អាមេរិកបញ្ជូននាវាចម្បាំងលើកទី២ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្កអោយចិនប្រតិកម្មជាខ្លាំង

ខណៈ ជិតដល់ថ្ងៃចាកចេញពីសេតវិមាន  គេសង្កេតឃើញរដ្ឋការរបស់លោក ដូណាល់ត្រាំ កាន់តែបង្កើន សំពាធទៅលើមហាយក្សចិន ។ ការដាក់សម្ពាធមានទាំងទៅលើ សមុទ្រចិន ខាងត្បូងជាពិសេស គឺច្រកសមុទ្រតៃវ៉ាន់ ដែលប្រទេសចិន កំពុងរៀបចំផែនការដើម្បីវាយកាន់កាប់ដែនកោះមួយ មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីដែនកោះនេះបានបំបែកខ្លួន ដោយាសារសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩ ។

មហាយក្សចិន បានប្រកាសថា តៃវ៉ាន់ គឺជាខេត្តមួយរបស់ក្រុងប៉េកាំង ហើយមិនអាចក្លាយជារដ្ឋឯករាជ្យបានឡើយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែសម្រាប់តៃវ៉ាន់ត្បិតបានរបូតអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ តាំងពីឆ្នាំ១៩៩៧ក៏ដោយ តែដែនដី មានប្រជាជនជាង២៣លាននាក់នេះ មិនបានបណ្ដោយឲ្យមហាយក្សចិន លេបត្របាក់បានឡើយ ក្នុងរយៈពេល៧១ឆ្នាំមកនេះ។

ចិនមិនអាចលេបតៃវ៉ាន់ក្នុងរយៈពេល ៧១ឆ្នាំមកនេះ ទំនងអាចមកពី អាមេរិក នៅពីក្រោយតៃវ៉ាន់ក៏ថាបានដែរ។ អាមេរិក និងតៃវ៉ាន់ មានសន្ធិសញ្ញារួមជាមួយគ្នា គឺសន្ធិសញ្ញា ឆ្នាំ១៩៧៩ ដែលយ៉ាងហោចណាស់ ផ្ដល់ឱកាសអោយអាមេរិក អាចធ្វើអន្តរាគមន៍ខាងកងទ័ពទៅជួយតៃវ៉ាន់ បើតៃវ៉ាន់ត្រូវការកងទ័ពអាមេរិក។

សទ្ធិសញ្ញានេះ ក៏បានផ្ដល់អោយតៃវ៉ាន់ទិញអាវុធពីអាមេរិកទៀតផង ដើម្បីពង្រឹង វិស័យការពារជាតិរបស់តៃវ៉ាន។ កត្តានេះហើយ ដែលមើលទៅដូចជារនាំង ដ៏រឹងមាំមួយធ្វើអោយចិន ពិបាកលេបតៃវ៉ាន់ដោយទុកអោយតៃវ៉ាន់ បំបែកខ្លួនបានរហូតជាង៧០ឆ្នាំមកនេះ។ ជាថ្មីម្ដងទៀត អាមេរិក បានបន្តប្រាប់ទៅចិនថា ច្រកសមុទ្រតៃវ៉ាន់ មិនអាចក្លាយជាកម្មសិទ្ធផ្ដាច់មុខរបស់ចិនបានឡើយ ។

នៅថ្ងៃទី៣១ធ្នូឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំបានសម្រេចបញ្ជូននាវាចម្បាំងចំនួន២គ្រឿង បើកឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលសកម្មភាពនេះគឺជាលើកទី២                   ក្នុងរយៈពេលជិត២សប្ដាហ៍ ដែលកងទ័ពជើងទឹករបស់អាមេរិក បានធ្វើដូចនេះដាក់ទៅលើប្រទេសចិន។

ទីភ្នាក់ងារសារព័ត៌មាន អាមេរិក UPI បានចុះផ្សាយថា មហាយក្សចិន សម្ដែងប្រតិកម្មដាក់អាមេរិកជាខ្លាំង ដោយចាត់ទុកថា សហរដ្ឋអាមេរិក បានបង្ករឿងគ្រប់យ៉ាងមកលើចិន ។ កងនាវាទី៧របស់អាមេរិក ប្រកាសក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា នាវា USS John S. McCain និង USS Curtis Wilbur បានកំពុងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាផ្លូវនាវាចរណ៍អន្តរជាតិ ដែលអាមេរិក មានសិទ្ធិធ្វើបែបនេះ។

តាមសេចក្ដីថ្លែងការណ៍របស់កងនាវាទី៧របស់អាមេរិក គឺអាមេរិក នឹងបញ្ចូនយន្តហោះ ចម្បាំងដើម្បីហោះហើរ លើដែនអាកាសតៃវ៉ាន់ នៅពេលឆាប់ៗនេះ ព្រោះតៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យមួយ ដែលជាដៃគូ របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១៩ធ្នូ រដ្ឋការរបស់លោកដូណាល់ត្រាំបាន បញ្ជូននាវាចម្បាំងមួយគ្រឿង គឺនាវា USS Mustin ដោយបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដូចនឹងនាវាពីរគ្រឿងនេះដែរ ។

ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីនៃខេត្តមួយរបស់ខ្លួន តែងតែបានបង្ហាញ ជំហរប្រឆាំងយ៉ាងខ្លាំងក្លា នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការគាំទ្រចំពោះដែនកោះមួយនេះ ហើយ ប្រតិកម្មទៀតនេះ គឺការអនុម័តលក់សព្វាអាវុធ និងការបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កាន់តែមានភាពអាក្រក់ទៅៗ ជាពិសេស ក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំ។

កងទ័ពជើងទឹកអាមេរិក បញ្ជាក់ថា នាវាចម្បាំងដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហហើយថាអាមេរិក នឹងបន្តការហោះហើរ ការធ្វើនាវាចរណ៍ ប្រតិបត្តិការនៅគ្រប់ទីកន្លែង នៃពិភពលោក គឺស្របនឹងច្បាប់អន្តរជាតិ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.