27 C
Phnom Penh

លោក សម រង្ស៊ី បន្តហៅសកម្មភាពរៃអង្គាសប្រាក់ទិញវ៉ាក់សាំងកូវីដ១៩ ថាជារឿងពុករលួយ និងប្រជាភិថុតិសុទ្ធសាធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្តហៅការរៃអង្គាសប្រាក់ ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ជារឿងពុករលួយ និងជារឿងប្រជាភិថុតិសុទ្ធសាធ។

លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២០ ដោយហៅលោកហ៊ុន សែន ថាកំពុងទាល់ច្រករឿងវ៉ាក់សាំងប្រឆាំងកូវីដ១៩។

លោកបន្តថា បន្ទាប់ពីបោកបញ្ឆោតពលរដ្ឋ ក្នុងការរៃអង្គាសលុយ ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ លោកហ៊ុន សែន ទើបតែយល់ថា គ្មាននរណាអាចទិញវ៉ាក់សាំង ដូចគេទិញនំអាកោរ តាមផ្លូវនោះទេ។

លោក សម រង្ស៊ី បញ្ជាក់ថាទង្វើរបស់លោក ហ៊ុន សែន ជាអំពើពុករលួយ និងរឿងប្រជាភិថុតិសុទ្ធសាធ។ លោកបន្តថា ក្រោយពីអំពើទុច្ចរិតរបស់គាត់ ត្រូវបានលាតត្រដាង លោកហ៊ុន សែន ខ្មាសគេពេក មិនដឹងធ្វើអ្វី ក្រៅពីចង់ចំណេញពេល ដោយអះអាងថា ត្រូវតែរង់ចាំការណែនាំ ពីអង្គការសុខភាពពិភពលោក (WHO) ជាមុនសិន មុននឹងជ្រើសរើសទិញវ៉ាក់សាំងណាមួយ។

ឥឡូវនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកាំង និងអាល្លឺម៉ង់ ឈ្មោះ PFIZER ឬBioN Tech ព្រមទាំងបានណែនាំពីរបៀបប្រើប្រាស់ វ៉ាក់សាំងនោះ ។

អតីតមេបក្សប្រឆាំងរូបនេះអះអាងថា នៅគ្រប់ប្រទេសទូទាំងពិភពលោក រដ្ឋអំណាចរៀបចំចាក់វ៉ាក់សាំង ការពារពលរដ្ឋរបស់គេគ្រប់រូប ដោយមិនគិតថ្លៃ។ មានតែនៅប្រទេសកម្ពុជាទេ ដែលរដ្ឋអំណាចរៃអង្គាសលុយ ពីពលរដ្ឋ ដើម្បីយកទៅទិញវ៉ាក់សាំង តាមគំនិតរបស់ ហ៊ុន សែន។

ក្នុងចំណោមប្រទេសអាស៊ានទាំង៩ ក្រៅពីប្រទេសកម្ពុជា រដ្ឋអំណាចរបស់គេ បានចាត់ចែងទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជាបណ្តើរៗរួចហើយ។

ប្រទេសដែលនាំមុខគេ គឺប្រទេសសឹង្ហបុរី ដែលបានទិញវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីរៀបចំចាក់ឲ្យពលរដ្ឋរបស់គេ ជាង ៥លាននាក់ ឲ្យបានគ្រប់គ្នាចាប់ពីពេលនេះ ទៅដល់ពាក់កណ្តាលឆ្នាំ ២០២១ នេះ។

ចំពោះប្រទេសថៃ និងប្រទេសវៀតណាម គេបានទិញវ៉ាក់សាំង ពីច្រើនប្រភព ហើយគេក៏បានរៀបចំផលិតវ៉ាក់សាំងមួយចំនួន នៅក្នុងប្រទេសគេផងដែរ។

នៅប្រទេសសឹង្ហបុរី ការធ្វើសេចក្តីសម្រេចទាំងឡាយ ទាក់ទងនឹងវ៉ាក់សាំងនេះ គឺធ្វើឡើងដោយក្រុមអ្នកជំនាញជាន់ខ្ពស់គ្រប់វិស័យ មិនមែនដូច ហ៊ុន សែន ដែល ធ្វើអ្វីតាមតែចិត្តម្នាក់ឯងនោះទេ។

លោក ហ៊ុន សែន កាលពីចុងខែធ្នូ បានប្រកាសថា គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៨ខែធ្នូ រាជរដ្ឋាភិបាលបានទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាង៥៣លានដុល្លារ(៥៣ ៦៧៩ ៧១៤) និងប្រាក់រៀលជិត១ម៉ឺនលានរៀល (៩ ៩៣៥ ៤៨៨ ៥០០)។

លោក ក៏បនបញ្ជាក់ពីតម្លាភាព និងធានាពីប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជំនួយសប្បុរសជនមួយនេះឱ្យចំគោលដៅផងដែរ។

លោកហ៊ុន សែន ធ្លាប់អះអាងថា កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ពីព្រោះកម្ពុជាមិនអាចយកប្រជាជនរបស់ខ្លួនទៅពិសោធន៍វ៉ាក់សាំងនោះទេ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស