35 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថា បូរណភាពទឹកដីខ្មែរនឹងវិនាស បើព្រលឹងថ្ងៃ៧ មករា នៅតែបន្តរស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា បើព្រលឹង ថ្ងៃ៧មករានៅតែរស់ កម្ពុជានឹងវិនាសសាបសូន្យ ពីព្រោះចំណង ៧មករា កំពុងប្រែរូបពីមេដឹកនាំវៀតណាម សហការជាមួយ លោក ហ៊ុន សែន ដែលបានបំផ្លាញកម្ពុជាយ៉ាងចាស់ដៃ ទៅជាចារៈជនវៀតណាម សហការជាមួយ ហ៊ុន ម៉ាណែត ក្នុងចេតនាកម្ទេចកម្ពុជាបង្ហើយតែម្តង។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានអះអាងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា គណបក្សប្រឆាំងមានតួនាទីសំខាន់ណាស់ ដើម្បីវិធីសង្គ្រោះវាសនាដ៏អាក្រក់របស់កម្ពុជា ពីព្រោះបក្សប្រឆាំង គឺជាកំលាំងចលករ ដែលអាចអូសទាញឲ្យងើបឡើងវិញនូវចលនាប្រជាធិបតេយ្យដែលនៅរាយប៉ាយ។

លោកបញ្ជាក់ថា កំលាំងអ្នកប្រជាធិបតេយ្យដែលកំពុងរង់ចាំបក្សប្រឆាំងងើបមកដឹកនាំពួកគេ រួមមានពលរដ្ឋខ្មែរគ្រប់ស្រទាប់ កសិករ កម្មករ  អាជីវករ ក្រុមហ៊ុនឯកជន ក្រុមសហជីព អង្គការសង្គមស៊ីវិល សកម្មជនការពារបរិស្ថាន មន្ត្រីរាជការស៊ីវិល និងយោធា បណ្ដាញពត៌មាន និងសហគមន៍អន្តរជាតិជាដើម។

ការអះអាងនេះធ្វើឡើងស្របពេលគណបក្សប្រជាកម្ពុជាប្រារព្ធទិវាជ័យជំនះ ៧ មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះ ដែលជាខួបទី៤២  នៃជ័យជំនះលើរបបខ្មែរក្រហមដែលមានការជួយជ្រោមជ្រែងពីប្រទេសវៀតណាម។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានបង្ហោះសារអបអរសាទរទិវាជ័យជំនះ ៧ មករា របស់ខ្លួនថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។

យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ លោក មាជសុវណ្ណារ៉ា បានអះអាងនៅថ្ងៃនេះថា ២៣តុលា គឺជាថ្ងៃដែលរំដោះខ្មែរយ៉ាងពិតប្រាកដ។ លោកបន្តថា បើគ្មាន ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ទេ ម្លេះកម្ពុជានឹងក្លាយទៅជារដ្ឋ ចំណុះឲ្យប្រទេសវៀតណាមបាត់ទៅហើយ។ លោកថា ទោះគ្មាន ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏អង្គការសហប្រជាជាតិគ្រោងចុះមកត្រួតពិនិត្យរបបខ្មែរក្រហមដោយផ្ទាល់ នៅថ្ងៃ១៥ ខែមករា ឆ្នាំ១៩៧៩ ដែរ។

ចំណែក អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅម៉ុងហៃ លើកឡើងថា ដើម្បីទប់ស្កាត់កុំឲ្យកម្ពុជាក្លាយទៅជាប្រទេសចំណុះប្រទេសវៀតណាម ឬប្រទេសផ្សេងទៀត កម្ពុជាត្រូវអនុវត្តវិធានការ ការពារបូរណភាពទឹកដីរបស់ខ្លួនដូចជា អភិវឌ្ឍន៍តំបន់ខ្សែបន្ទាត់ព្រំដែន តាមរយៈការបញ្ជូនពលរដ្ឋខ្មែរឲ្យទៅរស់នៅទីនោះ ឲ្យបានកាន់តែច្រើន និងមានកម្មវិធីនយោបាយលើកទឹកចិត្តពលរដ្ឋដែលព្រមទៅរស់នៅតំបន់នោះថែមទៀត។

លោកបញ្ជាក់ថា  រដ្ឋត្រូវបញ្ឈប់ការសម្បទានដីនៅតំបន់ព្រំដែនលក់ ឬជួល ដីនៅតំបន់នោះឲ្យជនណាទាំងអស់ ក្រៅពីពលរដ្ឋខ្មែរដែលមានឪពុកម្តាយមានសញ្ជាតិខ្មែរ លើសពីនេះ រដ្ឋត្រូវដកហូតដី       សម្បទាន លក់ ឬជួល កន្លងមក យកមកគ្រប់គ្រងវិញជាបន្ទាន់។

បន្ថែមពីនេះ ត្រូវពនិត្យ និងកែច្បាប់អន្តប្រវេសន៍ ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍វៀតណាម ឲ្យបានហ្មត់ចត់បំផុត ព្រោះថា គ្មានផលប្រយោជន៍អ្នកណាធំជាងសន្តិសុខរបស់ប្រទេសជាតិនោះទេ។

លោក ចោទជាសំណួរថា ហេតុអីបានជាវៀតណាមចូលមករំលំរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមការា ឆ្នាំ១៩៧៩ មានទាំងកងទ័ព និងមានទាំងនិគមជន មកជាមួយផងនោះ?

ក្រុមអ្នកឃ្លាំមើលសង្គម បញ្ជាក់ថា ដើម្បីទប់ស្កាត់ការឈ្លានពានបរទេសជិតខាង កម្ពុជាពិតជាត្រូវការមេដឹកនាំប្រឆាំង ដែលពោរពេញទៅដោយគុណសម្បត្តិ ដូចជា មានឆន្ទៈជាតិ សីលធម៌ និងគុណធម៌នយោបាយ និងមានវិន័យក្នុងការអនុវត្តផែនការនយោបាយព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការដឹកនាំអនុវត្តន៍ផែនការនោះ ទោះជាប្រឈមមុខនឹងការបាត់បង់អាយុជីវិតក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស