30 C
Phnom Penh

លោក កឹម សុខា បួងសួងឱ្យឆ្នាំថ្មី នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីជាតិពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយលោក កឹម សុខា បានផ្ញើសារជូនជនរួមជាតិក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២១ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិពិតប្រាកដ។

សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ខែធ្នូនេះ លោក កឹម សុខា  បួងសួងឱ្យ ឆ្នាំថ្មី២០២១ ជាឆ្នាំនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង។

លោកថាបំណងប្រាថ្នាទាំងនេះ ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ ការពារ ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ មាតុភូមិកម្ពុជាប្រកបដោយចីរភាព និងកិត្តិយស។

លោកបន្ថែមថា ឆ្នាំ២០២០នឹងត្រូវបញ្ចប់ថ្ងៃនេះ នាំយកទៅឲ្យផុតរលត់ពីភពផែនដី ជាពិសេស ពីមាតុភូមិកម្ពុជា នូវគ្រោះភ័យ  ជំងឺរាតត្បាត អំពើអកុសល ដែលបណ្តាលឲ្យមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ ជាសេចក្តីទុក្ខទាំងឡាយ ទោះបីបង្កដោយធម្មជាតិក្តី ឬដោយមនុស្សលោកក្តី កុំឲ្យកើតមាននិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត។

លោកកឹម សុខា ក៏បានបួងសួងសូមឱ្យឆ្នាំថ្មី២០២១ សូមកុំធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ ដោយសារមហិច្ឆតារបស់ខ្លួន។ ជាងនេះទៀត ឆ្នាំ២០២១ សូមចែករំលែកសេចក្តីស្រឡាញ់រាប់អាន ដើម្បីសេចក្តីសុខទាំងអស់គ្នា សេចក្តីសុខរបស់អ្នក គ្រួសារអ្នក ប្រទេសជាតិអ្នក និងពិភពលោក។

គិតមកទល់ម៉ោងផ្សាយយប់ថ្ងៃទី៣១ខែធ្នូនេះ ឥស្សរៈជននយោបាយសំខាន់ពីររូប រួមមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី នៅមិនទាន់ឃើញមានការថ្លែងសារឬផ្ញើសារជូនពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំសកល២០២១នៅឡើយទេ។

តែយ៉ាងណាសម្រាប់ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលោក ហេង សំរិន បានផ្ញើលិខិតមួយកាលពីថ្ងៃទី២៩ខែធ្នូ ជូនជនរួមជាតិដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកល។

ក្រៅពីបានអួតសរសើរពីសមិទ្ធផលនៃការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនជាង៣ទសវត្សរ៍នេះ លោក ហេង សំរិន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាក៏ដូចជាពិភពលោកបានជួបវិបត្តិកូវីដ១៩។  ប៉ុន្តែលោកថា រដ្ឋាភិបាល អាជ្ញាធរ និងមន្ត្រីជំនាញបានខិតខំប្រឹងប្រែងទប់ស្កាត់ បញ្ចៀសពីផលប៉ះពាល់ដល់មនុស្សនិងសេដ្ឋកិច្ចបានមួយកម្រិត។

ប្រធានកិត្តិយសបក្សកាន់អំណាចរូបនេះ អះអាងថា ភាពជោគជ័យក្នុងការគ្រប់គ្រង និងការដោះស្រាយវិបត្តិកូវីដ១៩ ដែលកម្ពុជាសម្រេចបានគឺស្តែងចេញពី វប្បធម៌នៃការចែករំលែក ការមិនរើសអើង និងស្មារតីសាមគ្គីជាតិ។ 

ដោយឡែកសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសរសេរលើទំព័រហ្វេសប៊ុកថា នៅក្នុងឱកាសដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០-២០២១ ឆ្នាំសកល គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមជូនពរពលរដ្ឋខ្មែរគ្រប់រូបឱ្យជួបសេចក្តីសុខ និងសុវត្ថិភាពនៅក្នុងដំណើរជិតឆ្ងាយ។

លើសពីនេះសូមឱ្យរឿងមិនល្អដែលកើតមាននៅក្នុងឆ្នាំចាស់រសាត់អណ្តែតចេញទៅឱ្យឆ្ងាយអស់ពីដែនកម្ពុជា និងទទួលបានរឿងល្អដែលនាំឱ្យកម្ពុជាសុខសាន្ត ព្រមទាំងនាំមកនូវភាពសម្បូរសប្បាយដល់គ្រប់ក្រុមគ្រួសារខ្មែរ។

យ៉ាងណាសម្រាប់ពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានបួងសួងសូមឱ្យឆ្នាំ២០២១ កម្ពុជារួចផុតពីជំងឺកាចសាហាវ ពិសេសកូវីដ១៩។ បន្ថែមពីនេះ ពួកគេចង់ឃើញអ្នកនយោបាយខ្មែរងាកមកត្រូវរ៉ូវគ្នាឡើងវិញ ដឹកដៃគ្នាកសាងសង្គមជាតិមួយដែលថ្លៃថ្នូរ ។ បញ្ឈប់អំពើឃោឃៅ ការយាយី សងសឹកគ្នាគ្រប់បែបយ៉ាង និងសូមឱ្យអំពើយុត្តិធម៌កើតឡើងគ្រប់ទីកន្លែង គ្រប់ពលរដ្ឋខ្មែរ មិនមែនយុត្តិធម៌មានតែសម្រាប់ក្រុមអ្នកមានអំណាច និងអ្នកមានប្រាក់ដូចបណ្តាឆ្នាំមុនៗ នោះឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស