27 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា ព្រឹត្តការណ៍មាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ គឺជារឿងដែលមិនអាចទៅរួច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម រិះគន់ថា ព្រឹត្តការណ៍មាតុភូមិនិវត្តន៍របស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជារឿងច្រំដែល និងសាំ មិនគួរឲ្យយកចិត្តទុកដាក់ទៀតទេសម្រាប់ឆាកនយោបាយនៅកម្ពុជា។

អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី អះអាងថា ការពន្យាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាការបង្ហាញឲ្យឃើញពីរបៀបធ្វើការដែលគ្មានផែនការច្បាស់លាស់ ក៏ដូចជា ការបញ្ជាក់ភាពកំសោយរបស់ខ្លួនដែលមិនអាចអនុវត្តតាមការសន្យារបស់ពួកគេចំពោះអ្នកគាំទ្រនោះ។

លោកបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានសញ្ញាជាវិជ្ជាមានណាមួយបង្ហាញថា ឥស្សរជននយោបាយធំៗទាំងនោះបានដកថយដើម្បីវិលរកការចរចានៅឡើយទេ ប៉ុន្តែបែរជា រឹតតែបន្ថែមកំដៅនយោបាយ ឲ្យកាន់តែក្តៅខ្លាំងឡើងៗទៅវិញ ខណៈវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចរបស់កម្ពុជា កំពុងជះឥទ្ធិពលយ៉ាងអាក្រក់ដល់ជីវភាពរបស់ពលរដ្ឋទូទាំងប្រទេសយ៉ាងធ្ងន់ធ្ងរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ អះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សប្រឆាំង លោកស្រី មួរ សុខហួរ នឹងលើកទៅពេលក្រោយវិញ បន្ទាប់ពីក្រុមអាកាសចរ Eva Airway បានផ្អាកការហោះហើររបស់ខ្លួននោះ។

គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ដោយអះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ នឹងលើកទៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វិញ ត្បិតក្រុមហ៊ុនអាកាសចរ EVA Airway ដែលលោកស្រីបានកក់សំបុត្រនោះបានផ្អាកការហោះហើររបស់ខ្លួនភ្លាមៗ ខណៈមូលហេតុនៃការផ្អាកហោះហើរនេះ លោកស្រី មិនទាន់បានបញ្ជាក់នៅឡើយទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា អ្នកស្រីនឹងបន្តដំណើរតាមក្រុមហ៊ុនអាកាសចរ Singapore Airlines ជុំនួសវិញ ដែលនឹងចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប៉ុន្តែ ពួកគេបានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ អ្នកស្រីនឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ វេលាម៉ោង ៥ និង៣៥នាទីល្ងាច តាមជើងហោះហើយលេខ SQ5008 យ៉ាងពិតប្រាកដ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានប្រតិកម្មក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពីការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆិកា ថា លោកនឹងមិនចរចាជាមួយអ្នកនយោបាយណាទេ ត្បិតលោកមិនមានជម្លោះជាមួយអ្នកទាំងនោះឡើយ តែផ្ទុយទៅវិញអ្នកទាំងនោះមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ។

ទាក់ទិនបញ្ហានេះ ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារ៉ុម បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អ្នកនយោបាយអាចមាន លេស ឬសេរីភាពក្នុងការសម្រេចចិត្តទៅតាមផែនការអ្វីមួយដើម្បីសម្រេចគោលដៅរបស់ពួកគេ។

លោក បញ្ជាក់ថា អ្វីៗទាំងអស់គឺស្ថិតលើពលរដ្ឋដែលជាម្ចាស់ ប្រទេស ប៉ុណ្ណោះ ពីព្រោះថានៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមិនមែនជាអ្នកដើរតាមអ្នកនយោបាយនោះទេ តែពួកគេជាអ្នកតាមដាន អង្កេតលើអ្នកដឹកនាំទាំងនោះ និងសម្រេចចិត្តគាំទ្រ ឬមិនគាំទ្រតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។

មកទល់នឹងពេលនេះ សារព័ត៌មាន The Cambodia Daily មិនទានអាចទាក់ទង អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ ដើម្បីបំភ្លឺបន្ថែមពីការពន្យាពេលមាតុភូមិនិវត្តន៍នេះបាននៅឡើយទេ។

ក្រុមអ្នកវិភាគនយោបាយសង្គម លើកឡើងថា អ្នកនយោបាយគួរតែជជែកគ្នាដោយស្មោះត្រង់ និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក្នុងនាមជាខ្មែរអ្នកស្នេហាជាតិ និងជាអ្នកគិតគូរផលប្រយោជន៍ជាតិដូចគ្នា ដើម្បីរកការឯកភាពជាតិពិតប្រាកដ ត្បិតវាសនានៃ អធិបតេយ្យជាតិ និងបូរណភាពទឹកដី របស់កម្ពុជា កំពុងត្រូវការពួកគេជួយស្រោចស្រង់យ៉ាងខ្លាំង និងជាបន្ទាន់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស