30.1 C
Phnom Penh

មេដឹកនាំកំពូលភូមាអំពាវនាវអោយមានរដ្ឋធម្មនុញ្ញថ្មីសំដៅបង្កើតសហភាពសហព័ន្ធប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ទាំងប្រធានក្រុមប្រឹក្សា និងប្រធានាធិបតីដែលមានឋានៈខ្ពស់បំផុតនៃសហព័ន្ធមីយ៉ាន់ម៉ា បាន លើកឡើងអំពីការបង្កើត «សហភាពសហព័ន្ធប្រជាធិបតេយ្យ» សម្រាប់ថ្ងៃអនាគតប៉ុន្តែស្ថិតនៅក្រោម រដ្ឋធម្មនុញ្ញដោយសុំទុកចោលរដ្ឋធម្មនុញ្ញឆ្នាំ២០១១ ដែលរៀងរាងឡើងដោយអតីតរបបយោធា។

ប្រទេសភូមាបច្ចុប្បន្នត្រូវបានហៅជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ។ ប្រទេសនេះធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ពួកយោធា ពីឆ្នាំ១៩៦២ដល់ឆ្នាំ២០១១ ។ រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១១ គឺជាការធ្វើវិសោធនកម្ម ថ្មីក្នុងអន្តរកាលមុនការបិទបញ្ចប់របបសឹក។

នៅក្នុងទិវា បុណ្យឯករាជ្យជាតិភូមា ពីអាណានិគមន៍អង់គ្លេស ប្រធានាធិបតី ភូមា U Win Myint បានអំពាវនាវឱ្យបង្កើត រដ្ឋធម្មនុញ្ញថ្មីមួយ ដែលលោកថាជាគ្រឹះនៃការបង្កើតសហភាពសហព័ន្ធប្រជាធិបតេយ្យនាពេលអនាគតហើយ ស្របតាមគោលការណ៍ និងបទដ្ឋានប្រជាធិបតេយ្យសាកល។

សារព័ត៌មាន Myanmar Times បានចុះផ្សាយថា នៅក្នុងឱកាសអបអរសាទរខួប លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិលោក U Win Myint បានថ្លែងដោយកត់សម្គាល់ ពីភាពចាំបាច់ដែលទទូចថាជនជាតិទាំងអស់ នៅក្នុងប្រទេសភូមា ត្រូវចេះជួយគ្នាទៅវិញទៅមក ក្នុងការយោគយល់គ្នា, ពិភាក្សា និងចរចាសំដៅ បង្កើត សហភាពសហព័ន្ធប្រជាធិបតេយ្យមីយ៉ាន់ម៉ា។

ប្រធានាធិបតីរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលសហព័ន្ធ កំពុងខិតខំប្រឹងប្រែងបង្កើត សហភាពសហព័ន្ធប្រជាធិបតេយ្យមួយ ដែលជាសេចក្តីប្រាថ្នាសម្រាប់ជនជាតិភាគតិចទាំងអស់ ក្នុងគោលបំណងដើម្បីបញ្ចប់នូវ ជម្លោះប្រដាប់អាវុធផ្ទៃក្នុង និងឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែង។

ស្របពេលនេះ ដែរ អ្នកស្រីអ៊ុងសានសូជី  មេដឹកនាំតាមព្រឹត្តន័យ ក៏បានអំពាវនាវដូចគ្នាទៅនឹង លោកប្រធានាធិបតី U Win Myint ផងដែរ។ ប៉ុន្តែអ្នកស្រីរិះគន់ រដ្ឋធម្មនុញ្ញ ដែលសមាជិកសភា យោធាភូមារៀបរាងឡើង។ អ្នកស្រីថា រដ្ឋធម្មនុញ្ញសព្វថ្ងៃនេះ មានរឿងចម្រូងចម្រាស់ជាច្រើន បង្កអោយ មានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធនិងបង្កភាពតានតឹងនឹងជាតិសាសន៍ នៃជនជាតិដើម។

ស្ត្រីម្នាក់នេះ គឺជាអតីតអ្នកទោស នយោបាយ ដែលពួកយោធា ចាប់ឃុំខ្លួនក្នុងផ្ទុះជិត២០ឆ្នាំ។ តែស្ត្រីជើងខ្លាំងរូប នេះនៅតែបញ្ចេញសំឡេងតាមឧឃោសនៈស័ព្ទ ហើយឡើងស្រែកនៅជាប់របងភូមិគ្រឹះរបស់អ្នកស្រីទៅកាន់ អ្នកគាំទ្ររបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់អ្នកស្រី ដែលតែងតែមកស្ដាប់អ្នកស្រីថ្លែងសារនយោបាយមួយសប្ដាហ៍ម្ដងអំពីការរស់នៅក្នុងការគ្រប់គ្រងរបស់ពួកយោធា។

អ្នកស្រី ថ្លែងថា  រដ្ឋធម្មនុញ្ញឆ្នាំ២០១១ មិនមានមូលដ្ឋានគ្រឹះច្រើនទេ អំពីការលើកស្ទួយ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស  សិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច ។

តាមអ្នកស្រី បើភូមា មានរដ្ឋធម្មនុញ្ញថ្មី គឺរដ្ឋធម្មនុញ្ញនោះ ត្រូវតែបម្រើផលប្រយោធា ទាំងអស់ ទោះជាបក្ស ឬក្រុមនោះ មាននិន្នាការផ្សេងៗគ្នាក៏ដោយ។ បែបនេះក្ដី ពុំទាន់ ឃើញប្រតិកម្មពីក្រុមអតីតឧត្តមសេនីយ៍ និងបក្សប្រឆាំងដែលពួកយោធានៅពីក្រោយនោះទេ។

រដ្ឋធម្មនុញ្ញបច្ចប្បន្ន បានផ្ដល់អំណាចអោយពួកយោធា ដល់ទៅ២៥ភាគរយនៃអាសនៈសភា ៦០០ ដែលករណីនេះនាំអោយ បក្សកាន់អំណាចរបស់អ្នស្រីសូជីពិបាកក្នុងការបង្កើតរដ្ឋធម្មនុញ្ញថ្មី ។

រដ្ឋធម្មនុញ្ញនេះ នៅតែផ្ដល់អំណាចច្រើន ទៅអោយពួកយោធា ក្នុងការគ្រប់គ្រងក្រសួងសំខាន់ជំនួន២គឺ ក្រសួងការពារជាតិ និង ក្រសួងសន្តិសុខជាតិ។

ជាមួយគ្នានេះទៀត នៅមុនការបោះឆ្នោត ឆ្នាំ២០១៥ សមាជិកសភា របស់ពួកយោធា បានសម្រេចបង្កើតមាត្រាថ្មីថែមទៀត ក្នុងនោះការហាមមេដឹកនាំណា ដែលមានឈាមជ័រជាមួយបរទេស ឬសែស្រឡាយកាត់បរទេស គឺមិនឲ្យក្លាយជាប្រធានាធិបតីភូមាឡើយ។ មាត្រានេះហើយដែល រាំងខ្ទប់ អ្នកស្រីសូជី មិនអោយក្លាយជាប្រធានាធិបតីបានឡើយ ព្រោះអ្នកស្រី មានស្វាមី ជនជាតិអង់គ្លេស។

នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២០ ទោះបីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់អ្នកស្រីបានបន្តឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ តែអ្នកស្រីនៅតែពុំមានឱកាស បានកាន់តំណែងប្រធានាធិបតីបានឡើយ។ អ្នកស្រី មានតួនាទី ជាប្រធានក្រុមប្រឹក្សាឋានៈស្មើប្រធានាធិបតីពិតមែន តែមិនមែនជាប្រធានអង្គនីតិប្រតិបត្តិដែលគ្រប់គ្របអំណាចរដ្ឋគ្រប់ស្ថាប័ន គ្រប់តំបន់ដូចប្រធានាធិបតីឡើយ។ គេហៅអ្នកស្រីសូជីម្យ៉ាងទៀតថា ជាមេដឹកនាំភូមាតាមព្រឹត្តន័យ ឬតាមកាលៈទេសៈ ជាក់ស្ដែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស