29 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា មិនមែនព្រះមហាក្សត្រមិនខ្លាំងនោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាបំផ្លាញព្រះអង្គទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម អះអាងថា ព្រះមហាក្សត្រខ្មែរបច្ចុប្បន្នមិនមែនគ្មានសេចក្តីក្លាហាននោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាកែរដ្ឋធម្មនុញ្ញដូចជាការកែរូបមន្ត ២ភាគ៣ មក៥០% បូក១ ជាដើម ដែលបានទាញរាជកិច្ចរបស់ព្រះអង្គឲ្យឃ្លាតឆ្លាតឆ្ងាយពីព្រះហស្ថរបស់ទ្រង់ មកស្ថិតក្នុងដៃពួកគេអស់ទៅហើយ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានរិះគន់ថា អ្នកដែលលើកឡើងថា ព្រះបាទនរោត្តម សីហមុនី មានសេចក្ដីក្លាហានអន់ជាងព្រះបាទ នរោត្តម សីហនុ នោះ គឺពិតជាមិនត្រឹមត្រូវទេ។ ទោះបីសម្ដេចព្រះ នរោត្តម សីហនុ សកម្មជាងសម្ដេចព្រះនរោត្តម សីហមុនី ក្នុងការតទល់នឹងអំណាចទំនើងចិត្តរបស់លោក ហ៊ុន សែន ក៏ដោយ។

លោកអះអាងថា ក្នុងរជ្ជកាលសម្ដេច នរោត្តម សីហនុ ការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរដ្ឋាភិបាល និងច្បាប់ទាំងអស់ អនុម័តដោយរូបមន្តសម្លេង ២ភាគ៣។ 

រូបមន្ត ២/៣ នេះ គឺត្រូវការសម្លេងចម្រុះគណបក្ស ដូច្នេះ សម្ដេចព្រះនរោត្តម សីហនុ អាចខ្ទាស់គម្រោងការរបស់របស់លោក ហ៊ុន សែន ជាចំហ ដោយទ្រង់បញ្ជាក់ថា ទ្រង់ត្រូវស្ដាប់យោបល់ពីគ្រប់គណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដែលជាតំណាងរបស់ពលរដ្ឋម្ចាស់ប្រទេស។ បញ្ហានេះ លោក ហ៊ុន សែន មានសម្លេងមិនដល់២/៣ មិនអាចសង្កត់សម្ដេចព្រះ នរោត្តម សីហនុ បានទេ។

ដោយឡែក ក្នុងរាជ្យកាល សម្ដេចនរោត្តម សីហមុនី ការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរដ្ឋាភិបាល និងច្បាប់មួយចំនួនទៀតអនុម័តតាមរូបមន្ត៥០%+១។ ដូច្នេះ ទោះបីជាព្រះមហាក្សត្រលើកយកការជំទាស់របស់បក្សផ្សេង ដើម្បីរារាំងគម្រោងការរបស់លោក ហ៊ុន សែន ក៏មិនអាចរារាំងបានដែរ ត្បិតដំណើរគ្រប់យ៉ាងនឹងសម្រេចទៅតាមរូបមន្ត ៥០%+១ ទាំងអស់ ខណៈគណបក្សប្រជាជនកម្ពុជាមានសំលេងលើសពី៥០% បូក១ ទៅហើយនោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានប្រមាថព្រះហាក្សត្រព្រះបាទនរោត្តម សីហមុនី ថាជាស្តេចដែលខ្វល់ខ្វាយតែនឹងរាជបល្ល័ង អង្គុយចាំតែប្រថាប់ត្រាឲ្យ លោក ហ៊ុន សែន បំផ្លាញជាតិតាមអំពើចិត្ត និងធ្វើឲ្យខូចព្រះកិត្តិនាមអតីតព្រះមហាក្សត្រថែមទៀតផង។

ទាក់ទិនបញ្ហានេះ លោក សម រង្ស៊ីបាន បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រសព្វថ្ងៃ គឺជាស្តេចទីងមោង និងជាស្តេចអាយ៉ងរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ។ ជាងនេះទៀត ព្រះអង្គមិនដែលចេញព្រះភ័ក្ត្រ ការពារប្រជារាស្ត្រតូចតាច និងក្រីក្រ ដែលរងគ្រោះដោយសារអំពើអយុត្តិធម៌គ្រប់បែបយ៉ាង ក្រោមរបបផ្តាច់ការដឹកនាំដោយ ហ៊ុន សែន សព្វថ្ងៃនេះជាដើម។

កាលពីឆ្នាំ២០០៦ តំណាងរាស្ត្រពីខាងគណបក្សសមរង្ស៊ី និងតំណាងរាស្ត្រមកពីគណបក្សប្រជាកម្ពុជារបស់លោក ហ៊ុន សែន បានរួមដៃគ្នាយ៉ាងស្អិតរមួត កែប្រែរូបមន្ត ២/៣ មកជា ៥០%+១ ដែលធ្វើឲ្យបក្សកាន់អំណាចមានឥទ្ធិកាន់តែខ្លាំងឡើងៗរហូតដល់សព្វថ្ងៃនេះ។

យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គម ប្រតិកម្មថា  ព្រះមហាក្សត្រគ្មានសិទ្ធិប្រឆាំងនឹងច្បាប់ដែលអនុម័តដោយរដ្ឋសភានោះទេ មានតែគណបក្សដែលមានសម្លេងក្នុងរដ្ឋសភាប៉ុណ្ណោះ ទើបមានសិទ្ធិជំទាស់ និងសម្រេចថា ត្រូវស្នើ ឬកែច្បាប់ណាមួយដែលមិនបម្រើឲ្យផលប្រយោជន៍ជាតិ ឬជាច្បាប់សម្រាប់ចងព្រះមហាក្សត្រ។

ពួកគេ រិះគន់ថា គណបក្សដែលមានសំលេងក្នុងសភាកន្លងមករវល់តែនាំគ្នាកែច្បាប់ដើម្បីចែកអំណាច និងតួនាទីដែលជាផលប្រយោជន៍ផ្ទាល់ខ្លួន និងឆ្លៀតបង្កើនឥទ្ធិពលរៀងៗខ្លួន ដោយមិនបានខ្វល់ពីការពិនិត្យ កែច្បាប់ដើម្បីថ្វាយព្រះរាជសិទ្ធិឲ្យព្រះមហាក្សត្រមានលទ្ធភាពក្នុងការបំពេញរាជកិច្ចឲ្យបានពេញលេញនោះទេ។ ប៉ុន្តែពេលដែលខ្លួនឯងជួបទុក្ខរកច្រកដោះខ្លួនមិនរួច ដោយសារខ្លួនកំសាកផងនោះ ក៏នឹកឃើញបំភ្លៃទម្លាក់កំហុសលើព្រះអង្គទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស