34.8 C
Phnom Penh

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ ត្អូញត្អែរថា ការស្ថាបនាផ្លូវកៅស៊ូ ៣៤ខ្សែក្នុងក្រុងនេះ នាំឲ្យពួកគាត់ គ្មានផ្លូវចូលផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋភាគច្រើន ដែលមានលំនៅដ្ឋាននៅអមសងខាងផ្លូវកៅស៊ូចំនួន ៣៤ខ្សែ ដែលក្រុមការងារធ្វើផ្លូវ បានស្ថាបនាជិតរួចរាល់ជាស្ថាពរទៅហើយនោះ បានត្អូញត្អែរថា ការស្ថាបនាផ្លូវក្នុងក្រុងនេះបណ្តាលឲ្យពួកគាត់ មិនមានផ្លូវចូលផ្ទះ ឬចូលកន្លែងធ្វើការ, កន្លែងប្រកបអាជីវកម្ម និងមិនមានកន្លែង សម្រាប់ចតយានជំនិះជាដើម។

ក្រុមពលរដ្ឋបន្តថា ពួកគាត់សប្បាយរីករាយ ដែលបានផ្លូវល្អប្រើប្រាស់ ប៉ុន្តែក្រុមការងារស្ថាបនាផ្លូវ មិនគួរធ្វើខឿនផ្លូវ មានរបាំងថ្មបិទផ្លូវបង្កផលវិបាកដល់ការជិះម៉ូតូ ឬរថយន្តចេញចូលផ្ទះបែបនេះទេ។ ជាងនេះទៀត ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ធ្វើឲ្យពួកគាត់គ្មានកន្លែងចតយានជំនិះនៅមុខផ្ទះ, មុខកន្លែងប្រកបអាជីវកម្ម និងកន្លែងធ្វើការនោះទេ។ ពលរដ្ឋគេបានស្នើដល់ក្រុមការងារស្ថាបនាផ្លូវ ក៏ដូចជា រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ជួយដោះស្រាយចំពោះបញ្ហានេះផង។

អាជ្ញាធរក្រុងព្រះសីហនុ ឲ្យដឹងថា  គ្រប់ផ្លូវទាំងអស់ ក្នុងក្រុងព្រះ    សីហនុ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ជាផ្លូវការហើយនោះ អាជ្ញាធរនឹងចេញបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត, ការទុកដាក់សម្ភារៈ ឬការលក់ដូរ ប៉ះពាល់មកលើផ្លូវ និងចំណីផ្លូវទៀតឡើយ។

ចំណុចដែលអាជ្ញាធរក្រុង ហាមឃាត់រួមមាន៖ លើតួផ្លូវ និងចិញ្ចើមផ្លូវកៅស៊ូ ឬផ្លូវបេតុង និងលើខឿនក្រាលឥដ្ឋ សងខាងផ្លូវ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា គ្រប់ផ្លូវដែលខាងបច្ចេកទេស បានស្ថាបនាដាក់ខឿនរបាំងរួចហើយនោះ គឺហាមមិនឲ្យបើកយានយន្តបើកឡើង និងឆ្លងជាដាច់ខាត។ ក្នុងនោះកន្លែង ដែលបើកយានយន្តឆ្លងកាត់ ឬឡើងបាន គឺអនុញ្ញាតតែកន្លែងណាដែល ខាងបច្ចេកទេសស្ថាបនា បើកមុខជាទំនាបផ្លូវចូលតែប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា វិធានការខាងលើនេះ ធ្វើឡើងដើម្បីរៀបចំសោភ័ណ្ឌភាពក្នុងទីក្រុង និងរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅ។ ហើយថា ករណីនេះ មន្ត្រីជំនាញក៏បានជូនដំណឹង ឲ្យប្រជាពលរដ្ឋ ម្ចាស់ផ្ទះ និងម្ចាស់ទីតាំងផ្សេងៗ ត្រៀមបម្រុងរកចំណតដោយខ្លួនឯង ក្រៅពីចំណុច ដែលអាជ្ញាធរបានហាមឃាត់ ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរ នឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស