ចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងបានទាមទារឲ្យ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បញ្ឈប់ការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់។
ការទាមទាររបស់ចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បាននិយាយមើលងាយអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀត ដោយប្រដូចព្រះអង្គទៅនឹងទីងមោងជាដើម។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្រះមហាក្សត្រសព្វថ្ងៃ ជាស្តេចទីងមោង តែប៉ុណ្ណោះ ពីព្រោះព្រះអង្គធ្វើអ្វីៗតាមតែបញ្ជាលោក ហ៊ុន សែន ទាំងអស់។ លើសពីនេះ ទ្រង់មិនដែលគិតគូរពីរឿងប្រទេសជាតិណាម្តងឡើយ ហើយសំងំយកសុខសម្រាប់តែអង្គឯង ដូចជាសត្វសេកក្នុងទ្រុងមាស ដែលលោក ហ៊ុន សែន យកថវិកាជាតិទៅចិញ្ចឹម តែគ្មានបានប្រយោជន៍អ្វីសោះឡើយ សម្រាប់ប្រជារាស្ត្រខ្មែរ។
សេចក្តីថ្លែងការណ៍របស់ចលនាយុវជនសង្គ្រោះជាតិប្រចាំសាធារណៈរដ្ឋកូរ៉េខាតត្បូង ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ ទាមទារឲ្យលោក សម រង្ស៊ី គោរពតាមបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២។
បទបញ្ជា និងលក្ខន្តិកៈផ្ទៃក្នុងបក្ស បានចែងអំពី ការប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ កម្ពុជា គោរពរបបរាជានិយម គឺស្ថាប័នព្រះមហាក្សត្រ និងដើរតាមរបបប្រជាធិបតេយ្យសេរីពហុបក្សជាដើម។
ពួកគេ អះអាងថា ការវាយប្រហាររិះគន់លើអង្គព្រះមហាក្សត្រដែលជាស្ថាប័នកំពូល ធ្វើឲ្យរបបរាជានិយមកាន់តែចុះខ្សោយ ហើយជាលទ្ធផល គឺជាការជួយពង្រឹងរបបផ្តាច់ការនៅកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀតទៅវិញ។ ការលើកឡើងដូច្នេះ ត្បិតពលរដ្ឋដែលគោរពស្រលាញ់ព្រះមហាក្សត្រអាចនឹងបាក់ទឹកចិត្ត និងលែងមានជំនឿ លើគណបក្សសង្គ្រោះជាតិតទៅទៀត។
ក្រុមនេះ អំពាវនាវ ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវមានវិន័យ និងវិលត្រឡប់មកគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវ គោលការណ៍លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបន្ទាត់នយោបាយរបស់គណបក្សសង្គ្រោះជាតិឡើងវិញ។ ការធ្វើបែបនេះ ដើម្បីដឹកនាំកំលាំងអ្នកប្រជាធិបតេយ្យដែលកំពុងតែរង់ចាំការបោះជំហានរបស់បក្សប្រឆាំងឈានទៅរកការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យនាពេលខាងមុខ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិតសេង សារី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់យុវជនគណនបក្សសង្គ្រោះជាតិនេះ គឺកំពុងបង្ហាញសញ្ញាបែកបាក់យ៉ាងធ្ងន់ធ្ងរ ទោះមេបក្សធំៗមិនបានប្រកាសជាផ្លូវការក៏ដោយ។
ដោយឡែកអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពុំមានយុទ្ធវិធីប្រជែងណា ដែលអត់វិន័យ ឥតសីលធម៌ គ្មានគុណធម៌ និងមិនហ៊ានធ្វើពលិកម្ម អាចប្រកួតឈ្នះគូប្រជែងផ្ដាច់ការក្នុងអំណាចនោះទេ ។
លោកអះអាង បើអ្នកជាមនុស្សឥតគុណធម៌ទៀតនោះ គូរប្រកួតរបស់អ្នកនឹងមានប្រៀបលើអ្នកខាងបំភ្លៃច្បាប់ ពន្យារស្ថានការណ៍។ ជាងនេះទៀត បើអ្នកមិនហ៊ានធ្វើពលិកម្ម សត្រូវរបស់អ្នកនឹងមានប្រៀបលើការគ្រប់គ្រងសមរភូមិនយោបាយរបស់អ្នកទាំងស្រុង។
សកម្មជនបក្សប្រឆាំងខ្លះរិះគន់ថា អ្នកនយោបាយដែលរំលោភរដ្ឋធម្មនុញ្ញមិនត្រឹមតែប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ តែពួកគេបានធ្វើជាគំរូដ៏អាក្រក់ដល់អ្នកគាំទ្ររបស់ខ្លួនថែមទៀត។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា អះអាងថា ក្នុងនាមជាអ្នកនយោបាយប្រឆាំងនឹងប្រព័ន្ធផ្តាច់ការដើម្បីយុត្តិធម៌សង្គម ដើម្បីសេរីភាព និងដើម្បីលទ្ធិប្រជាធិបតេយ្យ មិនគួរប្រព្រឹត្តទង្វើណាដែលផ្ទុយទៅនឹងច្បាប់នោះទេ។
លោកថាទង្វើទាំងនោះ ដូចជាការប្រើភាសាប្រមាថមើលងាយអង្គព្រះមហាក្សត្រខ្មែរជាដើម ព្រោះទង្វើបែបនេះគឺជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
លោកបន្តថា ប្រសិនបើអ្នកនយោបាយប្រឆាំងព្យាយាមប៉ះពាល់ដល់អង្គព្រះមហាក្សត្រដែលការពារដោយរដ្ឋធម្មនុញ្ញ នោះមានន័យថា ទង្វើរបស់ពួកប្រឆាំងទាំងនោះ ក៏មិនខុសពីគូរប្រជែងរបស់ពួកគេ ដែរ។ លោកបន្តថា បើថ្ងៃណាមួយកម្ពុជាធ្លាក់ចូលដៃអ្នកទាំងនោះកម្ពុជាក៏មានវាសនាមិនខុសពី ក្រោមការដឹកនាំបច្ចុប្បន្ននោះដែរ៕