31.8 C
Phnom Penh

លោកត្រាំយល់ព្រមផ្ទេរអំណាច ទៅអោយអ្នកឈ្នះឆ្នោត ក្រោមសម្ពាធកាន់តែធ្ងន់ បន្ទាប់ពីកុបកម្ម នៅក្នុងរដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ជាសាធារណៈនិងជាលើកដំបូង ដោយសន្យាផ្ទេរអំណាចទៅអោយរដ្ឋការលោកបៃដិន ដែលនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកលើកទី៤៦ ។

តែបែបណា អ្វីដែលលោកត្រាំ សន្យាដើរចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីលោក រងសម្ពាធកាន់តែខ្លាំង ពីសមាជិកសភា នៃគណបក្សសាធារណរដ្ឋផងនិង ពីព្រឹទ្ធសភាផង ហើយបើតាមសេចក្ដីរារការណ័របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃ ទី០៧ ខែមករា សមាជិកសភាយ៉ាងតិច ៨រូបរួមទាំងប្រធានរដ្ឋសភា អ្នកស្រី  Nancy Pelosi  កំពុងសិក្សាផ្លូវច្បាប់ជាថ្មីទៀតដើម្បីចោទលោកត្រាំពីបទ បំពានអំណាចនិងរំលោភសេចក្ដីទុកចិត្ត ជាសាធារណៈ។

តាមប្រភពដដែលនេះ អ្នកស្រី ក៏កំពុងជំរុញអោយសភា ទាំង២ថ្នាក់ ជាពិសេស គឺលោក អនុប្រធានាធិបតី Mike Pence  ដកហូតលោកត្រាំពីតំណែង ដោយោងលើមាត្រា២៥ថ្មីនៃរដ្ឋធម្មនុញ្ញ។

សារមួយនៅក្នុងសេចក្ដីថ្លែងការណ៍ដោយបានបង្ហោះលើ Twitter របស់ អ្នកនាំពាក្យសេតវិមាន គឺលោក ត្រាំ បានសរសេររៀបរាប់ថា «កន្លងមកទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុង ចំពោះលទ្ធផលបោះឆ្នោតក៏ដោយ ប៉ុន្តែខ្ញុំក៏បានសន្យារៀបចំការផ្ទេរអំណាចនៅថ្ងៃទី២០ ខែមករា»។ 

សម្រាប់ខ្ញុំតែងតែលើកឡើងថា យើងនឹងបន្តការតស៊ូរបស់យើង ដើម្បីធានាឱ្យបានថា មានតែសន្លឹកឆ្នោតស្របច្បាប់ប៉ុណ្ណោះ ដែលត្រូវបានរាប់ ហើយចំពោះមុខការបិទបញ្ចប់អាណត្តិទី១ ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតី។ ខ្ញុំចង់ប្រាប់ថា នេះគ្រាន់តែជាការចាប់ផ្ដើមការតស៊ូរបស់យើង ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត តែប៉ុណ្ណោះ»។

ក្នុងវីដេអូមួយចេញផ្សាយកាលពីល្ងាចថ្ងៃទី៦មករា លោកត្រាំបាននិយាយថាលោក បានកាន់តំណែងជាប្រធានាធិបតីអាមេរិកមួយអាណត្តិមកនេះ គឺពិតជាមានកិត្តិយសសម្រាប់ជីវិតរបស់លោក។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានថ្កោលទោស ផងដែរចំពោះអំពើហិង្សាកាលពីថ្ងៃពុធ នៅឯអាគាររដ្ឋសភាដែលនាំអោយមនុស្សស្លាប់៤នាក់។ ក្នុងវិដេអូឃ្លីបនោះ លោកត្រាំសន្យាជាថ្មីទៀតថានឹង ផ្ទេរអំណាចដោយរលូនឱ្យរដ្ឋការរបស់លោក បៃដិន។

នៅក្នុងវីដេអូនេះទៀត លោក ដូណាល់ ត្រាំ បាន បន្តថា៖ «សភាទាំងពីរបានទទួលស្គាល់លទ្ធផលបោះឆ្នោត។ រដ្ឋបាលថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅ ថ្ងៃទី២០ ខែមករាខាងមុននេះ ។ សម្រាប់ខ្ញុំកំពុងផ្ដោតសំខាន់លើការធានាឱ្យបាននូវការផ្ទេរអំណាចដោយរលូន ហើយបច្ចុប្បន្នគឺជាពេលត្រូវផ្សះផ្សាជាតិ។

នៅមុនកុបកម្មផ្ទុះនៅរដ្ឋសភា  លោកត្រាំបានបញ្ចេញសារទៅកាន់អ្នកគាំទ្រ ដោយសំដៅអោយក្រុមទាំបាតុករទាំងនោះ រុលដំណើរទៅរដ្ឋសភា ហើយប្រឆាំងនឹងសម័យប្រជុំរបស់សភា។

លោក នៅតែបន្តអះអាងថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលួចបន្លំ ហើយគោលជំហរបែបនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការលើកទឹកចិត្តឱ្យក្រុមអ្នកគាំទ្រ បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផ្ទុះកំហឹង។

សាររបស់លោកត្រាំមានដូចនេះថា«អ្នកទាំងអស់គ្នា នឹងមិនអាចយកប្រទេសរបស់អ្នកត្រឡប់មកវិញ ដោយភាពទន់ខ្សោយរបស់អ្នកនោះទេ គឺអ្នកត្រូវតែបង្ហាញភាពខ្លាំងរបស់អ្នក

ប៉ុន្តែនៅពេលកុបកម្មបានផ្ទុះដោយបណ្ដាលអោយមានមនុស្សស្លាប់ លោកក៏បានបញ្ចេញសារមួយទៀត សុំអោយអ្នកគាំទ្រ លោក ត្រឡប់ទៅផ្ទះវិញ។ ករណីនេះនាំអោយ ហ្វេសបុក និងTwitter របស់លោកត្រូវបានប្លុកភ្លាមៗ។

បែបណាការសន្យាទាំងអស់ របស់លោក ត្រាំ ធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីសភាទំាងពីររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មកនេះ បានប្រកាសជាផ្លូវការថា លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ពិតជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយ បានអនុញ្ញាតិអោយលោកបៃដិនត្រូវត្រៀមខ្លួន ដើម្បីស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០មករាឆ្នាំ២០២១។

ការប្រកាសទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីអាមេរិកថ្មីក៏ត្រូវបានមើលឃើញថា  ត្រូវបានធ្វើឡើងដោយ បន្ទាប់ពីអនុប្រធានាធិបតីរបស់លោកគឺលោក Mike Pence បានប្រកាសទទួលស្គាល់ លោកបៃដិនថាពិតជាបានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣វិច្ឆិកា។

ប៉ុន្តែលោកMike Pence បានបញ្ជាក់ដូចនេះក្រោយពីការផ្ទុះកុបកម្ម ក្នុងវិមានសភា ពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលបានបង្ខំឲ្យសម័យប្រជុំសភា ត្រូវបានពន្យារពេលអស់ជាច្រើនម៉ោងហើយបង្កអោយនុស្សស្លាប់យ៉ាងតិច៤នាក់ នៅក្នុងថ្ងៃកើតហេតុនិងម្នាក់ចុងក្រោយទៀតបានស្លាប់នៅថ្ងៃទី៧មករាគឺប៉ូលិសប្រចាំការ នៅរដ្ឋសភា។

សារព័ត៌មាន New York Times បានចុះនៅថ្ងៃ៨ មករា ឆ្នាំ២០២១ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សារបស់លោក អំពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី ដើម្បីលើកលែងទោសឱ្យអោយរូបលោក ខណៈលោកត្រូវគេរំពឹងថា អាចនឹងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន ក្រោយលោកអស់អំណាច។

មន្ត្រីសេតវិមាន ដែលបានដឹងឮអំពីលោកត្រាំ បានប្រាប់កាសែត អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ត្រាំ បានពិចារណា ជាមួយនឹងក្រុមមន្ត្រីទីប្រឹក្សារបស់លោក អំពីលទ្ធភាពនៃការប្រើប្រាស់អំណាចប្រធានាធិបតី ដើម្បីលើកលែងទោសឱ្យខ្លួនឯងខណៈលោកត្រាំ បានប្រើប្រាស់អំណាចជាប្រធានាធិបតី លើកលែងទោសឱ្យមនុស្សជំនិតរបស់លោកជាច្រើននាក់ ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ក្នុងនោះរួមមានទាំងបុគ្គលដែលមានជាប់ពាក់ព័ន្ធ នឹងបទឧក្រិដ្ឋកម្មធំៗផងដែរ។ មកទល់ពេលនេះ ពុំមានប្រធានាធិបតីអាមេរិកណាម្នាក់ ធ្លាប់ទទួលបានការលើកលែងទោសឱ្យខ្លួនឯងឡើយ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស