38 C
Phnom Penh

រដ្ឋាភិបាលកម្ពុជាសម្រេចសង់ព្រលានយន្តហោះនៅខេត្តមណ្ឌល គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជាសម្រេចសង់អាកាសយានដ្ឋានឬព្រលានយន្តហោះខ្នាតតំបន់មួយនៅខេត្តមណ្ឌលគិរី ខណៈវិវាទដីធ្លីនៅក្នុងខេត្តនេះ មិនទាន់បានដោះស្រាយចប់។

នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូនព័ន្ធ មុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា, រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល  និងអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង។ 

លិខិតដដែលបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុន Powerchina International Group ជាអ្នកសាងសង់ ហើយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធី ដែលបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន ប្រកាសសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរី ក្នុងបុព្វហេតុប្រែក្លាយតំបន់ភូមិភាគឥសាន្ត របស់ខ្មែរឲ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដ៏សំខាន់ ព្រោះតំបន់នេះ នឹងអភិវឌ្ឍន៍ទៅជាកន្លែងកសិឧស្សាហកម្មកសិទេសចរណ៍ និងផ្នែកសេដ្ឋកិច្ចដទៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០  ថ្លែងថា អ្នកធំៗបាននាំគ្នាសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ខណៈសំណុំរឿងដីធ្លីនៅក្នុងខេត្តនេះមិនទាន់បានដោះស្រាយចប់នៅឡើយ។ លោក ស ខេង ថា កន្លងមក មានអ្នកធំមួយចំនួនបានយកឈ្មោះលោកទៅប្រើប្រាស់ ដើម្បីទទួលបានដីនៅខេត្តមណ្ឌលគិរី។

លោកមានប្រសាសន៍ពេលនោះថា ក្រុមលោកធំៗនាំគ្នាសម្រុកទៅកាន់កាប់ដីតំបន់ភាគឦសាន្តមួយនេះ បានធ្វើឱ្យវិវាទដីធ្លីកាន់តែស្មុគ្រស្មាញពិបាកដោះស្រាយ។

ពាក់ព័ន្ធបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែកក្កដា ឆ្នាំ២០២០ បានបញ្ជាទៅ ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថានចុះវាស់វែងកំណត់ដីរដ្ឋនិងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។

ក្រៅពីឱ្យចុះវាស់វែងលោក ហ៊ុន សែន ក៏ព្រមានចាត់វិធានការច្បាប់ចំពោះមន្ត្រីទាំងឡាយណាដែលឆ្លៀតកេងចំណេញពីការបែងចែកដីធ្លីជូនពលរដ្ឋផងដែរ។

 បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា មូលហេតុក្រុមការងារអន្តរក្រសួងចុះវាស់វែងកំណត់ដីរដ្ឋនៅខេត្តមណ្ឌលគិរីមុនគេ ដោយសារខេត្តនេះផ្ទុះឡើងនូវជម្លោះដីធ្លី ពិសេសការរំលោភបំពានដីរបស់រដ្ឋកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជនកាន់តែច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស