30 C
Phnom Penh

កម្ពុជាបន្តច្រានចោល ករណីថាមានការរំលោភសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា បានចេញមុខបដិសេធជាថ្មីទៀត ចំពោះការលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន បានប្រព្រឹត្តនូវអំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។

សារព័ត៌មានថ្មីៗបានស្រង់សម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ចុះផ្សាយនៅថ្ងៃនេះថា កម្ពុជាគ្មានឡើយការរំលោភបំពានសិទ្ធិមនុស្ស គឺមានតែការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន អះអាងថា ការចាត់វិធានការលើអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ឬសកម្មជនសង្គមស៊ីវិលផ្សេងទៀត គឺធ្វើទៅតាមអង្គហេតុ និងអង្គច្បាប់ ព្រមទាំងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏មិនភ្លេចឡើយនូវការហៅក្រុមសកម្មជនបក្សប្រឆាំងខ្លះថា ជាពួកឧទ្ទាម ដែលបានធ្វើសកម្មភាពឧទ្ទាម មិនមែនជាការបញ្ចេញមតិនោះឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនៅតែរក្សាជំហរចាត់វិធានការតាមច្បាប់ឱ្យខាងតែបាន។ 

ការអះអាងនេះ ធ្វើឡើងក្រោយពេលក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចំនួន៦រូប កាលពីចុងសប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន សម្តែងក្តីបារម្ភជុំវិញស្ថានភាពនៃការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា។ 

សេចក្តីថ្លែងការណ៍រួមនោះ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថាអ្វីដែលពួកគេ ព្រួយបារម្ភនោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុ ទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកជំនាញ សិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួន ៦ រូប បានសម្តែងការព្រួយបារម្ភចំពោះការឃុំខ្លួន និងការចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្សកម្ពុជា រួមទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិស្រ្តីមួយចំនួន ក្នុងការឆ្លើយតបទៅនឹងការការពារសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។

ពួកគេ ក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះការចោទជាបទល្មើសព្រហ្មទណ្ឌ នូវមធ្យោបាយដែលអ្នកការពារសិទ្ធិមនុស្សប្រើប្រាស់ដើម្បីអនុវត្តការងាររបស់ខ្លួន ដែលរារាំងដល់សមត្ថភាពរបស់ពួកគេក្នុងការរាយការណ៍ និងការតស៊ូមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៀត ពួកគេក៏បានបង្ហាញការព្រួយបារម្ភចំពោះរបាយការណ៍ដែលអះអាងពីការប៉ុនប៉ងរារាំងអ្នកការពារសិទ្ធិមនុស្សក្នុងការតាមឃ្លាំមើលបាតុកម្មអហិង្សា ស្របតាមសិទ្ធិសេរីភាពក្នុងការជួបប្រជុំ។

សកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាលទាំងនេះ ធ្វើឡើងស្របពេលសកម្មជនសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំង បំពេញការងារក្នុងការការពារសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ដូចជា សិទ្ធិជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និង សិទ្ធិបញ្ចេញមតិ ដែលស្របតាមរដ្ឋធម្មនុញ្ញជាដើម។

ក្នុងលិខិតនោះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងចំឈ្មោះមនុស្សមួយចំនួន ដែលត្រូវចាប់ខ្លួននាពេលថ្មីៗនេះ រួមមានប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ព្រះតេជព្រះគុណ កើត សារ៉ាយ លោក  ហ៊ុន វណ្ណៈ លោក ថុន រដ្ឋា លោក ថា ឡាវី លោក មាន ព្រហ្មមុនី លោក មួង សុភ័ក្រ្ត អ្នកនាង ឈឿន ដារ៉ាវី  កញ្ញា ឡុង គន្ធា និង យុវតី ភួង កែវរស្មី ជាដើម។

អ្នកទាំងនេះ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនចន្លោះពីចុងខែកក្កដា រហូតដល់ខែតុលា ឆ្នាំ២០២០ ដោយតុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ និងឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃសរហូតមកដល់ពេលបច្ចុប្បន្នរងចាំការជំនុំជម្រះក្តី។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ឬហៅថា ក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទាំង៦រូប ដែលចេញលិខិតរួមនោះ គឺ អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្ស និងអ្នកជំនាញសិទ្ធិមនុស្សបីនាក់ផ្សេងទៀត។

ត្បិតតែកម្ពុជាបានច្រានចោលករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះក៏ដោយ ប៉ុន្តែកាលពីខែសីហាឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចជាផ្លូវការក្នុងការអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ពីកម្ពុជាជាផ្លូវការ។

ការសម្រេចនេះ ដោយអឺរ៉ុបបានសិក្សារកឃើញថារដ្ឋាភិបាលរបស់លោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលបានបំផ្លាញចាប់តាំងពីចុងឆ្នាំ២០១៧មកនោះឡើយ ពោលគឺស្ថានភាពរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅតែកើតមាន។ រីឯលទ្ធិប្រជាធិបតេយ្យ កម្ពុជានៅតែដើរប្រាសចាកពីគន្លងមកនេះដដែល។ 

ការអនុវត្តយកពន្ធថ្លៃទំនិញ២០%នេះ នឹងធ្វើឱ្យកម្ពុជាត្រូវខាតបង់ប្រាក់ប្រមាណ១រយលានដុល្លារ ក្នុងមួយឆ្នាំលើការបង់ពន្ធទំនិញប្រមាណ៤០ប្រភេទដែលនាំចូលទឹកដីអឺរ៉ុប។

យ៉ាងណាអឺរ៉ុប បង្ហាញផ្លូវថា កម្ពុជានឹងមានឱកាសទទួលបានភាពអនុគ្រោះពន្ធ២០ភាគរយនោះមកវិញ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រឡប់មករកភាពប្រសើរឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស