27.5 C
Phnom Penh

អ្នកវិភាគថា អ្នកនយោបាយខ្មែរមិនគួរប្រមាថព្រះមហាក្សត្រទេ តែត្រូវជួយរកវិធីប្រគល់សិទ្ធិ និងអំណាច ថ្វាយព្រះអង្គទើបត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម ប្រតិកម្មថា ការលើកឡើងពីព្រះមហាក្សត្រ មិនមែនដើម្បីគ្រាន់តែប្រមាថកាតទៀនលើព្រះអង្គនោះទេ តែដើមហេតុ គឺអ្នកមានអំណាច និងស្ថាប័នរដ្ឋពាក់ព័ន្ធមិនបានឲ្យតម្លៃដល់ព្រះរាជសិទ្ធិ និងអំណាច ព្រមទាំងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដូចមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ការប្រមាថព្រះមហាក្សត្រ ជាស្តេចទីងមោង មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្តយសរបស់ព្រះមហាក្សត្រដែលការពារដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ បែរជាបង្ហាញពីទង្វើរបស់ពួកគេដែលកំពុងរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញ។

លោក អះអាងថា មេបក្សប្រឆាំងលោក សម រង្ស៊ី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់ តែសិទ្ធិនោះមិនត្រូវបានរំលោភលើសិទ្ធិរបស់អ្នកដទៃជាដាច់ខាត ជាពិសេសគឺរំលោភលើប្រមាថព្រះមហាក្សត្រតែម្តង។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ចរិតនយោបាយរបស់លោក សម រង្ស៊ី ក៏មិនសូវខុសប្លែកគ្នាពីអ្នកនយោបាយដែលគាត់កំពុងតែប្រកួតប្រជែងសព្វថ្ងៃនេះប៉ុន្មាននោះដែរ។ លោកបន្តថា ក្នុងនាមជាអ្នកនយោបាយត្រូវគោរពក្រមសីលធម៌របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយត្រូវរក្សាគុណធម៌សម្រាប់ខ្លួនផង និងសង្គមជាតិផង។ ធ្វើដូច្នេះ ទើបសង្គមដែលពួកគេដឹកនាំជាសង្គមដែលពោរពេញដោយគុណធម៌ ហើយក៏នឹងក្លាយជាសង្គមដែលមានភាពយុត្តិធម៌ ថែមទៀតផង។

ការរិះគន់នេះធ្វើឡើង បន្ទាប់ពីអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បាន និយាយប៉ះពាល់ដល់កិតិ្តយស អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ថាជាស្តេចទីងមោង និងជាស្តេចអាយ៉ងរបស់ លោកហ៊ុន សែន  ហើយបានជុំរុញឲ្យព្រះអង្គចាកចេញពីរាជបល្ល័ងថែមទៀតផង។

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថាព្រះមហាក្សត្រសព្វថ្ងៃ គ្មានអំណាចធ្វើអ្វីបានទេ។ លោកថា ព្រះអង្គគួរតែយាងចុះពីរាជបល្ល័ង្គទៅ ព្រោះថា ព្រះអង្គមិនត្រូវគង់ជាមហាក្សត្រទីងមោង ដើម្បីគ្រាន់តែប្រថាប់ត្រាឲ្យលោក ហ៊ុន សែន បំផ្លាញជាតិ និងធ្វើបាបរាស្ត្រតាមចិត្ត ដូចសព្វថ្ងៃនេះទេ។

លោក ថា ព្រះមហាក្សត្រសព្វថ្ងៃនេះគ្រាន់តែជាស្តេចដែលរង់ចាំធ្វើតាមតែបញ្ជាលោក ហ៊ុន សែន គ្រប់យ៉ាងប៉ុណ្ណោះ។ លើសពីនេះ ទ្រង់ មិនដែលគិតគូរពីរឿងប្រទេសជាតិណាម្តងឡើយ។ បន្ថែមពីនេះលោកថាព្រះអង្គ គឺសំងំយកសុខសម្រាប់តែអង្គឯង ដូចជាសត្វសេកក្នុងទ្រុងមាស ដែលលោក ហ៊ុន សែន យកថវិកាជាតិទៅចិញ្ចឹម តែគ្មានបានប្រយោជន៍អ្វីសោះឡើយ សម្រាប់ប្រជារាស្ត្រខ្មែរ។

រដ្ឋធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជាត្រង់មាត្រា៧ ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយព្រះអង្គទ្រង់នឹងគង់ជាព្រះប្រមុខរដ្ឋពេញមួយជីវិត។ ជាងនេះទៀត ព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស និងក្រុមអ្នកឃ្លាំមើលសង្គម ចោទសួរថា តើ ការទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្ក របស់លោក សម រង្ស៊ី ជាការសម្បទាននយោបាយជូនលោក ហ៊ុន សែន សម្រាប់ឆ្នាំថ្មី២០២១នេះ ដើម្បីទទួលបានឱកាសសម្រាប់ខ្លួនឯងអាចវិលត្រទ្បប់ចូលឆាកនយោបាយកម្ពុជាវិញ ឬយ៉ាងណា?។

អ្នកវិភាគនយោបាយសង្គម រិះគន់ថា អ្នកនយោបាយដែលមានបំណងចូលរួមកម្ចាត់ព្រះមហាក្សត្រចេញពីព្រះរាជបល្ល័ង គឺស្មើនឹងជួយឲ្យ លោក ហ៊ុន សែន អាចក្តាប់អំណាចបានកាន់តែណែនមួយកម្រឹតថែមទៀត ប្រៀបដូចជួយរំលាយច្បាប់ ២ ភាគ៣ បង្កើតច្បាប់៥០% បូក១ ដូច្នេះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស