34 C
Phnom Penh

ស្រ្តីមេដឹកនាំតៃវ៉ាន ចង់ចរចាជាមួយមេដឹកនាំចិន សម្រាប់ឆ្នាំថ្មី២០២១ តែសុំជាភាគីស្មើភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តៃវ៉ាន់និងចិន គឺជាសាច់ឈាមតែមួយ។ ប្រទេសបងប្អូនទាំង២នេះ បានបែកបាក់គ្នា ដោយសារសង្រ្គាមស៊ីវិលនៅ ឆ្នាំ១៩៤៩។ គិតមដល់ពេលនេះ មានរយៈពេល ៧១ឆ្នាំមកហើយ ដែលមហាយក្សចិនមានប្រជាជនជាង១៤០០នាក់ ពុំមានឱកាសដើម្បី ដណ្ដើម យកដែនកោះតែវ៉ាន់ ដែលមានប្រជាជនជាង២៣លាននាកប៉ុណ្ណោះមកកាន់កាប់ជាខេត្តមួយរបស់ខ្លួនបានឡើយ។

បងប្អូនទាំង២នេះ បានក្លាយជាគូប្រជែងផង និងគូសត្រូវនឹងគ្នាផង។ នៅរយៈពេលចុងក្រោយនេះ ចិនព្យាយាមអូសទាញ តៃវ៉ានអោយមកជ្រកក្រោម ដំបូលនៃបក្សកុម្មុយនិស្តរបស់ខ្លួនតាមរយៈគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងផ្សេងគ្នា តែទៅពុំរួច គឺដូចទឹក និងប្រេងដែលពុំអាចលាយចូលគ្នាបានឡើយ ពីព្រោះក្រុងប៉េកាំង ប្រកាន់នយោបាយដឹកនាំនៃរបបកុម្មុយនិស្ត រីឯកោះតៃវ៉ាន់ ប្រកាន់របបប្រជាធិបតេយ្យពហុបក្ស ដែលការជ្រើសរើសតំណាង ប្រជាជនត្រូវឆ្លងការកាត់ឆន្ទៈរបស់ប្រជាជនគឺ តាមរយៈការបោះឆ្នោត។

ជាមួយនឹងការអូសទាញដោយការទំលាក់គោលនយោបាយ មិនបានសម្រេចនេះ មេដឹកនាំបក្សកុម្មុយនិស្តចិន ក៏បានបង្វែរ មករកមធ្យោបាយដោយការគំរាមកំហែងលើកកងទ័ពរាប់ម៉ឺននាក់ចូលលុកលុយកាន់កាប់ដែនកោះនេះ ។ ក្រុងប៉េកាំង បង្ហាញខ្លាំងណាស់ នូវកម្លាំងទ័ពនិងសព្វាវុធ ទំនើបៗនិង ធន់ធ្ងន់ ដាក់ការគំរាមលើកោះ តៃវ៉ាន់ គឺចង់អោយដែនកោះមួយនេះ ឆាប់ប្រគល់ការគ្រប់គ្រងមកអោយក្រុងប៉េកាំង តែនៅទៅពុំរួច បើទោះជាតៃវ៉ាន់ ជាកូនកោះតូចមួយមែន តែមិនដែលទម្លាក់ភាពក្លាហានដើម្បីសុំសន្តិភាពពី ចិនម្ដងណាឡើយ។

ទាំងនេះ ក៏ដោយសារមេដឹកនាំរបស់តៃវ៉ាន់ មិនចុះញមនឹងចិនឡើយ។ មេដឹកនាំ ម្នាក់នេះ គឺអ្នកស្រីសាយអ៊ឹងវិន ជាប្រធានាធិបតីតៃវ៉ាន់ ដែលគ្រប់គ្រងដែនកោះមួយនេះ ប្រាំឆ្នាំមកហើយ។ ស្ត្រីបេះដូងដែកថែបនេះ ពុំដែលលើកដៃសុំសន្តិភាពម្ដងណាឡើយពីមេដឹកនាំចិន ។ កាលពីយប់ថ្ងៃទី៣១ធ្នូ ដែលជាពេលវេលាមួយដើម្បីផ្លាស់ប្ដូរឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី នៃឆ្នាំ២០២១  អ្នកស្រីអឹងវិន បានផ្ញើសារទៅកាន់មេដឹកនាំចិន លោកស៊ីជីនពីង ដោយសម្ដែងក្ដីសង្ឃឹមថា ឆ្នាំ២០២១ គឺជាឆ្នាំដែល ចិននិងតៃវ៉ាន់ ត្រូវរកមធ្យោបាយល្អៗជាមួយគ្នា ដោយកាត់បន្ថយអោយបាននូវភាពតានតឹង បានកើតមានឡើងមួយឆ្នាំមកនេះ។ ដោយថ្លែងដូចនេះ អ្នកស្រី អឹងវិន បានស្នើបើកការចរចាជាមួយមេដឹកនាំចិន តែអ្នកស្រីដាក់លក្ខខណ្ឌថាការចរចារ ណាទាំងអស់ ត្រូវធ្វើឡើងដោយភាគី ស្មើភាព គឺគ្មានប្រទេសធំ ឬ ប្រទេសតូចឡើយ។

បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា អ្នកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានហៅការចរចារវាងទាំង២នេះ គឺមានន័យខ្លាំងណាស់បើជំនួបអាចកើតមាន។

ថ្លែងចេញពីវិមានប្រធានាធិបតី អ្នកស្រីសាយអឹងវិនបាននិយាយថាមួយឆ្នាំកន្លងមកនេះសកម្មភាពរបស់កងទ័ពចិនបានកើតមាននៅក្បែរដែនកោះតៃវ៉ាន់ហើយជាការគម្រាមយ៉ាងពិតប្រាកដមកលើសន្ដិភាពនៃច្រកសមុទ្រតៃវ៉ាន់។

មិនតែប៉ុណ្ណោះអ្នកស្រីបញ្ជាក់ថា ចិនគម្រាមកំហែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៀតផង។ អ្នកស្រីរំលឹកថាទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់នឹងមិនល្អប្រសើរទេពេលនេះគឺវាផុយស្រួយខ្លាំងណាស់។ ប៉ុន្តែតៃវ៉ាន់មិនចង់បង្កើនការប្រឈមមុខនោះទេ។ ដរាបណាអាជ្ញាធរប៉េកាំងនៅតែប្រកាន់ជំហរធ្វើឱ្យប្រសើរនូវទំនាក់ទំនងចិន និងតៃវ៉ាន់ គឺជាភាពរឹងមាំមួយរួចទៅហើយនៃទំនាក់ទំនងទ្វេភាគី។

ក្នុងន័យនេះហើយដែល តៃវ៉ាន់បង្ហាញឆន្ទៈចង់ឱ្យមានការចរចាហើយការចរចានេះមានន័យសំខាន់ណាស់។ ប៉ុន្ដែការចរចាអាចដំណើរការទៅបានគឺត្រូវតែឈរលើគោលការណ៍ភាគីផ្សេងពីគ្នានិងស្មើភាព។

ជាមួយការផ្ញើសារសម្រាប់ឆ្នាំថ្មីទៅមេដឹកនាំចិន  អ្នកស្រី សាយអ៊ឹងវិន ក៏បានផ្ញើសារទៅជូនមេដឹកនាំ ប្រទេសជាច្រើននៅជុំវិញពិភពលោក គឺសាររបស់អ្នកស្រីបានបួងសួងឲ្យប្រទេសទាំងឡាយលើលោក សមប្រក និយជោគជ័យក្នុងយកឈ្នះអោយបាននូវជំងឺកូវិដ១៩ ។ ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់រូបនេះ មិនបានភ្លេចឡើយ ការសំដែងនូវការអរគុណដល់ សហគមន៍អន្តរជាតិ និងមេដឹកនាំ ដែលនៅតែបន្តគាំទ្រ               តៃវ៉ាន់ ថាជារដ្ឋមួយដែលមានអធិបតេយ្យ និង ប្រជាធិបតេយ្យ ។

តៃវ៉ាន់ គឺជាដែនកោះតូចមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីខាង កើត។ តែដែនដីនេះគឺជាមហាមិត្តរបស់សហរដ្ឋអាមេរិកដែលតែងតែជួយការពារតៃវ៉ាន់ហើយប្រឆាំងការគម្រាមកំហែងពីសំណាក់ប្រទេសចិន។ ជាថ្មីម្ដងទៀតសហរដ្ឋអាមេរិកក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំគឺមួយឆ្នាំចុងក្រោយនេះ បានបញ្ចូននាវាចម្បាំងឱ្យបើកឆ្លងកាត់ដែនទឹកកោះតៃវ៉ាន់យ៉ាងតិចចំនួន១៣លើកដើម្បីប្រាប់ចិនថាច្រកសមុទ្រតៃវ៉ាន់គឺពុំអាចក្លាយជាកម្មសិទ្ធិរបស់ចិនបានឡើយ។

តៃវ៉ាន់និងសហរដ្ឋអាមេរិកមានសន្ធិសញ្ញារួមគ្នាមួយ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ។ សន្ធិសញ្ញានេះ បើកផ្លូវអោយអាមេរិក អាចជួយគាំទ្រតៃវ៉ាន់ទាំងការលក់អាវុធនិងអន្តរាគមន៍ផ្នែកកងទ័ពបើក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាកិច្ចការបន្ទាន់និងចាំបាច់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស