38.1 C
Phnom Penh

GMAC ថាការផុតសុពលភាពនៃកម្មវិធីអនុគ្រោះពន្ធ GSP នឹងប៉ះពាល់ដល់អ្នកបញ្ជាទិញផ្ទាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ហៅការផុតសុពលភាពនៃកម្មវិធីអនុគ្រោះពន្ធ GSP កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងមានផលប៉ះពាល់ផ្ទាល់ទៅលើអ្នកបញ្ជាទិញ។

សេចក្តីជូនដំណឹងរបស់ GMAC ប្រាប់ទៅសមាជិករបស់ខ្លួននៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ បញ្ជាក់ថា ផលប៉ះពាល់ទៅលើអ្នកបញ្ជាទិញផ្ទាល់នោះ ដោយសារពួកគេត្រូវបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកសិន រហូតទាល់តែកម្មវិធីនេះ ត្រូវសហរដ្ឋអាមេរិកផ្តល់សុពលភាពឡើងវិញ។

ប្រភពដដែលបន្តថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(Generalized System of Preferences -GSP)បានផុតរលត់សុពលភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រទេស និងដែនដី១១៩ទៀត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

GMAC អះអាងថា ការផុតសុពលភាពនេះ គឺបន្ទាប់ពីសភាអាមេរិកមានភាពយឺតយ៉ាវក្នុងការអនុម័តច្បាប់នេះ ដើម្បីបន្តសុពលភាពជាថ្មីទៀត។

ប្រភពដដែលឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៤មក កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ត្រូវបានផ្តល់ឱ្យដំបូងរយៈពេល១០ឆ្នាំ។

ចាប់តាំងពីពេលនោះមកកម្មវិធីនេះ ត្រូវបានផ្តល់សុពលភាពឱ្យអនុវត្តជាបន្តបន្ទាប់ចំនួន១៤ដង ដែលមានសុពលភាពរយៈពេល២ទៅ៣ឆ្នាំ។ ក្នុងអំឡុងពេលនៃការផុតរលត់ចុងក្រោយនេះ ទំនិញដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ទៅ នឹងជាប់អត្រាពន្ធចំពោះប្រទេសដែលទទួលបានការអនុគ្រោះបំផុត។

យ៉ាងណា GMAC  សង្ឃឹមថា នឹងមានការផ្តល់សុពលភាពលើកម្មវិធីនេះ ឡើងវិញនាពេលឆាប់ៗខាងមុខ។

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនកាលពីឆ្នាំមុន បានឱ្យដឹងថា កម្ពុជាបានទទួលអត្ថប្រយោជន៍ពីកម្មវិធីអនុគ្រោះពន្ធមួយនេះ កាលពីឆ្នាំ១៩៩៧ ហើយនៅឆ្នាំ២០១៦ កម្ពុជាបាននាំទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធជិត២រយលានដុល្លារ។ 

ទិន្នន័យការិយាល័យជំនួញ របស់អាមេរិក ដែលចេញផ្សាយកាលពីដើមខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល១០ខែ គិតចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់ខែតុលា ឆ្នាំ២០២០ មានទំហំជាង ៥ពាន់៥រយលានដុល្លារ(៥ ៥៣១)។ ចំនួននេះ មានការកើនឡើងជាង២១% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស