31 C
Phnom Penh

អ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែតជើងចាស់គាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចមកស្រុកបានឡើយ ទោះអាមេរិកមានប្រធានាធិបតីជាប់ឆ្នោតពីខាងគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។

អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព្រឹត្តិការណ៍ព័ត៌មានប្រចាំទូរទស្សន៍បាយ័ន លោក សយ សុភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ភាគីលោក សម រង្ស៊ី មិនគួរដើរផ្លូវ ដដែលៗ ដែលគូសវាសដោយ អាមេរិក និងក្រុមឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។

លោកបន្តថា  ការធ្វើមាតុភូមិនិវត្តន៍ជាលើកទី២របស់ក្រុមលោក សម រង្ស៊ី ដែលដឹកនាំដោយអ្នកស្រី មូរ សុខហួរ អាចមកកម្ពុជាបានឬមិនបាន វាមិនអាស្រ័យលើអ្នកស្រីនោះ ទេ តែវាអាស្រ័យលើអ្នករៀបរៀង គឺអាមេរិក និងបក្សពួករបស់គេតែប៉ុណ្ណោះ។

លោកបន្តថា អ្នកស្រី មូរ សុខហួរ មិនត្រូវច្រឡំថា បក្សប្រជាធិបតេយ្យឈ្នះ អ្នកស្រីអាចមកស្រុកខ្មែរបាននោះឡើយ ព្រោះអាមេរិកមិនបានចាត់ទុក ខ្មែរក្នុងយុទ្ធសាស្ត្ររបស់គេនោះទេ ដោយអាមេរិកមើលវៀតណាម ជាចំនុចពិសេសដើម្បីទប់ទល់ឥទ្ធិពលចិន។

ឆ្នាំ២០២១នេះ លោក សយ សុភាព យល់ឃើញថាក្រុមរបស់អាមេរិក នឹងបើកការវាយលុក មកលើចិន និងមិត្តរបស់ចិន រឹតតែខ្លាំង។ ក្នុងន័យនេះ អ្នកស្រី សុខហួរ នឹងរកលេសផ្សេងទៀត ពីការពន្យាពេល មកស្រុកខ្មែរជាថ្មីទៀត។ លោកអះអាងថា នេះជាអ្វីដែលោកបាននិយាយរួចហើយ អំពីភូមិសាស្ត្រនយោបាយ។

អ្នកកាសែតមាននិន្នាកាគាំទ្ររដ្ឋាភិបាលរូបនេះ លើកឡើងទៀតថា ក្រុមអ្នកស្រី មូរ សុខហួរ ពិតជាបានដឹងច្បាស់ណាស់ ជាពិសេសមេធំ របស់អ្នកស្រី ហើយអ្នកស្រីក៏មិនគួរចាញ់បោកគេទៀតនោះដែរ។

ការលើកឡើងនេះ បន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ឡុង រី បានសរសេរនៅលើគណនីហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែមករា ក្នុងពិធីប្រោះព្រហ្ម ប្រជុំពល នៅវត្តភ្នំសេរី ក្នុងរដ្ឋ New Yorkសហរដ្ឋអាមេរិក។

លោកអះអាងថា ពិធីប្រោះព្រំនេះ ធ្វើឡើង ដើម្បី ជូនដំណើរប្រតិភូគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក ជំទាវ មូរ សុខហួរ ទៅតតាំងជាមួយប្រពន្ធ័យុត្តិធម៌នៅកម្ពុជា។

តាមសេចក្តីថ្លែងការណ៍របស់បក្សសង្រ្គោះជាតិក្រុមលោក សម រង្ស៊ី នៅក្រៅប្រទេសកាលពីចុងឆ្នាំ២០២០ អះអាងថា អ្នកស្រី មូរ សុខហួរ នឹងដឹកនាំដំណើរមាតុភូមិនិវត្តន៍ចូលមកកម្ពុជានៅថ្ងៃទី៤ខែមករា ដើម្បីត្រៀមចរចារជាមួយលោក ហ៊ុន សែន ឈានទៅរកការផ្សះផ្សារជាតិ។ ប៉ុន្តែគម្រោងនេះ ត្រូវបានពន្យារទៅវិញ ក្រោមហេតុផលថារដ្ឋាភិបាលនៅមិនទាន់ផ្តល់ទិដ្ឋការ ឬវីហ្សាឱ្យពួកគេ ដើម្បីធ្វើដំណើរទៅកម្ពុជាបាន។

យ៉ាងណាក្រុមអ្នកឃ្លាំមើលយល់ឃើញថា ដំណើរមាតុភូមិនិវត្តន៍ជាលើកទី២របស់ក្រុមលោក សម រង្ស៊ីនេះ នឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានភ្លើងខៀវណាមួយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លើសពីនេះ ផែនការនេះ ដើម្បីបំពងសំឡេង និងជានយោបាយប្រជាភិថុតិតែប៉ុណ្ណោះ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលលោក សម រង្ស៊ី ដាក់ផែនការច្បាស់លាស់ថានឹងចូលស្រុកខ្មែរឱ្យបាននោះ ត្រូវបរាជ័យទាំងស្រុង ក្រោមហេតុផលថារដ្ឋាភិបាលបានបិទគ្រប់ច្រក និងមិនឱ្យជាន់ដីប្រទេសថៃ ដើម្បីដឹកនាំកម្លាំងចូលមកកម្ពុជា។

ផែនការពេលនោះ បណ្តាលឱ្យសកម្មជនរបស់ខ្លួនយ៉ាងហោចណាស់១០០នាក់ត្រូវបានចាប់ខ្លួន និងមានដីកាចាប់ខ្លួន ជាបន្តបន្ទាប់ ពីបទរួមគំនិតក្បត់ និងញុះញង់ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស