26 C
Phnom Penh

លោកបណ្ឌិត ឡៅ ម៉ុងហៃថា អ្នកនយោបាយដែលមិនអាចវិលរកកិច្ចចរចាបាន ជាឧបសគ្គនៃការបង្រួបបង្រួមជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម លើកឡើងថា គុណសម្បត្តិស្នូលរបស់អ្នកដឹកនាំដែលអាចស្វែងរកការបង្រួបបង្រួមជាតិបាន គឺជាមនុស្សដែលមាន ចិត្តល្អ និងចិត្តធម៌ តែបើមនុស្សដែលគ្មានចិត្តបែបនេះទេ នោះពួកគេមិនអាចរកការការបង្រួបបង្រួមជាតិ និងឯកភាពជាតិបានឡើយ។ ផ្ទុយទៅវិញពួកគេ គឺឧបស័គ្គយ៉ាងធំ ដល់ការបង្រួបបង្រួមជាតិ និងសាមគ្គីជាតិ ទៅវិញប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មនុស្សដែលមាន ចិត្តធម៌ គឺជាមនុស្សដែលមានចិត្តរក្សា ទ្រទ្រង់ និងលើកស្ទួយ ដែលនឹងអាចមើលឃើញតាមរយៈ កាយវិការ ពាក្យសម្តី  និងទង្វើរបស់ពួកគេ ហើយមនុស្សប្រភេទនេះ គឺអាចចាត់ចូលក្នុងជំពូកមនុស្ស ធម្មិក យ៉ាងពិតប្រាកដ។

លោក បញ្ជាក់ថា អ្នកដឹកនាំដែលមានចិត្តធម៌ គឺជាមនុស្សមិនមានការគំរាមកំហែងអ្នកដទៃនោះទេ ហើយក៏ជាសភាវធម៌ដែលអាចបង្កើតឲ្យមានទំនាក់ទំនងជាវិជ្ជមាន។

លើសពីនេះ អាចសហការរវាងគ្នា និងគ្នា ដែលនឹងធ្វើឲ្យសង្គមមនុស្សចេះសាមគ្គីគ្នា ហើយនឹងនាំឲ្យមានឯកភាពជាតិសម្រាប់សង្គមទាំងមូល ដែលពលរដ្ឋខ្មែទូទាំងប្រទេសទន្ទឹងចង់បាន។

លោក សង្កត់ធ្ងន់ថា មនុស្សដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ គឺអាចបណ្តុះបណ្តាលខ្លួនឯងឲ្យមានចិត្តធម៌បាន ហើយសង្គមទាំងមូលក៏អាចនឹងត្រូវបណ្តុះបណ្តាល ឲ្យក្លាយជាពលរដ្ឋដែលមានចិត្តធម៌។ ជាងនេះទៀត ទ្រព្យសម្បត្តិ និងអំណាចរបស់ពួកគេក៏អាចចាត់ទុកជាអំណាច ធម្មិក ផងដែរ ប្រសិនបើពួកគេប្រើប្រាស់អំណាចទាំងនេះ ដើម្បីរក្សា ទ្រទ្រង់ លើកស្ទួយ ជីវភាពរស់នៅ សុខុមាលភាព និងដើម្បីភាពរីកចម្រើនរបស់ពលរដ្ឋ។

ការអះអាងនេះ ធ្វើឡើងស្របពេល វិបត្តិនយោបាយនៅកម្ពុជាកាន់តែធ្លាក់ផុងជ្រៅទៅៗ ដែលបណ្តាលមកពីអ្នកនយោបាយខ្មែរ ដែលតែងប្រើអំណាច និងឥទ្ធិពលរបស់ពួកគេគម្រាមកំហែងគ្នាទៅវិញទៅមក ដែលធ្វើឲ្យសង្គមកម្ពុជា ទាំងមូលមិនអាចរកសុខសន្តិភាពពិតប្រាកដ និងយូរអង្វែង សម្រាប់ពលរដ្ឋរបស់ខ្លួនបាន។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកនយោបាយជាន់ខ្ពស់ ត្រូវគោរព និងអនុវត្តទៅតាមច្បាប់ជាគោលការណ៍ មិនអាចយកច្បាប់មកបម្រើល្បែងនយោបាយរបស់ខ្លួន និងដើម្បីជាការសងសឹកគ្នាទៅវិញទៅមកនោះទេ។

លោក អះអាងថា ប្រសិនបើអ្នកដឹកនាំនៅតែប្រព្រឹត្តនយោបាយទុច្ចរិត ចង់កេងចំណេញផលប្រយោជន៍បុគ្គល និងដើម្បីបម្រើមហិច្ឆតារបស់ខ្លួន នោះការបង្រួបបង្រួមជាតិដោយភាពស្មោះត្រង់ នឹងមិនអាចកើតមានបានឡើយ។ ជាងនេះទៀត ការបែកបាក់ជាតិរវាងខ្មែរ និងខ្មែរ នឹងកើតមាន ហើយគ្មានថ្ងៃអាចផ្សះផ្សាបានជាដាច់ខាត។

យ៉ាងណាលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសបិទទ្វារចរចារជាមួយបក្សប្រឆាំង ដោយថាលោកគ្មានរឿងអ្វីត្រូវចរចារឡើយ ហើយអ្នកដែលកំពុងប្រឈមនឹងផ្លូវច្បាប់ គឺមិនអាចចរចារដើម្បីបញ្ចប់រឿងបានទេ។

លើសពីនេះ លោកក៏បានព្រមានហើយថា លោកនឹងមិនអាចអត់អោនឱ្យនរណាដែលបានប្រមាថគ្រួសាររបស់លោក ពិសេសរឿងប្រមាថភរិយា និងកូនប្រុសច្បងរបស់លោក គឺ លោកហ៊ុន ម៉ាណែត ថាជាកូនរបស់មេដឹកនាំវៀតណាម ឈ្មោះ ឡេ ដឹកថរ ជាដាច់ខាត។

អ្នកឃ្លាំមើលសង្គម ព្រមានថា សង្គ្រាមប្រដាប់អាវុធ ទំនងជាត្រូវបញ្ចប់ក៏ពិតមែន ប៉ុន្តែសង្រ្គាមថ្មីកំពុងតែកើតឡើងលើពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ ដែលបណ្តាលមកពី ឥស្សរជននយោបាយជាន់ខ្ពស់២ រូប គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលពួកគេព្យាយាមយកឈ្នះចាញ់គ្នាគ្រប់រូបភាពដោយគុំនំផ្ទាល់ខ្លួនរបស់ពួកគេ។

ក្រុមអ្នកសង្កេតការណ៍យល់ឃើញថា លោក ហ៊ុន សែន បានប្រើតុលាការជាឧបករណ៍ដើម្បីយកឈ្នះលើគូរប្រកួតរបស់ខ្លួនតាមរយៈនៃការប្តឹងផ្តល់ ចាប់ខ្លួន និងបំបិទសិទ្ធិអ្នកបញ្ចេញមតិរិះគន់។  ចំណែកលោក សម រង្ស៊ី មានឥទ្ធិពលក្នុងវិស័យនយោបាយតាមរយៈកាគាំទ្ររបស់ពលរដ្ឋ ក៏ព្យាយាមគ្រប់មធ្យោបាយដើម្បីកៀងគរអ្នកគាំទ្រទាំងនោះ ឲ្យចូលរួមជាមួយខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

ខណៈឧបាយកលរបស់ពួកគេរៀងៗខ្លួន មិនបានជួយអ្វីបន្តិចសោះដល់ជាតិ និងពលរដ្ឋខ្មែរ ជាពិសេស ការគោរពសិទ្ធិមនុស្សកាន់តែធ្លាក់ដុនដាបទៅៗ។ ប្រព័ន្ធប្រជាធិបតេយ្យក៏ប្រឈមនឹងការរំលោភពីអ្នកមានអំណាចឥតឈប់ឈរ។ ចំណែកពលរដ្ឋត្រូវរស់នៅក្នុងភាពភ័យខ្លាច ប្រឈមនឹងការចាប់ខ្លួន និងការលាភពណ៌ ជេរប្រមាថជាដើម ពីសំណាក់ក្រុមបក្ខពួករបស់ឥស្សរជននយោបាយទាំង២នេះ។

អ្នកវិភាគនយោបាសង្គម ត្អូញត្អែរថា ល្មមដល់ពេលដែលឥស្សរជនយោបាយទាំងអស់របស់ខ្មែររួមមាន លោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវសហការគ្នា ផ្សះផ្សាផ្ទៃក្នុងជាតិ ដើម្បីសាងសុភមង្គលជូនជាតិមាតុភូមិ និងពលរដ្ឋ របស់ខ្លួន សម្រាប់ឆ្នាំ២០២១ នេះតទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស