30 C
Phnom Penh

ក្រុមគ្រូបង្រៀននៅខេត្តកំពត សំណូមពរ លោក ហង់ជួន ណារ៉ុន ជួយអន្តរាគមន៍បើកប្រាក់ឧបត្ថម្ភប ជូនពួកគាត់ចំនួន២ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងនាយកសាលាទូទៅ និងក្រុមគ្រូបង្រៀននៅតាមសាលាមួយចំនួនក្នុងខេត្តកំពត ដែលសាលាទាំងនោះ បង្រៀនពីរថ្នាក់ ពីរវេន បានអះអាងថា ប្រាក់ខែ ឬប្រាក់ឧបត្ថម្ភបង្រៀនពីរថ្នាក់ ពីរវេន របស់ពួកគាត់ ដែលក្រសួងអប់រំ សន្យាផ្តល់ជូនចំនួន ០៣ខែ ចាប់ពីខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ២០២០នោះ ប៉ុន្តែពួកគាត់ទទួលបានប្រាក់ខែនោះ តែមួយខែប៉ុណ្ណោះ គឺខែវិច្ឆិកា។ ចំណែកប្រាក់ឧបត្ថម្ភ សម្រាប់ខែកញ្ញា និងតុលា មិនទាន់បើកជូនក្រុមគ្រូបង្រៀនពួកគាត់នៅឡើយទេ។

តំណាងនាយកសាលា ក៏ដូចជាក្រុមគ្រូបង្រៀន នៅតាមសាលានានា ក្នុងខេត្តកំពត បានសំណូមពរដល់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សូមជួយពិនិត្យ និងជួយអន្តរាគមន៍បើកប្រាក់ខែ ឬប្រាក់ឧបត្ថម្ភ ជូនគ្រូបង្រៀនពីរថ្នាក់ ពីរវេន ដល់ពួកគាត់ដោយអនុគ្រោះផងចុះ។

យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបំភ្លឺលើកង្វល់ របស់ក្រុមគ្រូបង្រៀនខាងលើបានទេ នៅរសៀលថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០២១នេះ។

លោក ហង់ជួន ណារ៉ុន ធ្លាប់អះអាងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ បានយល់ព្រមជាគោលការណ៍ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនជាប់កិច្ចសន្យារយៈពេល ០៤ខែ គឺចាប់ពីខែកញ្ញា ដល់ខែធ្នូ នៃឆ្នាំសិក្សា២០១៩-២០២០ និងផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនក្របខណ្ឌ ដែលបានផ្តល់សេវាបង្រៀនពិតប្រាកដ និងដល់គ្រឹះស្ថានបមសិក្សាសាធារណៈណា ដែលបានបើកដំណើរការឡើងវិញ ដំណាក់កាលទី២ និងទី៣ នៃឆ្នាំសិក្សា២០១៩-២០២០។

ទោះជាបែបនេះក្តី តំណាងនាយកសាលា និងក្រុមគ្រូបង្រៀនពីរថ្នាក់ ពីរវេន នៅតាមសាលាមួយចំនួននាខេត្តកំពត បានអះអាងថា ចំពោះបើកប្រាក់ខែឬប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនពីរថ្នាក់ ពីរវេន របស់ក្រុមគ្រូបង្រៀននៅតាមខេត្តផ្សេងៗ គឺទទួលបានចំនួន ០៣ខែ គឺខែកញ្ញា តុលា និងខែវិច្ឆិកា រួមមាន៖ ខេត្តតាកែវ ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុជាដើម។ ប៉ុន្តែសម្រាប់ ក្រុមគ្រូបង្រៀននៅខេត្តកំពត បានផ្តល់ជូនតែ ០១ខែទេ គឺខែវិច្ឆិកា រីឯខែកញ្ញា និងខែតុលា មិនទទួលបាននោះទេ។ 

តំណាងនាយកសាលា ក៏ដូចជាក្រុមគ្រូបង្រៀន ពីរថ្នាក់ និងពីរវេន បានសំណូមពរដល់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយពិនិត្យផ្តល់ប្រាក់ខែ ឬប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនពីរថ្នាក់ ពីរវេន ដោយអនុគ្រោះ ត្បិតប្រាក់ខែឬប្រាក់ឧបត្ថម្ភ សម្រាប់ខែកញ្ញា និងខែតុលា ពួកគាត់មិនទាន់ទទួលបាននៅឡើយទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស