31 C
Phnom Penh

យោធាពាក់ផ្កាយ១ ម្នាក់ ដកកំភ្លើងខ្លី វាយសន្តិសុខម្នាក់ឲ្យសន្លប់ ដោយសារករណីបាត់ស្បែកជើងមួយគូឈាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការការពារសិទ្ធិមនុស្សមួយចំនួន កំពុងតាមឃ្លាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកណ្តាល ទៅលើករណីមន្ត្រីយោធាពាក់ផ្កាយ០១ម្នាក់ ដែលបានដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ រួចវាយក្បាលសន្តិសុខម្នាក់ បណ្តាលឲ្យបើកក្បាលដួលសន្លប់ក្នុងថ្លុកឈាមយ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចនគបាលស្រុកអង្គស្នួល ឲ្យដឹងថា ហេតុការខាងលើនេះ កើតឡើងនៅមុខមន្ទីរសម្រាកព្យាបាល ផុន សុខម៉េង ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង១២ និង២២នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។

សមត្ថកិច្ច ឲ្យដឹងបន្តថា ជនដៃដល់ក្នុងសំណុំរឿងប្រើហិង្សានេះ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា បំរើការងារនៅតុលាការយោធា ចំណុះក្រសួងការពារជាតិ។ ចំណែក ជនរងគ្រោះឈ្មោះ ច្រឹកស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន Seven Stars។

ទាក់ទិនបញ្ហានេះ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានឲ្យដឹងថា ដើមចម ដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកក្បាលដួលសន្លប់ ក្នុងថ្លុកឈាមខាងលើនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូ របស់ជនបង្ក ហើយជនបង្ក បានហៅប្រធានសន្ដិសុខ មកដោះស្រាយ ប៉ុន្តែត្រូវប្រធានសន្តិសុខ ពន្យាពេលមិនព្រមមកជួប ទើបឈានដល់ជនបង្ក ខឹងសម្បារ និងបានដកកាំភ្លើងវាយក្បាលកងសន្តិសុខឯកជនម្នាក់បែកក្បាលដួលសន្លប់ក្នុងថ្លុកឈាមតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

ចំណែក ក្រុមគ្រួសារសន្តិសុខរងគ្រោះក្នុងសំណុំរឿងហិង្សានេះ បានសំណូមពរដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ដល់គ្រួសារ របស់គាត់ដោយអនុគ្រោះ។

យ៉ាងនេះក្តី ក្រុមមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស កំពុងតាមដាន លើករណីជនល្មើសឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា បំរើការងារនៅតុលាការយោធា ដែលបានដកកាំភ្លើងបញ្ចូលគ្រាប់ រួចវាយក្បាលកងសន្តិសុខម្នាក់ បែកក្បាលដួលសន្លប់ក្នុងថ្លុកឈាមខាងលើនេះ ដោយយកចិត្តទុកដាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស