សង្គមស៊ីវិល គាំទ្រការសម្រេចលុបចោល ឬនិរាករណ៍លិខិតអនុញ្ញាតឱ្យមានការកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោក ឱ្យទៅរដ្ឋ និងឯកជន ក្រោមស្លាកអភិវឌ្ឍន៍មួយចំនួន គឺជារឿងត្រឹមត្រូវ ព្រោះបឹងធម្មជាតិ នេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ការសាទរនេះធ្វើឡើង បន្ទាប់ពីទីស្ដីគណៈរដ្ឋមន្ដ្រីបានចេញសេចក្តីជូនដំណឹង ឬ ស.ជ.ណ. កាលពីថ្ងៃទី៤ ខែមករា សម្រេចនិរាករណ៍លិខិតលេខ ៧៩០ ស.ជ.ណ.មឃ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
លើសពីនេះ ទីស្ដីគណៈរដ្ឋមន្ដ្រី ក៏សម្រេចនិរាករណ៍សំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារ ទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ ១៥.៣៣ ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ។
លិខិតដដែលក៏បាននិរាករណ៍សំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្ដរាយ, អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនអង្គភាពទាំង៣វិញផងដែរ។
នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព សរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី៥ ខែមករា ថា ការនិរាករណ៍សេចក្តីសម្រេចដែលយកបឹងសម្បត្តិសាធារណៈរបស់រដ្ឋទៅឲ្យវិស័យឯកជន ជាជំហានត្រឹមត្រូវ។ អ្នកស្រីថា ករណីនេះមិនគួរកើតឡើង ពីដំបូងមកម្លេះ ព្រោះរដ្ឋាភិបាលជាអ្នកធានាថា ផ្ទៃបឹងនេះគួរជាសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនអាចលុបបានទេ ព្រោះនឹងមានគ្រោះថ្នាក់។
អ្នកស្រីបន្តថា រដ្ឋាភិបាលគួរពិនិត្យបន្ថែមទៀតលើការធ្វើអនុប្បយោគនិងការផ្ទេរកម្មសិទ្ធិដទៃទៀតក្នុងតំបន់បឹងតាមោកនេះផងដែរ។
អ្នកស្រីបន្តថា ទាំងស្ថាប័នរដ្ឋ និងឯកជនដែលទទួលបានផលប្រយោជន៍ពីតំបន់នេះ គួរមានការទទួលខុសត្រូវ និងធានាថាធុរកិច្ចរបស់ខ្លួន នឹងមិនប៉ះពាល់ដល់សង្គម និងបរិស្ថាន។
អ្នកស្រី ចក់ សុភាព បន្ថែមថា រដ្ឋាភិបាលគួរបង្ហាញពីការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃដីបឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានយល់ និងជ្រាបអំពីការសម្រេចចិត្តទាំងឡាយកន្លងមក។ ជាពិសេសត្រូវបង្ហាញថាតំបន់ដែលជាសម្បត្តិសាធារណៈនោះបាត់បង់នូវតម្លៃសម្រាប់ផលប្រយោជន៍សាធារណៈអស់ហើយ បើតាមលក្ខខណ្ឌនៃការបំលែង ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋនោះ។
អ្នកស្រីចក់ សុភាព ថា ការអភិវឌ្ឍមួយត្រូវតែជាការអភិវឌ្ឍប្រកប ដោយចីរភាព ដែលត្រូវផ្សារភ្ជាប់មុំសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
កាលពីថ្ងៃទី៣ខែមករា គណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP បានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចលុបបឹងតាមោកថែម ២០ ហិកតាទៀតដើម្បីសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត។
គណបក្សនេះ ស្វាគមន៍ការសាងសង់មន្ទីរពេទ្យថ្មី ប៉ុន្តែបានចោទជាសំណួរថាតើហេតុអ្វីបានជាមិនរកដីកន្លែងផ្សេងទៀតសម្រាប់សាងសង់ ?
ជាថ្មីម្តងទៀត GDP ស្នើឲ្យរាជរដ្ឋាភិបាលធ្វើការបង្ហាញពីផែនការមេប្រកបដោយតម្លាភាពក្នុងការអភិវឌ្ឍនិងអភិរក្សបឹងធម្មជាតិចុងក្រោយរបស់រាជធានីភ្នំពេញ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់អះអាងថា មកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បង្ហាញពីគម្រោងការច្បាស់លាស់ និងប្រកបដោយតម្លាភាព ជុំវិញការកាត់ឆ្វៀលផ្ទៃបឹងតាមោកក្រោមស្លាកអភិវឌ្ឍន៍ នៅឡើយទេ។
កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលខ្លួនឯងបានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃបឹងទំនប់កប់ស្រូវ ឬបឹងតាមោក មានទំហំផ្ទៃជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែរដ្ឋាភិបាលខ្លួនឯងគឺជាអ្នកពុះហែកផ្ទៃបឹងតាមោកឥតឈប់ឈរផងដែរ មកទល់ពេលនេះ។
ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៨មកទល់ពេលបច្ចុប្បបន្ន មានអនុក្រឹត្យនិង សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន៩លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលមានផ្ទៃដីជិត ១ពាន់ហិកតា។ បឹងតាមោក គឺជាបឹងធម្មជាតិធំចុងក្រោយគេ នៅរាជធានីភ្នំពេញ ដែលសេសសល់ បន្ទាប់ពីបឹងជាង២០ទៀត ត្រូវបានលុបទាំងស្រុង និងដោយផ្នែក ចាប់តាំងពីទសវត្ស៩០មក។ បឹងនេះជាកន្លែងស្តុកទឹកភ្លៀង ទឹកស្អុយ យ៉ាងសំខាន់ ហើយក៏ជាជម្រកសត្វស្លាប និងមច្ឆាជាតិផងដែរ៕