសារបញ្ហាកូវិដ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward ប្រចាំនៅទីក្រុងហាណូយ និងតំណាងវៀតណាមប្រចាំនៅទីក្រុងឡុង ហើយ ឯកសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបញ្ជូនទៅរដ្ឋាភិបាលរៀងៗខ្លួន។

កាលពីថ្ងៃទី១១ធ្នូ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសវៀតណាម Tran Tuan Anh និង រដ្ឋមន្ត្រី កិច្ចការពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសអង់គ្លេស Elizabeth Truss បានចុះហត្ថលេខា លើកំណត់ហេតុ នៃការបញ្ចប់ការចរចាហើយ ឈានដល់ ការព្រមព្រៀងជាផ្លូវការរួមគ្នាអំពីការបង្កើតកាតិកាសញ្ញា ពាណិជ្ជកម្មសេរីមួយនេះ  ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហៅកាត់ថា UKVFTA កើតចេញជារូបរាងឡើងនៅពេលនេះ ដោយផ្អែកលើមូលដ្ឋានមួយនៃការបើកចំហនៃរនាំងពន្ធគយ នៃប្រទេសទាំង២ ដោយប្ដេជ្ញារួមគ្នាក្នុងការ ពង្រឹងនិងពង្រីក សហប្រតិបត្តិការទ្វេភាគីទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការទូត។ តាមប្រភពដដែលនេះ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានចាប់ថ្ងៃទី៣១ធ្នូឆ្នាំ២០២០នេះ។

អង់គ្លេស ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំមួយនៅអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាម ជាប្រទេសសេដ្ឋកិច្ចដ៏ធំមួយនៅអាស៊ីអាគ្នេយ៌ ត្រូវបានគេហៅថាសមាគមអាស៊ាន ១០ប្រទេស គឺប្រទេសអង់គ្លេស នឹងត្រូវចាកចេញជាផ្លូវការពីសមាជិកសភាព សហភាពអឺរ៉ុបនៅថ្ងៃទី៣១ធ្នូឆ្នាំ២០២០នេះ។ ប្រទេសអង់គ្លេស គឺជាដៃគូសេដ្ឋកិច្ចធំទី៣ជាមួយនឹងវៀតណាម ហើយ ប្រទេសធំទីមួយគឺ អាល្លឺម៉ង់  ប្រទេសធំទី២ គឺហូឡង់។

វៀតណាម និងអង់គ្លេស បានបង្កើត ចំណងការទូត ជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៧៣។ក្នុងរយៈពេល ៤៧ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគី បានជួបឧបសគ្គជាច្រើន ជាពីសេស អំឡុងពិភពលោក ជួបសង្រ្គាមមនោគមន៍វិជ្ជា ឬសង្រ្គាមត្រជាក់ ដែលធ្វើអោយទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំង ប៉ុន្តែក្រោយបញ្ចប់សង្រ្គាមត្រជាក់ក្នុងទសវត្សឆ្នាំ១៩៩០ គឺក្រោយពី វៀតណាមដកការត្រួតត្រាជាផ្លូវការពីកម្ពុជា នៅឆ្នាំ១៩៩៣ ហើយអង់គ្លេសក៏ចាប់ផ្ដើមបង្កើនទំនាក់ទ្វេភាគីជាមួយវៀតណាមកាន់តែខ្លាំង។

មកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃប្រទេស វៀតណាមនិងអង់គ្លេស បានហក់ឡើង៦ពាន់៦រយលានដុល្លារអាមេរិក។

ទំនិញដែលវៀតណាម បញ្ជូនទៅទីផ្សារអង់គ្លេស គឺជាផលិតផលវាយនភ័ណ្ឌ មានសំលៀកបំពាក់ ស្រោមជើង បន្ទះឈើដែលអារហើយ កែឆ្នៃជាតុ ទូរ គ្រែជាដើម។ ចំណែកស្បៀងសមុទ្រវៀតណាម គឺជាមុខទំនិញពេញនិយម លើទីផ្សារនៃប្រទេសអង់គ្លេស។ ចំណែកទំនិញ របស់ប្រទេសអង់គ្លេស មានដូចជា ថ្នាំពេទ្យ គ្រៀងម៉ាស៊ីនជាដើម។  

អង់គ្លេស និងវៀតណាមបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នានេះ គឺបន្ទាប់ពី សហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៅអឺរ៉ុបសម្រាប់វៀតណាម បានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០១៩ហើយ បានដាក់អោយចូលជាធរមាននៅខែសីហា គឺចំពេលដែលកម្ពុជា បានរបូតប្រព័ន្ធពន្ធអនុគ្រោះ EBA ២០%ពីសហភាពអឺរ៉ុប ដោយសារកម្ពុជា រងការរិះគន់ថា បានបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ និងជោគជាំដោយការរំលោភសិទ្ធិមនុស្ស។

អ្នកសង្កេតការណ័មើលឃើញថា នៅពេលកម្ពុជាចាប់ផ្ដើម របូត ប្រព័ន្ធអនុគ្រោះពន្ធពី សហភាពអឺរ៉ុប និងកំពុងប្រឈមនឹងបាត់ ប្រព័ន្ធអនុគ្រោះពន្ធជាមួយអាមេរិក គឺកម្ពុជា ប្រញាប់ប្រញាល់ ទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ដែលមើលទៅ ជាការធ្វើអោយមានតុល្យភាពនយោបាយពាណិ្ជកម្មជាមួយសហភាពអឺរ៉ុបនិងអាមេរិក ។

ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចមួយចំនួន មិនបានមើលឃើញថា កម្ពុជា នឹងបានផលចំណេញច្រើនទេ ចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។ សម្រាប់វៀតណាម នៅពុំទាន់មានព័ត៌មានណាចុះផ្សាយថា ប្រទេសនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននៅឡើយនោះទេខណៈប្រទេសទាំង២ ដែលមានព្រំដែនគោកជាមួយគ្នានេះ កំពុងមានជម្លោះដែនសមុទ្រជាមួយគ្នាដ៏ជូរចត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស