27 C
Phnom Penh

មន្ត្រីអតីតបក្សសង្គ្រោះជាតិថា អ្នកនយោបាយខ្មែរមិនគួរបង្កើតសត្រូវជាមួយពូជសាសន៍ខ្លួនឯងនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង អំពាវនាវ ឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង រកដំណោះស្រាយផ្សះផ្សាជាតិផ្ទៃក្នុងជាតិ ជាជាងបន្តបំផ្លាញសាមគ្គីជាតិ និងបង្កើតសត្រូវបងប្អូនឯង ដែលជាការផ្តល់ឧកាសឲ្យចោរឈ្លានពានក្បែរខាង អាចអនុវត្តល្បិចកលលេបត្របាក់ទឹកដីកម្ពុជាបានសម្រេច។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កម្ពុជាគឺពិតជាពឹងផ្អែកទៅលើឥស្សរជននយោបាយធំៗឯកភាពគ្នា បង្កើតទំនុកចិត្តឲ្យគ្នា ដោយងាកមកចាប់ដៃគ្នាក្នុងវប្បធម៌សន្ទនា ប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព យុត្តិធម៌ និងសន្តិភាព ដោយពិតប្រាកដ។

លោកអះអាងថា កម្ពុជាធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ គឺបណ្តាលមកពីមេដឹកនាំនយោបាយខ្មែរ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដែលតែង ចូលចិត្តប្រើសារនយោបាយបែបឌឺដង បញ្ឆិតបញ្ឆៀង ហើយលាបពណ៌ដាក់គ្នាមិនចេះចប់ និងមានអំណួត ចង់ឈ្នះចាញ់ បំផ្លិចបំផ្លាញជាតិឯង ទៅតាមលទ្ធភាព និងល្បិចកលរៀងៗខ្លួន។

លោកបញ្ជាក់ថា បើអ្នកនយោបាយនៅតែបន្តជម្លោះផ្ទៃក្នុងជាតិឯងបែបនេះ ពលរដ្ឋខ្មែរនឹងមិនឃើញ ពន្លឺយុត្តិធម៌ សន្តិភាព ការគោរពសិទ្ធិមនុស្ស តាមបែបប្រជាធិបតេយ្យជាដាច់ខាត។ លើសពីនេះ កម្ពុជានឹងមិនអាចកសាងខឿនសេដ្ឋកិច្ចជាតិ និងសុភមង្គលជូនពលរដ្ឋឲ្យមានរស់ក្នុងភាពសុខដុមរមនាបានជារៀងរហូត។

ការអះអាងនេះធ្វើ បន្ទាប់ពីអនុប្រធានអតីតបក្សប្រឆាំងអ្នកស្រី មួរ សុខហួរ បានស្វះស្វែងរកការផ្សះផ្សាជាតិ ខណៈលោក សម រង្ស៊ី និងលោក ហ៊ុន សែន បញ្ចេះកំដៅនយោបាយដាក់គ្នាកាន់តែខ្លាំង ឈានដល់ការប្រើពាក្យសម្តីប្រមាថអង្គព្រះមាក្សត្រ ពីសំណាក់មេបក្សប្រឆាំងថែមទៀតផង។

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការពន្យាពេលនៃការធ្វើមាតុភូមិនិវត្តន៍របស់អ្នកស្រី មួរ សុខហួរ ដើម្បីព្យាយាមរកការផ្សះផ្សានយោបាយជាមួយលោក ហ៊ុន សែន ខណៈការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី លើកទី១ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបរាជ័យទាំងស្រុង។ 

បញ្ហានេះ បាននាំទុក្ខដល់អ្នកគាំទ្រប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរជាបន្តបន្ទាប់ ដែលរងការចោទប្រកាន់ថាពួកគេបានចូលរួមប្រព្រឹត្តបទ ឧក្រិដ្ឋ ក្នុងយុទ្ធនាការ ៩ វិច្ឆិកា នេះ។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ លោក ហ៊ុន សែន មិនបានផ្លាស់ប្តូរជំហរនយោបាយរបស់ខ្លួននៅឡើយទេ ជាងនេះទៀត លោក បានប្រកាសបិទទ្វារចរចារជាមួយបក្សប្រឆាំង ដោយអះអាងថាលោកគ្មានរឿងអ្វីត្រូវចរចារឡើយ ហើយអ្នកដែលកំពុងប្រឈមនឹងផ្លូវច្បាប់ គឺមិនអាចចរចារដើម្បីបញ្ចប់រឿងបានទេ។

លើសពីនេះ លោកក៏បានព្រមានហើយថា លោកនឹងមិនអាចអត់អោនឲ្យនរណាដែលបានប្រមាថគ្រួសាររបស់លោកបានទេ ពិសេសករណីប្រមាថភរិយា និងកូនប្រុសច្បងរបស់លោក គឺលោកហ៊ុន ម៉ាណែត ថាជាកូនរបស់មេដឹកនាំវៀតណាម ឈ្មោះ ឡេ ដឹកថរ ជាដាច់ខាត។

អ្នកវិភាគនយោបាយសង្គម អះអាងថា ជម្លោះអ្នកនយោបាយខ្មែរបានក្លាយទៅជាគុំនុំសងសឹកគ្នាគ្មានថ្ងៃបញ្ចប់នោះទេ ខណៈភាពហិនហោចជាតិដែលបណ្តាលមកពីជម្លោះទាំងនោះ ពួកគេមិនដឹងថានឹងត្រូវដោះស្រាយរបៀបម៉េចនោះដែរ ព្រោះម្នាក់ៗបានជាប់ក្នុងយុទ្ធសាស្ត្រសងសឹកគ្នាតាមបែប ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ទៅហើយនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស