ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការណែនាំទៅអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវប្រុងប្រយ័ត្ន ដោយសារតែមានចោរ បច្ចេកវិទ្យា ឬHackers ធ្វើជាផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់អ្នកប្រើប្រាស់ ដើម្បីទទួលបានលេខកូដ៦ខ្ទង់ រួចលួច log ចូលគណនីនោះ មកគ្រប់គ្រងជំនួសម្ចាស់ដើមវិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ កាលពីម្សិលមិញបញ្ជាក់ថា នាពេលថ្មីៗនេះ ចោរបច្ចេកវិទ្យាឬ Hackers បានវាយប្រហារដោយធ្វើការក្លែងបន្លំជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ ដែលក្រសួងហៅថាជាជនរងគ្រោះ។ សារដែលផ្ញើទៅនោះ មានខ្លឹមសារ ថា «Sorry ! I send 6digit code by SMS by mistake. Can you transfer it to me? It is Urgent» ។ ក្រសួងបន្តថា ខ្លឹមសារនេះក៏អាចផ្ញើទៅកាន់មិត្តភក្តិឬអ្នកដែលយើងស្គាល់ក្នុងគណនី WhatsApp ដែលគេលួចរួចហើយផងដែរ។
ក្រសួងរំឭកថា អ្នកប្រើប្រាស់ទាំងអស់មិនត្រូវផ្ញើលេខកដ៦ខ្ទង់ ទៅឱ្យអ្នកដទៃនោះទេ ទោះជាមនុស្សស្គាល់គ្នា ឬធ្លាប់ផ្ញើសារ (Chat) ជាមួយគ្នារាល់ថ្ងៃក៏ដោយ ជាពិសេសលេខកូដ៦ខ្ទង់នៃបណ្តាញសង្គម ដូចជា WhatsApp , Telegram, Messenger, Viber, Line ឬកម្មវិធីប្រើប្រាស់សេវាធនាគារតាមទូរសព្ទ ជាដើម។
ករណីនេះ ក្រសួងបញ្ជាក់ថា បើចោរបច្ចេកវិទ្យា Hackers ទទួលបានលេខកូដ៦ខ្ទង់នោះ នោះពួកគេអាចមានលទ្ធភាព Log ចូលគណនី WhatsApp របស់អ្នកប្រើប្រាស់ ដោយប្រើលេខកូដ ៦ខ្ទង់ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដោយជោគជ័យផងដែរ។
ក្រសួងណែនាំថា អ្នកប្រើប្រាស់ WhatsApp ទាំងអស់ត្រូវពិនិត្យខ្លឹមសារនិងគណនីរបស់បុគ្គលដែលផ្ញើសារមកឱ្យបានច្បាស់លាស់ និងមិនគួរធ្វើតាមការទាមទាររបស់ក្រុម Hackers ទេ ទើបចៀសវាងជាប់អន្ទាក់របស់ក្រុមទាំងនោះ។
លើសពីនេះ ប្រសិនបើអ្នកប្រើប្រាស់ WhatsApp មានការសង្ស័យនៅពេលមានអ្នកផ្ញើសារសុំលេខកូដ៦ខ្ទង់នោះ គួរតែតេទៅសាកសួរម្ចាស់គណនីដោយផ្ទាល់វិញ។ ប៉ុន្តែបើសិនជាតេទៅ ម្ចាស់គណនីមិនមែនជាម្ចាស់ពិតប្រាកដទេ ម្ចាស់គណនីត្រូវចុចបិទឬ Block ចោលតែម្តង។ ក្នុងករណីបាត់បង់គណនី WhatsApp របស់ខ្លួន អ្នកប្រើប្រាស់អាចព្យាយាម Log ចូល WhatsApp របស់ខ្លួនសារជាថ្មីទៀត ដើម្បីទទួលបានការកាន់កាប់ជាថ្មីឡើងវិញ៕