34 C
Phnom Penh

ពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន១២នាក់ ត្រូវបានរកឃើញឆ្លងកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃចំនួន១២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ខែមករាឆ្នាំ២០២១នេះ បានឱ្យដឹងថា  ពលករខ្មែរដែលរកឃើញវិជ្ជមាន កូវីដ១៩ គឺសុទ្ធតែជាស្រ្តីទាំងអស់។

ពលករទាំង១២ នាក់ ក្នុងនោះ មានពលករម្នាក់រស់ឃុំកម្រៀង ស្រុក កម្រៀង និងម្នាក់ទៀត រស់ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។  បច្ចុប្បន្នអ្នកទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រសួងបញ្ជាក់ថា ដោយឡែកពលករខ្មែរ ១០នាក់ទៀត ពួកគេមានទីលំនៅនៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើដំណើរត្រឡប់ពីថៃមកដល់កម្ពុជាជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ អ្នកជំងឺទាំង១០នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងក៏បានរកឃើញពលករខ្មែរចំនួន ២នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩។ ក្រសួងអះអាងថា មកទល់ថ្ងៃនេះ មានពលករខ្មែរចំនួន១៤នាក់ហើយ ត្រូវបានរកឃើញថាឆ្លងកូវីដ១៩ ។

ការរកឃើញករណីឆ្លងជំងឺកូវីដ១៩ លើពលករខ្មែរជាបន្តបន្ទាប់នេះ ក្រោយពេលប្រទេសថៃ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំក្នុងខេត្តសាមុតសាខន និងបណ្តាខេត្ត រាជធានីផ្សេងទៀត ហើយភាគច្រើនកើតឡើងលើពលករបរទេស ពិសេសពលករភូមា។

គិតត្រឹមព្រឹកថ្ងៃទី១ ខែមករា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៨នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៦នាក់។

ក្នុងការថ្លែងសារ ពិសេសបន្ទាន់មួយ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរខេត្ត និងកងកម្លាំងនៅតាមព្រំដែនទាំងអស់ ត្រូវទប់ស្កាត់ការលួចឆ្លងដែនឱ្យបានម៉ត់ចត់ និងមិនត្រូវដឹកពលករខ្មែរដែលមកពីប្រទេសថៃ ទៅធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តផ្សេងៗឡើយ។

លោកក៏បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ ដែលមានមធ្យោបាយដឹកជញ្ជូន ផ្អាកការដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកផ្ទៃក្នុងប្រទេស ដែលធ្លាប់តែដឹកចែករំលែកទៅតាមខេត្តនានា។ ប៉ុន្តែត្រូវធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនល្អជាជាង ដឹកបងប្អូនមកពង្រាយនៅផ្ទៃក្នុងប្រទេស ដែលនាំឱ្យឆ្លងចូលសហគមន៍សារជាថ្មីម្តងទៀត។

លោកបន្ថែមថា តាមការប៉ាន់ស្មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីប្រទេសថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់។ ករណីនេះ លោកបានណែនាំទៅមន្ទីរពេទ្យខេត្តបាត់ដំបង ត្រូវពង្រឹង និងត្រៀមរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស