31 C
Phnom Penh

ក្រុមអ្នកមានលុយ និងមានអំណាចនាំគ្នាបកស្រាយពីប្រវត្តិដី របស់ពួកគាត់ដែលទទួលបានពីការកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយការចុះផ្សាយ របស់ The Cambodia Daily កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធ បុគ្គលមានឈ្មោះកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ ដែលភាគច្រើនជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល និងឈ្មួញមានទ្រព្យរួចមក លោកស្រី អ៊ុំ តុង ដែលអះអាងថា ជាតំណាងឲ្យម្ចាស់ដីចំនួន ០៤គ្រួសាររួមមាន៖ លោក ជា វាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកស្រី សុខ លី ភរិយាលោក ជា វាន់ដេត, ឈ្មោះព្រំ វី និងឈ្មោះ  អ៊ុំ ឡា ដែលគេស្គាល់ថា ជាបុគ្គលមានទ្រព្យ និងជាមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល ហើយត្រូវជាបក្ខពួក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោកស្រី អ៊ុំ តុង បានសរសេរលិខិតបំភ្លឺចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ផ្ញើជូន The Cambodia Daily ថា ពួកគាត់ទាំងប៉ុន្មាននាក់ខាងលើនេះ បានកាន់កាប់ដីទំហំប្រមាណ ១៩០ហិកតា មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (អតីតខណ្ឌមិត្តភាព) និងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ គឺមានបណ្ណកម្មសិទ្ធិស្របច្បាប់។

លោកស្រី អ៊ុំ តុង បានបរិយាយក្នុងលិខិតថា ដីទាំង ១៩០ហិកតានេះ គឺពួកគាត់មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ នៅចន្លោះឆ្នាំ១៩៩២-១៩៩៧ ហើយពួកគាត់បានរស់អាស្រ័យផល រហូតមកដល់បច្ចុប្បន្ននេះ។ លោកស្រីបន្តថា ដីទាំងអស់នេះ មិនធ្លាប់មានការប្តឹតវ៉ា ឬវិវាទជាមួយពលរដ្ឋណាទេ និងមានរបងព័ទ្ធជុំវិញ។ ជាងនេះទៀត ពួកគាត់តែងបានបង់ពន្ធអចលនទ្រព្យជារៀងរាល់ឆ្នាំរហូតមក។

ក្នុងនោះផ្ទៃដីជាងពាក់កណ្តាលជាដីស្រែ ហើយជិតពាក់កណ្តាលទៀតជាដីចំការធុរេន ស្វាយ ដូង សាវម៉ាវ ស្វាយចន្ទី ដែលធ្លាប់ទទួលបានផលរាប់សិបតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែក្រោយមកដើមធុរេន ស្វាយចន្ទី និងដើមមួយចំនួនទៀត បានងាប់ដោយសារភាពរាំងស្ងួត និងមានផ្នែកខ្លះបានដាំដើមអាកាស្យា។

លោកស្រី អ៊ុំ តុង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ដីរបស់ពួកគាត់ខាងលើនេះ ពុំមានព្រៃឈើទេ ហើយជាដីស្ថិតនៅជីតទីប្រជុំជន។ ហើយ បច្ចុប្បន្នដីនៅក្នុងតំបន់នេះ មានការសាងសង់ជាអគារធំៗ និងលំនៅដ្ឋានជាច្រើន និងបានក្លាយទៅជាទីក្រុងរួចហើយ។

យ៉ាងនេះក្តី លោកស្រី អ៊ុំ តុង ដែលជាតំណាងឲ្យម្ចាស់ដីចំនួន ០៤គ្រួសារ បានទទួលស្គាល់ថា ផ្នែកខ្លះ នៃទំហំផ្ទៃដី របស់ពួកគាត់ គឺជាប់ក្នុងផែនទីដីគម្របព្រៃឈើឆ្នាំ២០០២ ទោះជាដីនេះជាដីចំការក៏ដោយ។ ហើយដោយសារតែតំបន់នេះ មានការអភិវឌ្ឍន៍ជាទីប្រជុំជនទៅហើយ ទើបនៅខែមករា ឆ្នាំ២០២០ លោកស្រី និងម្ចាស់ដីផ្សេងទៀត បានស្នើសុំកាត់ឆ្វៀលដី ដែលនៅជាប់ក្នុងផែនទីគម្របព្រៃឈើទំហំ ៧៥,៣០ហិកតា ចេញពីគម្របព្រៃឈើវិញ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឲ្យពួកគាត់អាចធ្វើការអភិវឌ្ឍដីនេះ ហើយរាជរដ្ឋាភិបាល ក៏បានសម្រេចយល់ព្រមធ្វើអនុប្រយោគ និងផ្តត់កម្មសិទ្ធិជូនលោកស្រី និងម្ចាស់ដីផ្សេងទៀត។

លោកស្រី អ៊ុំ តុង បានអះអាងបន្តទៀតថា បរិវេណដី របស់ពួកគាត់នេះ ពុំមានព្រៃឈើបៃតង ឬធនធានធម្មជាតិ ដែលត្រូវរក្សាការពារ នោះទេ។

ទោះជាបែបនេះក្តី ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួនប្រចាំខេត្តព្រះសីហនុ បានអះអាងថា កន្លងមកបរិវេណដី នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ គឺទីតាំងដីជាក់ស្តែងភាគច្រើន មានដើមឈើតូចធំចម្រុះ ឬមានដើមឈើចម្រុះដុះដូចម្រាមដៃអញ្ចឹងដែរ។

បន្ថែមលើនេះ ពួកគេ ពោលចំអកថា បើបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ មិនមានដុះដើមឈើ ឬព្រៃឈើទេ ហេតុអ្វី បានជារាជរដ្ឋាភិបាលកម្ពុជា បានរក្សាទុកជាដីគម្របប្រៃឈើបៃតងទៅកើត។

ត្រង់ចំណុចនេះ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានអះអាងថា បរិវេណដីក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ នាខេត្តព្រះសីហនុ ត្រូវបានបុគ្គលជាមន្ត្រីអ្នកមានអំណាច និងឈ្មួញមានទ្រព្យ រួមជាមួយ ពលរដ្ឋមួយចំនួនផង បានចូលទៅទន្ទ្រានកាប់រានព្រៃឈើបំផ្លាញចោលអស់គ្មានសល់ ដើម្បីរានដីធ្វើកម្មសិទ្ធិ។

ជាងនេះទៀត ក៏មានបុគ្គលខ្លះ បាននាំយកដំណាំហូបផ្លែមានដើមធំៗមកដាំនៅលើដីកាប់រាននោះ ហើយបានហ៊ុំព័ទ្ធរបងធ្វើកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យ និងត្រូវរលាយហិនហោចស្ទើរទាំងស្រុង ចាប់តាំងពីអាណត្តិអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជាពិសេសនៅក្នុងអាណត្តិលោក គួច ចំរើន បានមកធ្វើជាអភិបាលខេត្តព្រះសីហនុ គឺឃើញមានធ្វើសំណើរកាត់ឆ្វៀលដីគម្របព្រៃឈើ ជូនបុគ្គលមានអំណាច និងមានទ្រព្យជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

ក្រុមសង្គមស៊ីវិល ប្រចាំខេត្តព្រះសីហនុ បានអះអាងថា បុគ្គលមានទ្រព្យ និងមន្ត្រីមានបុណ្យស័ក្តិធំៗ ក្នុងជួររដ្ឋាភិបាលភាគច្រើន មានដូចជា៖លោក ជា វាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ភរិយាឈ្មោះ សុខ លី, ឈ្មោះព្រំ វី និង អ៊ុំ ឡា ជាដើម គឺស្ថិតក្នុងចំណោមឈ្មួញមានទ្រព្យ និងមន្ត្រីមានតួនាទីខ្ពស់ៗជាច្រើននាក់ទៀត ដែលមានឈ្មោះក្នុងសំណើរសុំកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធនធានធម្មជាតិជាច្រើនទៀត ដែលនៅសេសសល់ នៅខេត្តព្រះសីហនុ។

ជាក់ស្តែង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារដាក់ជូន ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអនុប្រយោគ ឬកាត់ឆ្វៀលដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ ឲ្យក្លាយជាដីឯកជន របស់រដ្ឋ មានទំហំសរុបជាង ៧៥ហិកតា (៧៥,៣០ហិកតា) មានទីតាំងនៅសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅឈ្មោះ អ៊ុំ តុង, ជា វ៉ាន់ដេត, សុខ លី, ព្រំ វី និងឈ្មោះ  អ៊ុំ ឡា ដែលគេស្គាល់ថា ជាអ្នកមានទ្រព្យ និងមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល ហើយត្រូវជាបក្ខពួក លោក គួច ចំរើន និងលោក ជា សុផារ៉ា។

ទោះជាបែបនេះក្តី ក្រុមពលរដ្ឋមានវិវាទដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ហ៊ុន សែន ជួយពិនិត្យ និងស្រាវជ្រាវ ទៅលើឯកសារស្នើកាត់ឆ្វៀលដី ឬ ស្នើធ្វើអនុប្រយោគដីគម្របព្រៃឈើឆ្នាំ២០០២ ជូនបុគ្គលទាំងនេះឲ្យបានត្រឹមត្រូវជាថ្មីឡើងវិញ ប្រយោជន៍ដើម្បីជួយការពារធនធានធម្មជាតិ ឬដីសាធារណៈ របស់រដ្ឋ ដែលនៅសេសសល់នាមូលដ្ឋានខេត្តព្រះសីហនុ ទុកជូនយុវជនជំនាន់ក្រោយឲ្យបានគង់វង្ស។ ជាងនេះទៀត ត្រូវដកហូតដីសាធារណៈ របស់រដ្ឋទាំងនោះ មករដ្ឋគ្រប់គ្រងវិញនាថ្ងៃអនាគត។

ក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋ មានចម្ងល់ថា ហេតុអ្វី បានជាអ្នកមានឈ្មោះក្នុងសំណើរកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២  មានតែឈ្មោះឧកញ៉ាមានទ្រព្យ, មន្ត្រីមានឋានៈធំៗ មានរដ្ឋមន្ត្រីក្រសួងប្រេសណីយ៍ជាដើម ប៉ុន្តែចំពោះពលរដ្ឋក្រក្រីវិញ បែរជាគ្មានឈ្មោះទៅវិញ?

ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក គួច ចំរើន និង លោក ជា សុផារ៉ា  ដើម្បីបំភ្លឺជុំវិញការរិះគន់ លើករណីស្នើធ្វើអនុប្រយោគ ឬសំណើរកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ នៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស