នយោបាយ

កូនស្រី លោកកឹម សុខា ថាឪពុករបស់កញ្ញា ចង់ដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមការបោះឆ្នោតឆ្នាំ២០២២ និង២០២៣

By ឌឹ ខេមបូឌា ដេលី

January 19, 2021

កូនស្រីប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បានលើកឡើងថា ឪពុករបស់កញ្ញា មានបំណងចង់ដឹកនាំគណបក្សប្រឆាំងមួយនេះ ដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខ។

នៅលើទំព័រទ្វីធ័រនៅថ្ងៃទី១២ខែមករា ឆ្នាំ២០២១នេះ កូនស្រីច្បងរបស់លោកកឹម សុខា គឺកញ្ញាកឹម មនោវិទ្យា បានសរសេរថា ឪពុករបស់កញ្ញាមានបំណងចង់ដឹកនាំគណបក្សប្រឆាំង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។

ប៉ុន្តែកញ្ញា កឹម មនោវិទ្យា អះអាងថា អ្វីៗនឹងអាចទៅរួចប្រសិនបើអតីតបក្សប្រឆាំង និងសហគមន៍អន្តរជាតិបន្តប្តេជ្ញាស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងនេះ ស្របពេលប្រធានគណបក្សប្រឆាំងលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញពិសេសសេរីភាពចេញទៅក្រៅប្រទេស និងសិទ្ធិសេរីភាពធ្វើនយោបាយ ដោយរឿងក្តី  របស់លោកកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។

សំណុំរឿងក្តីលោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ ត្រូវរ៉ូវជាមួយបរទេស ត្រូវបានផ្អាកសវនាការតាំងពីខែមិនា ឆ្នាំ២០២០ រហូតមកទល់ពេលនេះជិតមួយឆ្នាំមកហើយ ក្រោមហេតុផលដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផង លោក ហ៊ុន សែន ធ្លាប់បានបង្ហើបមុនតុលាការហើយថា សំណុំរឿងរបស់លោក កឹម សុខា នេះ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣ បញ្ចប់។

កាលពីថ្ងៃទី៣១ខែធ្នូ ក្នុងសារជូនជនរួមជាតិនាឱកាសបុណ្យចូលឆ្មាំថ្មីឆ្នាំសកល២០២១ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបួងសួងឱ្យ ឆ្នាំថ្មី២០២១ ជាឆ្នាំនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង។

លោកថាបំណងប្រាថ្នាទាំងនេះ ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ ការពារ ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ មាតុភូមិកម្ពុជាប្រកបដោយចីរភាព និងកិត្តិយស។

លោកកឹម សុខា ក៏បានបួងសួងសូមឱ្យឆ្នាំថ្មី២០២១ សូមកុំធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ ដោយសារមហិច្ឆតារបស់ខ្លួន។ ជាងនេះទៀត ឆ្នាំ២០២១ សូមចែករំលែកសេចក្តីស្រឡាញ់រាប់អាន ដើម្បីសេចក្តីសុខទាំងអស់គ្នា សេចក្តីសុខរបស់អ្នក គ្រួសារអ្នក ប្រទេសជាតិអ្នក និងពិភពលោក។

ក្នុងរយៈពេលចុងក្រោយនេះ កម្រិតនៃការហែកហួរគ្នា រវាងសកម្មជនគណបក្សសង្រ្គោះជាតិ ភាគីលោក សម រង្ស៊ី និង លោក កឹម សុខា បន្តកើតមានកាន់តែខ្លាំង។ ចរន្តនេះ អ្នកឃ្លាំមើលសង្គមយល់ឃើញថា គឺបង្ហាញពីសញ្ញាបែកបាក់របស់បក្សប្រឆាំងកាន់តែធ្ងន់ធ្ងរ បើទោះបីជាលោក សម រង្ស៊ី និងលោក កឹម សុខា នៅមិនទាន់បញ្ជាក់ពីភាពបែកបាក់នេះទាំងស្រុងក៏ដោយ។

អ្នកវិភាគធ្លាប់បានលើកឡើងហើយថា ប្រសិនបើមេបក្សប្រឆាំងទាំងពីររូបនេះបែកបាក់គ្នាជាផ្លូវការមែននោះ ពួកគេនឹងមិនអាចស្តារប្រជាប្រិយភាពនយោបាយឡើងវិញបានឡើយ។ ជាងនេះទៀត ពួកគេនឹងមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន អស់មួយជីវិត៕