អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅនិរទេស លោក សម រង្ស៊ី បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២១ ឱ្យទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីកម្ចាត់របបផ្តាច់ការបានទាំងស្រុង។
សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ នេះ លោក សម រង្ស៊ី បានបួងសួង និងប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន។
ការផ្លាស់ប្តូរជាវិជ្ជមាននោះ លោកថា គឺ ដូចអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បាន ដោយការគោរពឆន្ទៈរបស់ប្រជារាស្ត្រ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌។ លើសពីនេះ ចង់រស់នៅក្រោមរបបប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ បន្ទាប់ពីកំចាត់របបផ្តាច់ការឲ្យបានជាស្ថាពរ។
របបផ្តាច់ការដែលលោក សម រង្ស៊ី ចង់កម្ចាត់ចោលនោះ គឺរដ្ឋាភិបាលលោកហ៊ុន សែន បច្ចុប្បន្ន ព្រោះអតីតមេបក្សប្រឆាំងរូបនេះតែងបញ្ចេញសារបែបហិង្សា ដោយបញ្ជាក់ម្តងហើយម្តងទៀតថា លោកនឹងដឹកនាំកម្លាំងកម្ចាត់ក្រុមលោកហ៊ុន សែន យកអំណាចជូនពលរដ្ឋជាម្ចាស់ប្រទេសវិញ។
បន្ថែមពីនេះ អំឡុងពេលគម្រោងមាតុភូមិនិវត្តន៍ជាលើកទី១កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី ថែមទាំងប្រកាសគៀងគរកងកម្លាំងប្រដាប់អាវុធឱ្យបែរចុងកាណុងសំដៅទៅរកក្រុមលោកហ៊ុន សែន ហើយឈរនៅជាមួយពលរដ្ឋ ដើម្បីទទួលបានការផ្លាស់ប្តូរជាវិជ្ជមានតាមការចង់បានរបស់លោក។
ក្រោយពេលគម្រោងមាតុភូមិនិវត្តន៍បែបហិង្សាលើកទី១ បរាជ័យ ក្រុមលោកសម រង្ស៊ី ក៏បានប្រកាសពីគម្រោងមាតុភូមិនិវត្តន៍ជាលើកទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមករា ខាងមុខនេះ។ ប៉ុន្តែគម្រោងនេះ មានលក្ខខណ្ឌៈស្រទន់ បែបអហិង្សា ដោយប្រគល់ឱ្យអនុប្រធានគណបក្សសង្រ្គោះជាតិ គឺអ្នកស្រី មូរ សុខហួរ ជាអ្នកដឹកនាំ។ គណបក្សសង្រ្គោះជាតិក្រុមលោក សម រង្ស៊ី បញ្ជាក់ជំហរម្តងនេះថា ចូលមក កម្ពុជា ដើម្បីជំរុញឱ្យមានការផ្សះផ្សាជាតិ និងរកដំណោះស្រាយជាតិ ក្រោយពេលជាប់គាំងអស់រយៈពេលយ៉ាងយូរ។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានច្រានចោលជាថ្មី ចំពោះការស្វះស្វែងរកការចរចានយោបាយពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង។ លោកបញ្ជាក់ក្នុងពេលថ្លែងសារ ពិសេស ស្តីអំពីស្ថានភាពកូវីដ១៩ និងស្ថានការណ៍ថ្មីៗនៅកម្ពុជាពេលនោះថា លោកមិនអាចអត់ឱនឱ្យបានឡើយចំពោះអ្នកដែលចោទប្រកាន់ទៅលើក្រុមគ្រួសាររបស់លោកថា ជាប់ពាក់ព័ន្ធជាមួយនឹងមេដឹកនាំវៀតណាម។
លោកបន្តថា គ្មានការចរចានយោបាយណាមួយត្រូវធ្វើឡើងនោះទេ ដរាបណាពួកគេមិនទាន់ត្រូវបានតុលាការកាត់ទោសនោះ។ លោកថា ការចោទប្រកាន់កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោកជាប្រពន្ធ និងជាកូនរបស់មេដឹកនាំវៀតណាមលោក ឡេ ដឹកថរ គឺជារឿងមួយដែលលោកមិនអាចទទួលយកបាននិងមិនអាចអត់ឱនឱ្យបានឡើយ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា តាមមើលទៅខ្មែរយើងច្រើនណាស់ចង់បានការបង្រួបបង្រួមជាតិ ឯកភាពជាតិ តែការចង់បាននេះមិនទាន់បានសម្រេចនៅឡើយ ទេ។
លោកបន្តថា មនុស្សជាកត្តា អវិជ្ជមាន ឬឧបស័គ្គដែលរារាំង ហើយមនុស្សទាំងនោះប្រហែលជាមិនមានគុណសម្បត្តិ ដែលជួយដល់ការបង្រួបបង្រួមជាតិ និងឯកភាពជាតិនោះទេ។ លោកថា គុណសម្បត្តិស្នូលអ្នកដឹកនាំ ដែលអំណោយផលនោះ គឺ ចិត្តល្អ និងមានចិត្តធម៌ផងដែរ៕