នយោបាយ

និស្សិតបញ្ញវន្តខ្មែរថា រដ្ឋាភិបាលបោះបង់ព្រឹត្តការណ៍ ២៣ តុលា ឆ្នាំ១៩៩១ តែប្រឹងលើកតម្កើងថ្ងៃ ៧ មករា ជំនួសវិញ

By ឌឹ ខេមបូឌា ដេលី

January 09, 2021

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ តែត្រូវជំនួសមកវិញនូវថ្ងៃ ២៣ តុលា ដោយឈរលើស្មារតីឯកភាពជាតិខ្មែរ ដើម្បីបញ្ចប់នូវការខ្វែងគំនិតគ្នា ក្នុងចំណោមជាតិខ្មែរតែមួយ ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតើដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានអះអាងថា ការកំណត់យកថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ គឺជាការសម្រេចឯកតោភាគី របស់គណបក្សប្រជាជនកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ពីខ្មែរគ្រប់ភាគីទ្បើយ។ លោកថានេះគឺជាការលើកតម្កើងនយោបាឈ្លានពានរបស់    វៀតណាម ដែលបំផ្លាញប្រទេសកម្ពុជាប៉ុណ្ណោះ។

លោក រិះគន់ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែល ប្រទេសវៀតណាមលើកកងទ័ពប្រមាណ២០ម៉ឺននាក់ ចូលឈ្លានពានប្រទេសកម្ពុជា ដោយរំលោភលើ ច្បាប់អន្តរជាតិទាំងកម្រោល ។ លើសពីនេះ សមាគមប្រជាជាតិអាស៊ាន និងអង្គការសហប្រជាជាតិ បានរួមគ្នាថ្កោលទោសការឈ្លានពានរបស់ប្រទេសវៀតណាមផងដែរ ខណៈប្រទេសសិង្ហបុរីនៅតែបន្តរំឭកពីការឈ្លានពាននេះនៅឡើយ ។

ការរិះគន់នេះធ្វើឡើងមុនការប្រារព្ធទិវាបុណ្យជាតិខួបលើកទី៤២ នៃថ្ងៃជ័យជម្នះ ៧មករា របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ ដែលពួកគេអះអាងថា ជាថ្ងៃកំណើតទី២ របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា ថ្ងៃ៧ មករា ១៩៧៩ ជាឱកាសល្អបំផុតដែលរដ្ឋការក្រុងហាណូយសម្រេចផែនការ រំលោភយកទឹកដីរបស់កម្ពុជា ទាំងព្រំដែនគោក និងព្រំដែនទឹក តាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨២ និងឆ្នាំ១៩៨៥។

បញ្ហានេះ វៀតណាមបានកាត់ឆ្វៀលយកកោះត្រល់ និង ចង្កោមកោះក្រចកសេះ តាមរយៈកិច្ចព្រមព្រៀង ខុសច្បាប់ ស្តីពីដែនគោក និងព្រំដែនទឹរវាង កម្ពុជា វៀតណាម។ លើសពីនេះ ពួកគេបានបញ្ជូននិគមជនរបស់ខ្លួន ខុសច្បាប់ ចូលមករស់នៅកម្ពុជា តាមសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការ ឆ្នាំ១៩៧៩ និងសារចរ ណែនាំ ឆ្នាំ១៩៨៦ ដែលចុះហត្ថលេខាអនុញាតិដោយផ្ទាល់ពីលោក ហ៊ុន សែន។

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ ស្ថានទូតវៀតណាមបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រដ្ឋាភិបាលនៃប្រទេសទាំងពី បានឯកភាពគ្នា ថានឹងពន្លឿនការបំពេញនីតិវិធីចាំបាច់សម្រាប់ឯកសារដែលទទួលស្គាល់សមិទ្ធិផល ៨៤% នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ឲ្យចូលជាធរមានក្នុងពេលឆាប់ៗ ព្រមទាំងបន្តចរចាដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ ១៦% ទៀត ដែលភាគីទាំងពីរមិនឯកភាពគ្នា។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា វៀតណាមស្គាល់ពីវប្បធម៌ អរិយធម៌ភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ខ្មែរ ច្បាស់ជាងខ្មែរម្ចាស់ប្រទេសទៅទៀត។ ជាងនេះទៅទៀត ពួកគេក៏ស្គាល់ពីអត្តចរិត មារយាទ អ្នកធំខ្មែរ  និងពលរដ្ឋខ្មែរ យ៉ាងច្បាស់លាស់ផងដែរ។

លោកបញ្ជាក់ថា បញ្ហានេះ បានជួយឲ្យវៀតណាមអាចយកចំណេញ និងប្រើប្រាស់ខ្មែរឲ្យបម្រើផលប្រយោជន៍របស់ពួកគេបានយ៉ាងច្រើនបំផុត ទោះជា ស្ថិតក្នុងកាល:ទេស:ក៏អាក្រក់រវាងខ្មែរ និងពួកគេយ៉ាងណាក៏ដោយ។

ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា និង រដ្ឋសភាជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាតម្កល់តម្លៃជាតិខ្មែរជាធំ ដោយប្រកាស មោឃភាពនៃសន្ធិសញ្ញានានា ដែលធ្វើទ្បើងអំឡុងឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩ និងសន្ធិសញ្ញាពាក់ព័ន្ធដទៃទៀត៕