29 C
Phnom Penh

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជាថា កម្ពុជាទទួលស្វាគមន៍តែការរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា កម្ពុជាទទួលស្វាគមន៍ចំពោះការរិះគន់ ក៏ប៉ុន្តែ សូមឱ្យការរិះគន់សិទ្ធិមនុស្សក្នុងលក្ខណៈស្ថាបនា និងជាការ រិះគន់ដោយជៀសវាងភ្ជាប់នូវវបៀបវារៈនយោបាយ។

សារព័ត៌មានស្និតរដ្ឋាភិបាលFresh News បានស្រង់សម្តីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃនេះ ដោយបង្ហាញពីមោទនៈភាពថា កម្ពុជាកំពុងតែឈានមុខគេក្នុងការអនុវត្តន៍សិទ្ធិមនុស្ស ព្រោះដំណើរការប្រើប្រាស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ បានអនុវត្តន៍ស្របតាមច្បាប់ទម្លាប់ ដោយមិនមានការព្រួយបារម្ភនោះឡើយ។

លោក អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនមានឆន្ទៈទទួលយកការរិះគន់ទាំងនោះទេ មិនមែនរដ្ឋាភិបាលអនុញ្ញាតឲ្យបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានោះទេ។

ជាងនេះទៀត ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រូបនេះ សង្កត់ធ្ងន់ថា សិទ្ធិរស់រានមានជីវិត គឺរឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។ ដូច្នេះ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត លើកិច្ចការងារជួយអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩ ជាដើម។

លោក កែវ រ៉េមី គូសបញ្ជាក់ថា កម្ពុជាមានផែនការច្បាស់លាស់លើការងារគោរពសិទ្ធិមនុស្ស ជាក់ស្តែងបើទោះបីកម្ពុជា បានជួបវិបត្តិជាបន្តបន្ទាប់ដូចជា៖ វិបត្តិរាតត្បាតជំងឺកូវីដ-១៩, វិបត្តិគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងឆ្នាំ២០២០កន្លងទៅក្តី។ ប៉ុន្តែកម្ពុជាមិនមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់ស្បៀងអាហារ ឬស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។

ការអះអាងនេះ ក្រោយពេលក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចំនួន៦រូប កាលពីចុងសប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយក្តីបារម្ភរបស់ពួកគេជាថ្មីទៀត ជុំវិញស្ថានភាពនៃការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅកម្ពុជា។ 

សេចក្តីថ្លែងការណ៍រួមនោះ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថាអ្វីដែលពួកគេ ព្រួយបារម្ភនោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងហួសហេតុ ទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។

ពួកគេ បានសម្តែងការព្រួយបារម្ភចំពោះការឃុំខ្លួន និងការចោទប្រកាន់ លើអ្នកការពារសិទ្ធិមនុស្សកម្ពុជា រួមទាំងស្រ្តីជាអ្នកការពារសិទ្ធិមនុស្ស និងអង្គការសិទ្ធិស្រ្តីមួយចំនួន ក្នុងការឆ្លើយតបទៅនឹងការការពារសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។

មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជារបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ជាកាកត់សម្គាល់កន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនដែលបង្ហាញរបាយការណ៍របស់ខ្លួនស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ ផ្ទុយទៅវិញពួកគេតែងបង្ហាញរបាយការណ៍ការពាររដ្ឋាភិបាលតែប៉ុណ្ណោះ។

លោក អះអាងថា សិទ្ធិពលរដ្ឋចូលរួមក្នុងនយោបាយគឺគ្មានភាពល្អប្រសើនោះទេ មានតែធ្លាក់ចុះកាន់តែធ្ងន់ធ្ងរទៅៗ។ ជាងនេះទៀតការលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺពួកគេមានមូលដ្ឋាន និងភស្តុតាងផ្លូវការគ្រប់គ្រាន់ទើបពួកគេធ្វើការវាយតម្លៃលើបញ្ហានេះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា ការលើកឡើងថាសិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិសំខាន់ គ្រាន់តែជាការលើកឡើងមួយជ្រុងតែប៉ុណ្ណោះ ត្បិតគោលការណ៍អន្តរជាតិស្តីពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ គឺមិនអាចកាត់ផ្តាច់សិទ្ធិណាមួយសំខាន់ជាងគេនោះទេ។

លោក ថា បើនិយាយថា សិទ្ធិរស់រានមានជីវិតជាសិទ្ធិសំខាន់នោះ ក៏គ្មានអ្វីខុសពីសត្វដែរ ព្រោះថា កត្តាសំខាន់បំផុតរបស់សត្វ គឺដើម្បីតែរស់តែប៉ុណ្ណោះ។

កាលពីដើមខែកញ្ញា ឆ្នាំ២០២០ លោក ស្រី រ៉ូ ណាល់ស្មីត ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានអះអាងថា អាជ្ញាធរក្រុងភ្នំពេញបានចាប់ និងឃុំខ្លួន អ្នកតវ៉ាដើម្បីសិទ្ធិសេរីភាព និងប្រើប្រាស់កម្លាំងជ្រុលហួសហេតុរបស់ខ្លួនទៅលើក្រុមអ្នកតស៊ូរមតិដែលជាពលរដ្ឋស្លូតត្រង់។

ទិន្នន័យសង្គមស៊ីវិលបង្ហាញថា រយៈពេល១២ខែចុងក្រោយក្នុងឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ជាង មួយរយករណី ដើម្បីបំភ័យអ្នកតវ៉ា ទាមទារសិទ្ធិបញ្ចេញមតិដែលតែងតែ នាំគ្នារិះគន់លើការដឹកនាំរបស់ខ្លូន។

ចំណែក នាយកប្រតិបត្តិអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីចុងខែកញ្ញា ឆ្នាំ២០២០ បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា ថាជាការធ្វើទុក្ខបុកម្នេញ និងជាការរំលោភសិទ្ធិបញ្ចេញមតិដល់ក្រុមអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស