30 C
Phnom Penh

អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលបង្ខំឲ្យកូរ៉េខាងត្បូងបញ្ជូនទ័ពមកកាន់មជ្ឈឹមបូព៌ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាពឆ្មាំ បដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះថា ខ្លួនបានរឹបអូសកប៉ាល់ដឹកគីមីប្រេងមួយគ្រឿង ដែលមានដោតទង់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងច្រកសមុទ្រ Hormuz ដោយរកឃើញថា កប៉ាល់នោះបានរំលោភច្បាប់បរិស្ថានដែនសមុទ្រ។

សារព័ត៌មាន នៃគេហទំព័រ npr.org បានចុះផ្សាយដោយស្រង់សេចក្ដីប្រកាសព័ត៌មាន របស់ ឆ្មាំបដិវត្តអ៊ីរ៉ង់ បានអោយប្រកាសដូច្នេះថា «កប៉ាល់ដែលកាន់កាប់ដោយប្រទេសកូរ៉េខាងត្បូងមួយគ្រឿង ត្រូវបានកងនាវាចរនៃកងកម្លាំងរបស់យើង បានរឹបអូសយកនៅព្រឹកនេះ»។

សេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា «កប៉ាល់ដឹកប្រេងនេះ ចេញពីកំពង់ផែមួយឈ្មោះថា Al Jubail របស់ប្រទេស អារ៉ាប់ប៊ីសាអូឌីត ហើយត្រូវបានរឹបអូស ដោយសារតែការរំលោភបំពានម្តងហើយម្តងទៀតដល់ច្បាប់បរិស្ថានសមុទ្រ»។

ព័ត៌មានអំពីការរឹបអូសកប៉ាល់នេះ បានកើតឡើងចំពេលដែលមានភាពតានតឹង ក្នុងតំបន់ បានកើតឡើងជាថ្មី នៅពេលអ៊ីរ៉ង់ប្រារព្ធខួបលើកទី១ នៃការធ្វើឃាត លើមេបញ្ជាការ នៃអង្គភាពឆ្មាំបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ Qasem Soleimani ក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់អាមេរិក កាលពីខែមករា ឆ្នាំ២០២០។ បន្ទាប់ពីដឹងថា នាវាដឹកប្រេងរបស់ខ្លួនត្រូវបានកងទ័ពអ៊ីរ៉ង់រឹបអូស កូរ៉េខាងត្បូងក៏បានបញ្ចូនទ័ពទៅមជ្ឈឹមបូព៌ា ។

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រកាស ថា ខ្លួនបានបញ្ជូនកម្លាំងយោធាទៅកាន់ច្រកសមុទ្រ Hormuz ហើយ គឺបន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដែលហៅកាត់ថា IRGC បានរឹបអូសយកនាវាដឹកប្រេង ដែលដោតដោយទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿងកាលពីព្រឹកថ្ងៃចន្ទទី៤ ខែមករា ។

ក្រុមមន្ត្រីនៅក្នុងទីក្រុងសេអ៊ូល កំពុងទាមទារឱ្យមានការដោះលែងនាវានោះជាបន្ទាន់ ខណៈអាជ្ញាធរអ៊ីរ៉ង់បានថ្លែងថាការណ៍ថា ពួកគេបានឃុំខ្លួនមនុស្សទាំងឡាយលើនាវា ហើយថា ការរឹបអូសនាវានោះមានទាក់ទង ទៅនឹង ការចោទប្រកាន់អំពីការបំពុលបរិស្ថាន និងគីមីនៅដែនសមុទ្រ។

ដោយឡែកទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងបានថ្លែងថា កូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងការទូតដើម្បីធានាការដោះលែង នាវាដឹកប្រេងដែលដោតដោយទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង ដែលត្រូវបានរឹបអូសដោយអ៊ីរ៉ង់។

កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា មិនមានសារធាតុគីមីណាមួយត្រូវបានកំពប់ចេញពីនាវារបស់ខ្លួន ឬនាវារបស់ខ្លួនបានរំលោភច្បាប់ណាមួយនោះទេ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងនាវាដឹកសារធាតុគីមីឈ្មោះ MT Hankuk Chemi កាលពីថ្ងៃទី ៤ ខែមករាឆ្នាំ ២០២១។ នាវាកូរ៉េខាងត្បូងត្រូវបានរាយការណ៍មកថា កំពុងដឹកសារធាតុគីមីដែលជាប្រភេទនាវាដឹកប្រេងបានធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីតទៅកាន់ប្រទេស អារ៉ាប់ អេមីរ៉ាត។ នៅពេលនោះក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសកាន់កាប់នាវានោះនៅម៉ោងប្រហែល ១០ ព្រឹកម៉ោងក្នុងស្រុក។

រូបភាពជាផ្លូវការនៃប្រតិបត្តិការរបស់ក្រុមនោះ បង្ហាញពីឈុតឆាកនៃទូកតូចៗរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាច្រើនគ្រឿង ហើយក៏បានចូលមកជិតនាវាពាណិជ្ជកម្មមួយនេះ រួចបង្ខំឱ្យនាវាពាណិជ្ជកម្មកូរ៉េខាងត្បូងត្រូវតែបោះយុថ្កា នៅក្បែរកំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់។ នៅលើនាវានោះគឺមាន មានបុគ្គលចំនួន ២០នាក់ ក្នុងនោះមានជនជាតិកូរ៉េ ៥ នាក់ នាវិក ១១នាក់មកពីមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ២នាក់ និងវៀតណាម ២នាក់ត្រូវបានឃុំខ្លួន។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាង ថា ខ្លួនពិតជាបានរឹបអូសនាវាមួយគ្រឿងមែន ហើយថាការរឹបអូសនាវានេះ គឺមិនមែនធ្វើឡើងដោយការអត្ត  នោម័ត របស់ខ្លួននោះទេ។ ក្រុមនេះអះអាងថា ខ្លួនបានទទួលបានការស្នើសុំពីអង្គការកំពង់ផែ និងអង្គការដែនសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ទើបត្រូវ អនុវត្តតាមដីការបស់ការិយាល័យព្រះរាជអាជ្ញាខេត្ត Hormozgan ជាខេត្តជាប់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យអ៊ីរ៉ង់ដោះលែងនាវាពាណិជ្ជកម្មកូរ៉េខាងត្បូងដោយបានចោទប្រកាន់អ៊ីរ៉ង់ថាបានគំរាមសេរីភាពនាវាចរណ៍ជាមធ្យោបាយមួយដើម្បីរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់កាសែត Independence ថារបប តេហេរ៉ង់ នៅតែបន្តគំរាមកំហែង ដល់សិទ្ធិនាវាចរណ៍ និងសេរីភាពនៅឈូងសមុទ្រពែរ្ស ដែលជាផ្នែកមួយនៃការប៉ុនប៉ងជំរិត សហគមន៍អន្តរជាតិ ឱ្យបន្ធូរបន្ថយសម្ពាធនៃការដាក់ទណ្ឌកម្មលើរបបរបស់ខ្លួនប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស