លោក ហ៊ុន សែន អនុញាតិឲ្យ ប្រារព្ធពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មីជាផ្លូវការ ក្រោមទស្សនទានថ្មី គឺគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។
សារលិខិតរបស់ លោក ហ៊ុន សែន ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ បានណែនាំសម្រាប់បវេសនកាលឆ្នាំសិក្សា២០២០-២០២១ ដល់គ្រឹះស្ថានអប់រំនៅកម្ពុជាដែលមាន១២ ចំនុច ដើម្បីអនុវត្តដំណើរកាសិក្សាក្នុងឆ្នាំថ្មីនេះ ស្របតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងនោះ ក៏ជុំរុញឲ្យបន្តអនុវត្តតាមអភិក្រម «៣ការពារ ឬ៣កុំ ផងដែរ»។
លោក អះអាងថា ក្នុងបវេសនកាល ឆ្នាំសិក្សាថ្មីបន្ទាប់ពីឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ១៩នេះ គ្រឹះស្ថានអប់រំទាំងអស់ត្រូវតែនាំគ្នាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ការចូលរួមទប់ស្កាត់នោះ តាមរយៈការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១ម៉ែត្រកន្លះ និងសុវត្ថិភាព អនាម័យចំណីអាហារជាដើម។
ការអះអាងនេះ ធ្វើឡើងស្របពេលស្ថានភាពជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជានៅមិនទាន់បានធូស្បើយទាំងស្រុងនៅឡើយ ដែលទាមទារឱ្យមានវិធានការនានា ទប់ស្កាត់មិនឱ្យជំងឺនេះឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍សាលារៀន។
រដ្ឋាភិបាលបន្ថែមទៀតថា វិធានការទាំងនេះ ដោយណែនាំទៅដល់គ្រឹះស្ថានសិក្សា ដែលក្រសួងអប់រំយុវជន និងកីឡា បានអនុញាតិឲ្យគ្រឹះស្ថានអប់រំទូទាំងប្រទេស ទាំងគ្រឹះស្ថានអប់រំឯកជន និងសាធារណៈ ដំណើរការឡើងវិញនៅ ដើមខែមករា នេះ។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចជូនដំណឹងថា ក្រោយបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួងនឹងអនុញាតិឲ្យដំណើរការសាលារៀនឡើងសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតសង្គម និងបុគ្គល ជាពិសេស គឺត្រូវពាក់ម៉ាស់ ក្នុងបរិវេណគ្រឹះស្ថានសិក្សាផងដែរ។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ក្នុងពីធីបើកបវេសនកាលក្នុងខេត្តកំពង់ចាម បានអះអាងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សានុសិស្សកំពុងសិក្សាជិត ៤លាននាក់។ ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅ ទាំងរដ្ឋ និងឯកជន មានប្រមាណ ៣លាន ៥សែននាក់។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានប្រមាណ ២១ម៉ឺននាក់។
លោក បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១ម៉ឺន ៨ពាន់កន្លែង។ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១ម៉ឺន ៣ពាន់៥រយ កន្លែង និងគ្រឹះស្ថានសិក្សាឯកជនចំនួន ១ពាន់ ៥០០រយ កន្លែង។
ជាងនេះទៀត គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន ១២៥កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨កន្លែង និងឯកជន ៧៧កន្លែង។
យ៉ាងណាក៏ដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបនេះ អំពាវនាវ ឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩នេះ។
បវេសនកាលដែលធ្លាប់តែធ្វើឡើងនៅក្នុងខែវិច្ឆិកាជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ ត្រូវបានពន្យារពេល លើកមកធ្វើនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជំនួសវិញ ដោយសារជំងឺកូវីដ១៩៕