35 C
Phnom Penh

ថៃរកឃើញពលករខ្មែរជាង១០០នាក់ ឆ្លងកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរថៃ បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងរហូតជាង៩ពាន់នាក់ ដោយក្នុងនោះពលករខ្មែរចំនួន១០៨ នាក់ក៏បានឆ្លងជំងឺនេះផងដែរ។

គេហទំព័រចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពជំងឺកូវីដ១៩ ឬហៅថា DDC របស់ក្រសួងសុខាភិបាលសាធារណៈថៃ បានបង្ហាញថាក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ មានពលករខ្មែរ១០៨នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅយប់ថៃ្ងទី៦ ខែមករា ។

ប្រភពដដែលបន្តថា ក្រៅពីពលករខ្មែរនោះ ក៏មានពលករភូមា ៦២៣នាក់ ឥណ្ឌា ៨២នាក់ ថៃជាង៥ពាន់ និងសញ្ជាតិផ្សេងៗទៀតជាង១ពាន់នាក់។ របាយការណ៍នេះនៅមិនទាន់បង្ហាញច្បាស់លាស់ថា                 ពលករខ្មែរដែលឆ្លងកូវីដ១៩ ជាង១រយនាក់នោះ ឆ្លងនៅតំបន់ ឬខេត្តណាប្រាកដនៅឡើយ។

កាលពីថ្ងៃទី៥ ខែមករា ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ក៏បានអំពាវនាវពលករខ្មែរដែលកំពុងរស់នៅប្រទេសថៃទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ-១៩នេះ ដោយអនុវត្តគោលការណ៍   អនាម័យជាប់ជាប្រចាំ ជាពិសេសសហការ និងអនុវត្តតាមបម្រាមនានារបស់អាជ្ញាធរថៃឲ្យបានត្រឹមត្រូវ។

ការអំពាវនាវ ក្រោយពេលរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជាថ្មីទៀត ចាប់ពីថ្ងៃទី១៦ មករា ដល់២៨ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ក្រោយពេលថៃរកឃើញករណីឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំក្នុងខេត្តសាមុតសាខនកាលពីខែធ្នូ ឆ្នាំ២០២០។

គិតមកដល់ថ្ងៃទី៧ខែមករា ករណីវិជ្ជមានជំងឺកូវី១៩នៅប្រទេសថៃ មានការកើនឡើងរហូតដល់ ៩៣៣១នាក់។

ក្រោយពេលថៃរកឃើញផ្ទុះជំងឺកូវីដ១៩ចូលក្នុងសហគមន៍ កម្ពុជាវិញគិតត្រឹមថ្ងៃទី៧ មករាដដែលនេះ ក្រសួងសុខាភិបាល បានរកឃើញពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចំនួន២០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស