យើងបានផ្សាយសេចក្តីរាយការណ៍ចំនួន៩ភាគកន្លង ទៅ និយាយអំពី ធនលួចលាក់ សែ ហ៊ុន ដែលបង្ហាញនូវបណ្តាញរកស៊ីក្នុងរង្វង់គ្រួសារ សាច់ញាតិ រួមនឹងមិត្ត ភក្តិរួមអាវុធ ទាញផលពីធនធានធម្មជាតិ ហើយនិងវាតទីគ្រប់គ្រងមុខរបរ អាជីវកម្មក្នុងស្រុក ជាផ្នែកនៃសេដ្ឋកិច្ចជាតិទាំងមូល។
បន្ទាប់មក បណ្តាញរកស៊ីក្នុងមុខរបរ អាជីវកម្មបំផ្លាញធនធានព្រៃឈើខ្មែរ លាត សន្ធឹងដល់សន្តានព្រៀងលាន ក្លើម្រាក់ អ្នកស្គាល់គ្នាតៗដែលគួរទុកចិត្ត និង អ្នក ចេះរកប្រយោជន៍ឲ្យមេកោយ ចេះការពារ ចេះជួយលាក់លៀមថ្នាក់ដឹកនាំខាងលើ។ ទាំង អស់នេះ សុទ្ធតែធ្វើទៅបានដោយសារអាងខ្សែអ្នកធំ អ្នកមានអំណាចជួយការពារ។
ព្រះសព្វញ្ញុពុទ្ធ គឺព្រះសម្មាសម្ពុទ្ធ ដាស់តឿនមនុស្ស លោកថា៖ វត្ថុបីយ៉ាងលើលោក លាក់ បំបាំងយូរមិន បាននោះ គឺ ព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ ឬ ហេតុ ការណ៍ពិត។
រឿងហេតុខ្លះលាក់បានដប់ឆ្នាំ ខ្លះម្ភៃឆ្នាំ ខ្លះបានពីរ−បីឆ្នាំ។ សាសនាដ៏ធំមួយទៀតលើផែនដីនេះ ដាស់តឿនមនុស្សលោកថា៖ អ្នកប្រឹងលាក់រឿងអប្បិយទុយ៌សទាំងឡាយឲ្យអស់ចិត្តចុះ រឿងនោះនឹងត្រូវលាតបង្ហាញនៅកណ្តាលវាលពេលណាមួយ សូម្បីតែខ្លួនអ្នកក៏ស្មានមិនដឹងមុនដែរ។
អាជីវកម្មកាប់ឈើខ្លឹមប្រណីត ឈើលេខ១ លេខ២ លេខ៣ នៅស្រុកខ្មែរ ធ្វើឡើងជាប្រព័ន្ធ ប្រទាក់ក្រឡាគ្នា ចាក់ស្រេះដូចសម្បុកពីងពាង មិនមែនជារឿងប្រឌិត មិនមែនជារឿងទាក់ទងនឹងគ្រោះធម្មជាតិបង្កដោយកំ ទេចថ្មរសាត់ពីភពឋានលំហវេហាណាមួយមកពង្រាប ព្រៃព្រឹក្សាខ្មែរ ដូចជានៅតំបន់ ទុងហ្គុសស្កា ស៊ីបេរី នាឆ្នាំ ១៩០៨នោះទេ។
វាជារឿងដែលមនុស្សជាក្រុមមាន ឈ្មោះ មានគ្នីគ្នា មានទីលំនៅ មានថានៈ ជាអ្នកប្រព្រឹត្ត ឃុបឃិត ស៊ុម គ្រលុំ ចូលដៃចូលជើងជាមួយនាហ្មឺន នាសែនពុករលួយ បិទមាត់ បិទភ្នែក បិទត្រចៀក អត់ឱនដោយមេដឹកនាំជាតិ។ គឺជារឿងដែលមានមនុស្សអ្នកកាប់ អ្នកដឹកជញ្ជូន អ្នកលក់ អ្នកទិញឆ្លងនគរ មានឯក សារ បញ្ជីទូទាត់លុយមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
ច្រកដឹកឈើខ្មែរចូលទឹកដីប្រទេសយៀកណាម ខាងខ្មែរមិនសូវឲ្យដឹងទេ។ ចំណែកឯខាងរដ្ឋអំណាចយួនវិញ គេបានចុះបញ្ជីច្បាស់លាស់អំពីទីតាំងស្តុកឈើ ឈ្មោះច្រកដឹកឈើឆ្លងដែន ឈ្មោះប្រភេទឈើ និង បញ្ជីបង់ ពន្ធគយលើទំនិញនាំចូល។
អង្គការ Forest Trend រាយការណ៍ថា ក្នុងឆ្នាំ២០១៥ កំណាត់ឈើមូល ៣១ ប្រភេទ ដឹកចូលទៅប្រទេសយៀកណាម។ ក្នុងបរិមាណនោះ ឈើ ៦ប្រភេទ ប៉ុណ្ណោះ ដែលមានចំនួនលើសពី ១ពាន់ម៉ែត្រគីប ហើយ ១៧ប្រភេទទៀត ដឹកក្នុងបរិ មាណ ១រយម៉ែត្រគីប ប៉ុណ្ណោះ ក្នុងមួយប្រភេទៗ។ ក្រៅ ពីនេះ ឈើ ៥ប្រភេទទៀត ចាត់ទុកជាឈើមានតម្លៃខ្ពស់ ថ្នាក់ឈើលេខ១ និង ឈើលេខ២។ ប្រភេទឈើ ខ្លុង ត្បែង ដឹកចូលយៀកណាម មានចំនួន ៧៦% និង មានទឹកប្រាក់ប្រមាណ ៨៥% នៃតម្លៃទឹកប្រាក់សរុប។ ឈើខ្មែរទាំងនេះ ពាណិជ្ជករយួន ដឹកចេញទៅប្រទេសឥណ្ឌា និង ចិន ហើយនិងប្រើប្រាស់ក្នុងស្រុក។
សុក្រម ប្រភេទដើមឈើលេខ២ ដឹកចូលចំនួន ៣ម៉ឺនម៉ែត្រគីប គិតជាតម្លៃប្រមាណ ១១លានដុល្លារ។ ឈើ ទាលទឹក, ឈើទាលបង្កួយ, ឈើទាលប្រេង, ត្រាច, ខ្លុង, ត្បែង, ជាប្រភេទឈើលេខ៥ ដឹកចូលចំនួន ១ម៉ឺនម៉ែត្រ គីប គិតជាតម្លៃ ៣លានដុល្លារ។ ស្មាច់ ដើមឈើប្រភេទលេខ៦ ក៏កាប់ ដឹកចូលដែរ ចំនួន ១ម៉ឺនម៉ែត្រគីប គិតជាតម្លៃ ១លានដុល្លារ។ ផ្ចឹក, ជ័រចុង, ពពេល, លំបោ ដើម ឈើប្រភេទលេខ២ និង លេខ៣ ដឹកចូលប្រមាណ ១ ពាន់ម៉ែត្រគីប គិតជាតម្លៃជាង ២លានដុល្លារ។ គគីថ្ម ដើមឈើប្រភេទលេខ២ ដឹកចូលចំនួន ១ពាន់ម៉ែត្រគីប គិតជាតម្លៃជិត ១លានដុល្លារ។ ស្រឡៅ ដើមឈើប្រ ភេទលេខ៣ ដឹកចូលជិត១ពាន់ម៉ែត្រគីប គិតជាទឹក ប្រាក់ជិត ១លានដុល្លារ។ ឈ្លីក ដើមឈើប្រភេទលេខ ៣ ដឹកចូលជិត ១ពាន់ម៉ែត្រគីប គិតជាតម្លៃជិតជិតកន្លះលានដុល្លារ។ ម៉ៃសាក់ ដើមឈើប្រភេទលេខ៦ គិតជាតម្លៃជិតកន្លះលានដុល្លារ។ ចំបក់ ដើមឈើប្រភេទលេខ ៦ ដឹកចូលប្រមាណ១ពាន់ម៉ែត្រគីប គិតជាតម្លៃប្រមាណកន្លះលានដុល្លារ។
ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ឈើខ្មែរកំណាត់ឈើមូលគ្រប់ប្រភេទ ដឹកចូលប្រទេសយៀកណាមតាមច្រកព្រំ ដែនអន្តរជាតិ មានចំនួនជិត ១ម៉ឺន ៨ពាន់ម៉ែត្រគីប គិត ជាទឹកប្រាក់ជិត ៥លានដុល្លារ។ ឈើច្រៀកគ្រប់ប្រភេទ ដឹកចូលតាមច្រកព្រំដែនអន្តរជាតិ មានចំនួនជាង ១ សែន ៤ម៉ឺន ម៉ែត្រគីប គិតជាទឹកប្រាក់ជាង ៦៨លានដុល្លារ។ ឈើខ្មែរគ្រប់ប្រភេទដដែល ប៉ុន្តែ ដឹកចូលតាមច្រកព្រំដែនធំៗ កំណាត់ឈើមូល មានចំនួនជាង ៤ម៉ឺនម៉ែត្រគីប គិតជាទឹកប្រាក់ជាង ១២លានដុល្លារ។ ចំណែកឯឈើច្រៀកចំនួនជិត ២សែន ៥ម៉ឺនម៉ែត្រគីប
គិតជាទឹកប្រាក់ជាង ២៨១លានដុល្លារ។ ឈើខ្មែរដឹកចូលស្រុកយួនតាមច្រកឆ្លងព្រំដែនធំៗ ដូចតទៅនេះ៖
ច្រក ចាងរៀក វ៉ាក់សា កាទុម ហ្វឿកតាន់ ខេត្តតៃនិញ ជាប់ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ច្រក ឡេថាញ់ ខេត្តចាឡាយ ជាប់ខេត្ត រតនគិរី ច្រក តាវ៉ាត និង ធិញឡុក ខេត្ត ប៊ិញហ្វឹក ជាប់ខេត្ត កំពង់ចាម ក្រចេះ មណ្ឌលគិរី ច្រក វិញហយដុង បាក់ដាយ ទិញបៀន ខាញ់ប៊ិញ ខេត្តអានយ៉ាង ជាប់ខេត្ត តាកែវ ច្រក ឌិញបា ខេត្ត ដុងថាប់ ជាប់ខេត្ត កណ្តាល ស្វារៀង ច្រក ហ៊ុងឌៀន និង មីគុយតៃ ខេត្ត ឡុងអាន ជាប់ខេត្ត ស្វាយរៀង ច្រក យ៉ាងថាញ់ ខេត្តគាងយ៉ាង ចេញតាមសមុទ្រពីខេត្តកែវ កំពត ព្រះសីហនុ ឬ កោះកុង
ចាប់ពីឆ្នាំ២០០១ រហូតមក រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឲ្យជនជាតិចិនតៃវ៉ាន់ឈ្មោះ លូ ជូឆាង ដាក់ទុនជាង ៧០លានដុល្លារ ធ្វើអាជីវកម្មលើផ្ទៃដីសម្បទានសេដ្ឋកិច្ចទំហំជាង ៣ម៉ឺន ៤ពាន់ហិកតារ នៅក្នុងតំបន់ព្រៃឡង់ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និង ព្រៃព្រះរការ ក្នុងខេត្ត ព្រះវិហារ ដោយដូរឈ្មោះពីក្រុមហ៊ុន ចិន្តាក្តារបន្ទះ (Chernda Plywood) ជាឈ្មោះ Think Biotech កម្ពុជា។ ក្រោមការអនុញ្ញាតនេះ លូ ជូឆាង ដាក់ទុន ហ៊ុនជាមួយក្រុមហ៊ុន អង្គរក្តារ បន្ទះ (Angkor Plywood) ដែលជាអ្នកផ្គត់ផ្គង់ឈើ និងសង់រោងសិប្បកម្មអារ ច្នៃឈើចំនួនបួន នៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ខេត្តកំពង់ ចាម និង ព្រែកទម័ក ខេត្តកណ្តាល។ រោងសិប្បកម្មឈើទាំងអស់នេះ ដឹកផលិតផលឈើកែឆ្នៃទៅចែកចាយឲ្យដៃគូអាជីវកម្មនៅយៀកណាម និង លក់ ទៅប្រទេសដទៃទៀតក្នុងតំបន់អាស៊ី។ ចាប់ពីឆ្នាំ២០១៩មក លូ ជូឆាង ដាក់ទុន ២លានដុល្លារថែមទៀតជាមួយនឹងក្រសួង កសិកម្ម។
រដ្ឋមន្រ្តី ក្រសួងកសិកម្ម លោក វេង សាខុន ក្នុងខែ មីនា ២០១៧ សរសេរស្នើគោលការណ៍អនុញ្ញាតពីនា យករដ្ឋមន្រ្តីបន្ថែមមុខទំនិញនាំចេញឈើកែច្នៃដែលមានទោល ឬ កម្រាស់បញ្ឈរ និង បន្ទារអតិតបរមា ២៥ស.ម ឬ ២តឹកកន្លះ ដោយបំពេញត្រឹមតែនីតិវិធីប្រតិវេទន៍ ឬ សេចក្តីជម្រាប ប្រកាសប្រាប់គយតាមមាត់ច្រកអន្តរជាតិពីក្រុមហ៊ុន អង្គរផ្លាយវូត។ នៅខែ មេសា ២០១៧ លោក ហ៊ុន សែន យល់ព្រមតាមសំ ណើ។ ដើមខែដដែល រដ្ឋលេខាធិ ការ ទីស្តីការគណៈ រដ្ឋមន្រ្តី លោក ប៊ុន អ៊ុយ សរសេរបញ្ជាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងកសិកម្ម លោក វេង សាខុន អំពីការ យល់ព្រមនេះ។ ប្រមាណមួយសប្តាហ៍ មុនដាច់ខែមេ សា ២០១៧ លិខិតមួយទៀតចេញពីអគ្គនាយក នា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម ផ្ញើទៅឈ្មោះ ជា ពៅ អគ្គនាយកក្រុមហ៊ុន អង្គរផ្លាយវូត អនុ ញ្ញាតតាមសំណើ។ ក្រុមការងារស្រាវជ្រាវឧក្រិដ្ឋកម្មព្រៃឈើ រាយការណ៍ថា ជា ពៅ ក៏ជាម្ចាស់ក្រុមហ៊ុន ធីង៉ា និង ក្មួយស្រី ជា សង្ឃធីតា ជាកូនស្រីលោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជា ពៅ រៀបការនឹង សេង គឹម រកស៊ីតែជាមួយក្រុមហ៊ុនយួន និង ក្រុមហ៊ុនចិន ទំនងជាចេញពី សេង ទៀង ដែលចេញពី សេង ឆាយ ក្រុមទីប្រឹក្សានាយករដ្ឋមន្រ្តី ជាសមាជិកក្រុមសាច់ញាតិ អ្នកស្រី ជឹង សុភាព ហៅ តាន់ ភូ ឬ យាយ ភូ រកស៊ីឈើតាំងពីទសវត្ស ១៩៩០ រួច ជិតស្និទ្ធនឹងភរិយាប្រមុខរដ្ឋាភិបាល។
ជា ពៅ ស្ថិតនៅក្នុងសែស្រឡាយឆ្ងាយរបស់លោក កង ហ៊ាង អតីតចៅហ្វាយខេត្តកំពង់ស្ពឺ អ្នកស្រី កង វណ្ណារី ភូឈួយខេត្ត កំពង់ស្ពឺ លោក ប្រាជ្ញ ចន្ទ ចៅហ្វាយខេត្ត ត្បូងឃ្មុំ និង ឧត្តមសេនីយ៍ឯកប៉ូលិស តេង សួន អគ្គ ស្នងការរងនគរបាលជាតិ ខាងនាយកដ្ឋានព្រំដែនសមុទ្រ។ ក្រុមហ៊ុន អង្គរផ្លាយវូត ក៏មានដឹកឈើចេញតាមច្រកលេខ ៧៥១ ទៅខេត្ត ដាក់ណូង ជាប់ខេត្ត មណ្ឌលគិរីដែរ ចំនួន ១ម៉ឺនម៉ែត្រគីប។ អង្គរផ្លាយវូត មានការិយាល័យតំណាងរបស់ខ្លួននៅខណ្ឌលេខ៥ ក្រុងព្រៃនគរ។ ជំនួញធនធានព្រៃឈើខ្មែរ នៅតែកើតឡើង បន្ទាប់ពីលោក ហ៊ុន សែន ដាក់បញ្ជាឲ្យឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិ ដឹកនាំគណៈកម្មការជាតិ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃ ឈើ ដែលមានសមាជិក ៨រូប ដូចតទៅនេះ ក្រៅពីអនុ ប្រធាន លោកឧត្តមសេនីយ៍ប៉ូលិស ហ៊ូ សាគុណ៖
លោក ឆេង គឹមស៊ុន តំណាង ក្រសួង កសិកម្ម, លោក ផៃ ប៊ុនឈឿន តំណាង ក្រសួង បរិស្ថាន, ចៅហ្វាយ ខេត្ត ត្បូងឃ្មុំ ប្រាជ្ញ ចន្ទ, ចៅហ្វាយខេត្ត ក្រចេះ សរ ចំ រុង, ចៅហ្វាយខេត្តកំពង់ចាម លន់ លឹមថៃ, ចៅហ្វាយ ខេត្ត មណ្ឌលគិរី អេង ប៊ុនហ៊ាង, ចៅហ្វាយខេត្ត រតន គិរី ថង សាវុន, ចៅហ្វាយខេត្ត ស្ទឹងត្រែង ម៉ុម សារឿន។ សមាសភាពទាំងនេះ សុទ្ធតែបង្រ្កាបសកម្ម ភាពកាប់ឈើក្នុងខេត្តរបស់ខ្លួនមិនបានជោគជ័យ៕