29 C
Phnom Penh

គណបក្សហ្វ៊ុនស៊ិនប៉ិច ថ្កោលទោសលោក សម រង្ស៊ី ចំពោះការប្រមាថព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សចេញពីសែស្រឡាយរាជវង្ស បានថ្កោលទោស អតីតមេបក្សសង្រ្គោះជាតិលោក សម រង្ស៉ី ដែលតែងចេញសារប្រមាថអង្គ ព្រះមហាក្សត្រខ្មែរម្តងហើយម្តងទៀត។

សេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះលោក សម រង្ស៉ី ដោយបានចាត់ទុកខ្លឹមសារ ដែលអតីតមេបក្សប្រឆាំងរូបនេះ បានផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះព្រះរាជកិត្តិនាមរបស់អង្គព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃពលរដ្ឋខ្មែរ។

គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា ការកាត់ទោសលោក សម រង្ស៉ី ដែលគណបក្សរាជានិយមមួយនេះហៅថាជា មេចលនាឧទ្ទាមក្រៅច្បាប់ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំទៀត ពីបទប្រមាថព្រះមហាក្សត្រ ពិតជាត្រឹមត្រូវ។ គណបក្សរាជានិយមមួយនេះ ប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ការពាររបបរាជានិយម និងព្រះរាជបល្ល័ង្ក ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង បន្ទាប់ពីអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បាននិយាយប៉ះពាល់ដល់កិតិ្តយស អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ថាជាស្តេចទីងមោង ព្រោះបានចាញ់បោកលោក ហ៊ុន សែន ក្នុងគម្រោងចូលថវិការដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ១៩។

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រសព្វថ្ងៃ គ្មានអំណាចធ្វើអ្វីបានទេ ហើយព្រះអង្គគួរតែយាងចុះពីរាជបល្ល័ង្គ តែម្តង។

កាលពីចុងខែធ្នូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានសម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថ អង្គព្រះមហាក្សត្រ តាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក កើត រិទ្ធ បានផ្ញើលិខិតមួយទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ លោក សម រង្ស៉ី ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ។

ទោះបីជាយ៉ាងនេះក្តី  កាលពី៤ មករា ២០២១ តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានទាមទារឱ្យមានការកែរដ្ឋធម្មនុញ្ញត្រង់ចំណុចស្តីពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។

ការទាមទារឱ្យកែរដ្ឋធម្មនុញ្ញនេះ ដោយថាព្រះមហាក្សត្របច្ចុប្បន្នមិនបានបំពេញតាមព្រះរាជតួនាទីរបស់ទ្រង់ ដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិមួយនេះឡើយ។ 

លោក សមរង្ស៊ី អះអាងថានៅតែរក្សាជំហរថា ព្រះមហាក្សត្របច្ចុប្បន្នជាព្រះមហាក្សត្រទីមោង ហើយនឹងបន្តរក្សាជំហរនេះបន្តទៀត ដរាបណាព្រះអង្គនៅតែជាខែល របស់លោកហ៊ុន សែន ប្រើប្រាស់ដើម្បី បង្គ្រប់ភាពស្របច្បាប់ដល់រដ្ឋាភិបាលបច្ចុប្បន្ន។

លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងកែប្រែជំហររបស់ខ្លួន ល្គឹកណាព្រះមហាក្សត្រខ្មែរហ៊ានចេញព្រះភ័ក្រ្តការពារប្រយោជន៍ជាតិ និង ប្រយោជន៍រាស្ត្រ ដោយមិនត្រូវធ្វើតែតាមបញ្ជារបស់លោក ហ៊ុន សែន ទៀតនោះឡើយ។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ថា ការប្រមាថព្រះមហាក្សត្រថាជា ស្តេចទីងមោង មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់កិតិយសរបស់ព្រះមហាក្សត្រដែលការពារ ដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ តែផ្ទុយទៅវិញគឺបង្ហាញពីទង្វើរបស់ពួកគេដែលកំពុងរំលោភរដ្ឋធម្មនុញ្ញផងដែរ។

លោកថា មិនត្រូវតិះទៀន ឬប្រមាថព្រះមហាក្សត្រនោះទេ ប៉ុន្តែត្រូវនាំគ្នាទាមទារឱ្យមានការថ្វាយមធ្យោបាយចាំបាច់ ដើម្បីឱ្យព្រះអង្គអាចបំពេញបេសកកម្មជូនជាតិ ដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញវិញ ទើបជារឿងត្រឹមត្រូវជាង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស