28 C
Phnom Penh

ពលរដ្ឋខេត្តកំពង់ឆ្នាំងថា គម្រោងបង្កើតស្ថានីយ៍ជញ្ជីងរបស់អាជ្ញាធរ គម្រាមកំហែងដល់អាជីវកម្មរបស់ពួកគាត់យ៉ាងខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរងគ្រោះរាប់សិបគ្រួសារ កំពុងភ័យព្រួយ នឹងអាជ្ញាធរដែលកំពុងរៀបចំគម្រោងបង្កើតទីតាំងស្ថានីយ៍ថ្លឹងរដ្ឋរថយន្ត ឬស្ថានីយ៍ជញ្ជីងថា បានធ្វើឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពី អាជ្ញារមួយក្រុមដែលអះអាងថាខ្លួនជាក្រុមការងារ ស្រុកកំពង់ត្រឡាច និងជាក្រុមការងារខេត្តកំពង់ឆ្នាំង បាននាំគ្នាចុះមកបម្រុង នឹងដាំតម្រុយបង្គោលលើទីតាំងដែលពួកគេគ្រោងនឹងបង្កើតស្ថានីយ៍ ថ្លឹងរថយន្តនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នេះ។

តំណាងពលរដ្ឋរងគ្រោះចំនួន ៣៤គ្រួសារ លោក វ៉ែន រស្មី បានប្រាប់ សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា គម្រោងស្ថានីយ៍ថ្លឹងរថយន្តនោះមានប្រវែងប្រមាណ៥០០ម៉ែត្រ នៅលើដីចំណីផ្លូវ ត្រង់គីឡូម៉ែត្រលេខ៤៨  ដែលបាំងលំនៅដ្ឋានរបស់ពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវជាតិលេខ៥ ចំនួន ៣៤ គ្រួសារ ស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយនឹងប៉ះពាល់ដល់មុខរបរលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់ទាំងស្រុង។

តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា អាជ្ញាធរទាំងនោះអះអាងថា ខ្លួនជាមន្ត្រីអន្តរក្រសួងដែលបានចុះមកដោះស្រាយបញ្ហានេះ ហើយពួកគេព្យាយាមបញ្ចុះបញ្ចូលប្រជាពលរដ្ឋរងគ្រោះទាំង ៣៤ គ្រួសារនោះ ឲ្យទទួលយកសំណងដែលពួកគេនឹងផ្តល់ជូន ប៉ុន្តែប្រជាពលរដ្ឋឯកភាពគ្នាបដិសេធសំណងទាំងនោះដាច់អហង្ការ។

លើសពីនេះ ប្រជាពលរដ្ឋទាំង ៣៤គ្រួសារ បានប្តេជ្ញាថា ពួកគេនឹងមិនទទួលសំណងជាដាច់ខាតទោះសំណងទាំងនោះក្នុងកម្រឹតណាក៏ដោយ ព្រោះថា សំណងទាំងនោះនឹងមិនអាចប្រៀបស្មើនឹងមុខរបររបស់ពួកគាត់ដែលបានបាត់បង់នោះទេ ជាងនេះទៀត បើយកសំណងទាំងនោះទៅរស់នៅកន្លែងផ្សេង ឬបង្កើតមុខរបរថ្មី ក៏មិនអាចធានាជីវភាពសមរម្យរបស់ពួកគាត់ដូចសព្វថ្ងៃនេះដែរ។

លោក វ៉ែន រស្មី ព្រមានថា បើអាជ្ញាធរទាំងនោះនៅតែបំពានបន្តគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តនោះទៀត ពលរដ្ឋទាំង ៣៤គ្រួសារ នឹងដាក់ញត្តិទៅខុទ្ធការល័យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធឲ្យជួយអន្តរាគម និងជួយរកយុត្តិធម៌ឲ្យពួកគាត់ ត្បិតពួកគេសង្ស័យថា អាជ្ញាធរទាំងនោះប្រហែលជាចេញមុខជំនួសក្រុមហ៊ុនឯកជនណាមួយតែប៉ុណ្ណោះ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ពលរដ្ឋរងគ្រោះចំនួន ៣៤ គ្រួសារ បានដាក់លិខិតសុំអន្តរាគមន៍ពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យលុបគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តនោះម្តងរួចមកហើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តរងលោក សាន់ យូ និងអភិបាលស្រុក មេភូមិ មេឃុំ និងមនុស្សមួយចំនួនទៀតដែលអះអាងថា ខ្លួនគឺជាមន្ត្រី                អន្តរក្រសួង បាននាំគ្នាមកបោះតម្រុយបង្គោលលើទីតាំងនោះ។

ជាងនេះទៀត ពួកគេ អះអាងថា ការមកបោះតម្រុយបង្គោលនេះ ដោយសារពួកគេ មានលិខិតបង្គាប់ការដែលចេញដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង បន្ថែមពីនេះ អាជ្ញាធរទាំងនោះបាន បញ្ចាក់ប្រាប់ពលរដ្ឋទាំងនោះថា គម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តនេះ ពួកគេបានសិក្សាតាំងពីឆ្នាំ២០១៦ មកម្លេះ។

កាលពីខែសីហា ឆ្នាំ២០១៩ មានអាជ្ញាធរមួយក្រុមផ្សេងទៀត បានចុះមកបោះបង្គោលលើទីតាំងនេះម្តងរួចមកហើយ តែត្រូវពលធ្វើការរារាំង ហើយក៏ត្រូវប្រជុំដោះស្រាយនៅសាលាស្រុក កំពង់ត្រឡាចផងដែរ តែហេតុការណ៍នេះក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយការបដិសេធមិនយល់ព្រមពីពលរដ្ឋ។

ពលរដ្ឋរងគ្រោះទាំងអស់ អំពាវនាវ ឲ្យអាជ្ញាធរជ្រើសរើសទីតាំងផ្សេងដែលមិនមានពលរដ្ឋរស់នៅ ដើម្បីសាងសង់ស្ថានីយ៍ថ្លឹងរថយន្តនេះ ដែលអាចរក្សាបាននូវផលប្រយោជន៍ទាំងសងខាង ហើយនឹងមិននាំឲ្យមានជម្លោះថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស