28 C
Phnom Penh

អ្នកឃ្លាំមើលនិយាយថា បរទេសបន្តមហិច្ឆតាលេបទឹកដីកម្ពុជា ខណៈវៀតណាមព្យាយាមដាស់តឿនរដ្ឋាភិបាលខ្មែរឲ្យដឹងគុណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម អះអាងថា ឆ្នាំ១៩៧៨ គឺជាឆ្នាំដែលរដ្ឋាភិបាលវៀតណាម បានលើកទ័ពចូលមកប្រទេសខ្មែរដើម្បីជួយផ្តូលរំលំរបបខ្មែរក្រហម ដែលបានបង្កប់មហិច្ឆតា មិនខុសពី អធិរាជ មិញម៉ាង របស់ខ្លួននោះទេ  គឺព្យាយាមបន្តផែនការយកកម្ពុជាធ្វើជាប្រទេសចំណុះរបស់ខ្លួន។

អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា វៀតណាមស្គាល់ខ្មែរជាងខ្មែរស្គាល់ខ្លួនឯងទៅទៀត។ លោកថាពួកគេស្គាល់ខ្មែរ ទាំងចរិត មាយាទជនជាតិខ្មែរ តាំងពីស្តេចរហូតដល់ ពលរដ្ឋថ្នាក់ទាបបំផុត។ លើសពីនេះ ពួកគេ ក៏ស្គាល់យ៉ាងច្បាស់ អំពីវប្បធម៌ខ្មែរ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់កម្ពុជាថែមទៀតផង។

លោកបញ្ជាក់ថា បញ្ហានេះ បានជួយឲ្យវៀតណាមអាចយកចំណេញ និងប្រើប្រាស់ខ្មែរដើម្បីបម្រើផលប្រយោជន៍របស់ពួកគេបានយ៉ាងច្រើនបំផុត ទោះជា ស្ថិតក្នុងកាល:ទេស:អាក្រក់ រវាងខ្មែរ និងពួកគេយ៉ាងណាក៏ដោយ ។

ការអះអាងនេះធ្វើឡើង ស្របពេលដែលកម្ពុជាគ្រោងនឹងរៀបចំខួបលើកទី៤២ នៃការផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខាងមុខ។

មុនថ្ងៃខួបជ័យជម្នះលើក្រុមខ្មែរក្រហមមកដល់ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបានបង្ហាញពីចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អ ក្នុងការបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណា មកន្លងមក។

ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា អះអាងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃការចុះហត្ថលេខាលើឯកសារស្របច្បាប់ចំនួន២ ដែលទទួលស្គាល់សមិទ្ធិផល ៨៤% នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។

វៀតណាមសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពន្លឿន និងបំពេញនីតិវិធីចាំបាច់សម្រាប់ឯកសារទាំងពីរខាងលើដើម្បីឲ្យចូលជាធរមានក្នុងពេលឆាប់ៗនេះ។ 

ជាងនេះទៀត ត្រូវបន្តចរចាដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ មិនទាន់បានបោះបង្គោលទាំងនោះ ឲ្យបានឆាប់ចប់ ដើម្បីកសាងព្រំដែន កម្ពុជា-វៀតណាម ឲ្យប្រែក្លាយជាព្រំដែនប្រកបដោយសន្តិភាព។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន យល់ព្រមនឹងសំណើរ រដ្ឋាភិបាលវៀតណាម ថានឹងពន្លឿន នីតិវិធីដើម្បីផ្លាស់ប្តូរលិខិតូបករណ៍ លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន ស៊ុនហ្វុក បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរផែនទី ឋានលេខា ព្រំដែនរវាងកម្ពុជា-វៀតណាមជាកិច្ចការចំបាច់បំផុត និងត្រូវធ្វើជាបន្ទាន់។

ទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់ភាគីវៀតណាម គឺជាការដាស់តឿនមេដឹកនាំកម្ពុជា និងពលរដ្ឋខ្មែរឲ្យបន្តដឹងគុណ ពួកគេតែប៉ុណ្ណោះ។ បន្ថែមពីនេះ លោកថា វាជាសញ្ញាប្រាប់កុំឲ្យលោក ហ៊ុន សែន មានចិត្តចង់ងាករេចេញពីរដ្ឋាភិបាលក្រោមការបង្គាប់របស់ពួកគេផងដែរ។

លោក អះអាងថា ប្រសិនបើលោក ហ៊ុន សែន មានបំណងបញ្ចប់នយោបាយឈ្លានពាននេះ លោកត្រូវធ្វើមោឃៈភាពជាផ្លូវការ នូវច្បាប់នានា សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារមិនស្របច្បាប់ទាំងឡាយណា ដែលលោកបានចុះហត្ថលេខា ឯកភាពជាមួយរដ្ឋាភិបាលវៀតណាម អំពីបូរណភាពទឹកដី ដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាបន្ទាន់។

ជាងនេះទៀត លោក ហ៊ុន សែន ត្រូវប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ ដើម្បីឲ្យពួកគេជួយរកយុត្តិធម៌ក្នុងការរំលោភបំពាននេះ នោះទើបអាចរក្សាឯករាជរបស់កម្ពុជាពីប្រវៀតណាមបានពិតប្រាកដ។ ប៉ុន្តែមិនត្រូវពឹងមហាអំណាចកុម្មុយនិសចិន ឲ្យជួយរកអធិបតេយ្យភាពឲ្យកម្ពុជាឡើយ ព្រោះថា វិធីបែបនេះ គឺជាយុទ្ធសាស្ត្ររត់ចោលមា្ចស់ចាស់ ទៅរកម្ចាស់ថ្មីតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស