29 C
Phnom Penh

លោក ហ៊ុន សែន បន្តកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ជាង ៨៥ហិកតាទៀត នៅខេត្តព្រះសីហនុឲ្យអ្នកមានលុយ និងមានមន្ត្រីមានអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តចេញអនុក្រឹត្យកាត់ឆ្វៀលដីមានទំហំជាង ៨៥ហិកតាទៀត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ តាមសំណើរ របស់លោក                 ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការកាត់ឆ្វៀលនេះ ធ្វើឡើងតាមរូបភាព នៃការធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនពលរដ្ឋចំនួន ០៥គ្រួសារ ដែលគេស្គាល់ថា សុទ្ធសឹងជាមន្ត្រីមានតួនាទីខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាអ្នកមានទ្រព្យធនស្តុកស្តម។

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះ សីហនុ រិះគន់ថា ការធ្វើអនុប្រយោគពីដីរដ្ឋ ទៅជាដីឯកជននេះ នឹងនាំឲ្យរលាយហិនហោចដីគម្របព្រៃឈើឆ្នាំ២០០២ និងធនធានធម្មជាតិ ដែលនៅសេសសល់ ក្នុងខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះនាថ្ងៃអនាគ។

អនុក្រឹត្យចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានចុះហត្ថលេខា និងបោះត្រា ដោយលោក ហ៊ុន សែន និងលោក ជា សុផា ដែល The Cambodia Daily ទទួល Messenger នៃបណ្តាញសង្គម Facebook នៅថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា លោក ហ៊ុន សែន បានកាត់ឆ្វៀលដីទំហំ ៨៥ហិកតា ៣៧អាទៀត មានទីតាំងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយធ្វើអនុប្រយោគទៅជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនតំណាងពលរដ្ឋចំនួន ០៥គ្រួសារ។

តំណាងពលរដ្ឋទាំងប្រាំគ្រួសារនោះ រួមមានឈ្មោះ៖ ឡាំ ហ៊ឹម សុខ សំអុល អាង ឡាំ ជេង ពីវ និងឈ្មោះ ងួន ចាន់ណាល់ ដែលត្រូវកាន់កាប់ជាក់ស្តែង។ ហើយថា បទប្បញ្ញត្តិទាំងឡាយ ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

ក្រុមប្រជាពលរដ្ឋរិះគន់ ចំពោះសកម្មភាព និងទង្វើ របស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដែលបន្តកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ទៅឲ្យបុគ្គលមានទ្រព្យ និងមានអំណាចក្នុងជួរដ្ឋាភិបាលបច្ចុប្បន្នថា កំពុងដល់បំផ្លាញដល់ធនធានធម្មជាតិ និងដីគម្របព្រៃឈើបៃតងក្នុងខេត្តព្រះសីហនុ។ 

ពួកគេសង្ស័យថា ការកាត់ឆ្វៀលដីនេះ អាចទំនង លោក ជា សុផារ៉ា ទទួលបានលាភសក្ការៈច្រើនក្រាសក្រែល ពីការចេញមុខរៀបចំឯកសារដាក់សំណើរសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ និងទីតាំងដីសាធារណៈរបស់រដ្ឋផ្សេងៗទៀត របស់បុគ្គលមួយចំនួន ដើម្បីដាក់ជូន លោក ហ៊ុន សែន ចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគនេះ។

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ បារម្ភថា បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២, ដីឆ្នេរសមុទ្រ, បឹង, អូរធម្មជាតិ និងដីព្រៃឈើក្នុងបរិវេណឧទ្យានជាតិរាមជាដើម ទំនងជាត្រូវបាត់បង់ ឬរលាយហិនហោចក្នុងអាណត្តិ លោក ជា សុផារ៉ា មកដឹកនាំជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន មកធ្វើជាអភិបាលខេត្តព្រះសីហនុ ជាក់ជាមិនខានទេ។ 

ពួកគេសំណូមពរដល់ ហ៊ុន សែន គួរពិចារណាបញ្ឈប់ បន្តការចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ និងដីសាធារណៈរបស់រដ្ឋច្រើនទីតាំងទៀត តាមសំណើរ របស់លោក ជា សុផារ៉ា ដែលនាំឲ្យរលាយហិនហោចធនធានធម្មជាតិ និងបរិវេណដីព្រៃឈើ ដែលនៅសេសសល់ក្នុងខេត្តព្រះសីហនុ នាថ្ងៃអនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស