30 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមថាការង្កើតសារមន្ទីរជាតិនៃការបាត់បង់ទឹកដី គឺជាការបណ្តុះគំនិតជាតិនិយមសម្រាប់ពលរដ្ឋខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតសារមន្ទីជាតិ នៃការបាត់បង់ទឹកដីខ្មែរ ដើម្បីបំផុសស្មារតីជាតិដល់កូនខ្មែរគ្រប់រូបឲ្យសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនដែលបានធ្លាក់ចុះតាមគ្រប់រូបភាព និងគ្រប់សម័យកាល។

ជាងនេះទៀត ពួកគេថា សារមន្ទីជាតិ នៃការបាត់បង់ទឹកដីនេះ មានការសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញ ដល់ពលរដ្ឋ យុវជន អ្នកសិក្សាស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ អំពីប្រវត្តិនៃការបាត់បង់ ទឹកដី ដោយសារការរំលោភបំពានពីបរទេសជិតខាង។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា សារមន្ទីដែលចារិកអំពីការបាត់បង់ទឹកដីខ្មែរនេះ នឹងក្លាយទីកន្លែងលាតត្រដាង     ប្រវត្តិសាស្ត្រគ្រប់ដំណាក់កាលនៃអាណាចក្រខ្មែរដ៏អស្ចារ្យ និងការស្រុតចុះនៃអាណាចក្រខ្មែរដ៏រុងរឿងគ្រប់ជំនាន់ផងដែរ។

លោក អះអាងថា សារមន្ទីជាតិនៃការបាត់បង់ទឹកដីខ្មែរនេះ គឺជាប្រភពដ៏ចម្បងក្នុងការបណ្តុះស្មារតីជាតិ ដល់កូនខ្មែរគ្រប់រូបមិនចេះរីងស្ងួត។

លើសពីនេះ ដើម្បីឲ្យដឹងច្បាស់ពីការបាត់បង់ទឹកដី កម្ពុជាលើ កម្ពុជាក្រោម និងកម្ពុជាកណ្តាល ដោយសារនយោបាយវាតទីនិយមពីប្រទេសថៃ និងវៀតណាម ព្រមទាំងការបែកបាក់ផ្ទៃក្នុងជាតិខ្មែរខ្លួនឯងថែមទៀតផង។

លោក ទូច វិបុល បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាអាចសាងសង់សារមន្ទីរនៃការបាត់បង់ទឹកដីនេះ ទុកជាកេរ្តិរ៍តំណែលឲ្យអ្នកជំនាន់ក្រោយដើម្បីឲ្យពួកគេអាចសិក្សាស្រាវជ្រាវពីចំនុចខ្វះខាតនៃការដឹកនាំក្នុងសម័យកាលនីមួយៗ ដែលធ្វើឲ្យមហាអាណាចក្រខ្មែរធ្លាក់ចុះអន់ថយ។

លោកថា នៅកម្ពុជាមានតែសារមន្ទីរបង្ហាញពីការឈឺចាប់នៃប្រវត្តិសាស្ត្ររបស់ខ្លួនតែប៉ុណ្ណោះ តែមិនទាន់មានសារមន្ទីរបន្តផ្តល់ចំណេះដឹងសម្រាប់ និស្សិត បញ្ញវន្តខ្មែរនៅឡើយទេ។

ការអះអាងនេះ ធ្វើឡើងស្របពេលកម្ពុជាមានសារមន្ទីរមួយចំនួនដែលជាកន្លែងរំលឹកប្រវត្តិសាស្ត្រ និងកេរ្តិ៍មត៌កសម័យអង្គរ របស់ខ្លួនសម្រាប់កូនខ្មែរជំនាន់ក្រោយ ប៉ុន្តែសារមន្ទីរជាតិសម្រាប់ចារិក និងតម្កល់ភស្តុតាង ឬឯកសារនានា ស្តីអំពីបាត់បង់ទឹកដីរបស់កម្ពុជានោះ មិនទាន់មាននៅឡើយទេ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះ ថា លោកយល់ព្រមនឹងការបង្កើតសារមន្ទីរនេះឡើង ប៉ុន្តែលោក សុំប្តូរពីសារមន្ទីរនៃការបាត់បង់ទឹកដី មកជាសារមន្ទីរស្រាវជ្រាវផែនទីភូមិសាស្ត្រខ្មែរជំនួសវិញ។

លោក បញ្ជាក់ថា សារមន្ទីរនេះ នឹងតម្កល់ឯកសារនានា និងផែនទីរបស់កម្ពុជា ដែលបង្ហាញពីការបាត់បង់ទឹកដី និងការពង្រីកទឹកដីខ្មែរ ក្នុងប្រវត្តិសាស្ត្រ តាំងពីសតវត្សទី១ មកទកដល់បច្ចុប្បន្ន។ លោកថាការបង្កើតសារមន្ទីរនេះឡើង គឺក្នុងគោលបំណង លើកស្ទួយស្មារតីកូនខ្មែរឲ្យស្រឡាញ់ជាតិ និងមានជាតិនិយមថ្លៃថ្នូរ ព្រមទាំងស្គាល់ប្រវត្តិសាស្រ្តជាតិខ្មែរខ្លួនឯងពិតប្រាកដ។

កម្ពុជាបច្ចុប្បន្ន មានសារមន្ទីរចំនួន ៣កន្លែងប៉ុណ្ណោះ គឺទី១ សារមន្ទីរជាតិ ឬសាលារចនា ជាកន្លែងសម្រាប់តំកល់វត្ថុបុរាណផ្សេងៗ ទី២ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬគុកទួលស្លែង ហើយទី៣ សារមន្ទីរប្រវត្តិសាស្ត្រជើងឯក ឬវាលពិឃាតបឹងជើងឯក ដែលជាបូជនីយដ្ឋានរំលឹក អំពីរបបប្រល័យពូជសាសន៍របស់កម្ពុជា ក្នុងរបបខ្មែរក្រហម។

សារមន្ទីរជាតិបានដំណើរការឡើងវិញ ក្នុងឆ្នាំ១៩៩៥ ជាទីកន្លែងសម្រាប់តំកល់វត្ថុបុរាណដែលសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ រីឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងសម្រាប់តំកល់ឯកសារប្រត្តិសាស្ត្រអ្នកទោសក្នុងរបបខ្មែរក្រហម ដូចជាឯកសារស្តីអំពីការធ្វើទារុណកម្មសួរចម្លើយជាដើម។

ចំណែក សារមន្ទីរប្រវត្តិសាស្ត្រ ជើងឯក ជាទីតាំងសម្រាប់ថែរក្សាទុកភស្តុតាងគំនរឆ្អឹងពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយ              ទីតាំងនេះក៏បានចាត់ទុកជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ការចេះដឹងជាកម្លាំង និងជាអំណាចផងដែរ។ ដូច្នេះអ្នកនយោបាយជំនាន់ក្រោយ ត្រូវចេះដឹងជាងអ្នកនយោបាយជំនាន់មុន និងត្រូវស្គាល់ទឹកដីអាណាចក្រខ្មែរពីសម័យមុន ដែលជាប្រទេសរបស់ខ្លួនឲ្យបានច្បាស់លាស់ផង និងស្គាល់បរទេសជិតខាងផង ជាពិសេសប្រទេស វៀតណាមតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស