អ្នកឃ្លាំមើលបញ្ហាព្រំដែនកម្ពុជា លើកឡើងថា រាល់កិច្ចសហការលើបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ជាកិច្ចសហប្រតិបត្តិការដែលកម្ពុជាចាញ់ប្រៀបវៀតណាម ពោលគឺធ្វើទ្បើងខុសច្បាប់ជាតិ ហើយនាំឱ្យកម្ពុជាខាតបង់ទឹកដីរបស់ខ្លួន។
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ SMD លោក ទូច វិបុល បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នេះថា កម្ពុជាស្ថិតក្រោមឥទ្ធិពលវៀតណាម ហើយកម្ពុជានៅតែបន្តប្រើសន្ធិសញ្ញខុសច្បាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១។ លោកបន្តថា រាល់កិច្ចសហការលើបញ្ហាព្រំដែន គឺធ្វើទ្បើងខុសច្បាប់ជាតិ ហើយនាំឱ្យកម្ពុជាខាតបង់ទឹកដីរបស់ខ្លួន ជាពិសេសដែនសមុទ្រ កោះត្រល់ និងចង្កោមកោះក្រចកសេះ ជាដើម។
ការលើកឡើងនេះ ក្រោយពេលមានកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូខុនហ្រ្វ៊ែន ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២០ កន្លងមក និងបង្កើតពិធីសារថ្មីស្តីពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២១នេះ រវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក ង៉ូ ស៊ុនលិច កាលពីថ្ងៃទី៨ ខែមករា។
ក្រសួងការពារជាតិកម្ពុជា បានស្រង់ខ្លឹមសារនៃកិច្ចប្រជុំ ទៅចុះផ្សាយនៅថ្ងៃបន្ទាប់ថា រដ្ឋមន្ត្រីការពារប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រត្តិការរវាងបណ្ដាយោធភូមិភាគ នៅតាមបន្ទាត់ព្រំដែន និងកម្លាំងគ្រប់គ្រងការពារព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន។
បទល្មើសទាំងនោះ ដូចជា ការជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ជាដើម។ បន្ថែមពីនេះ រដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏បានជំរុញឲ្យមានការដើរល្បាតរួមគ្នាឲ្យបានហ្មត់ចត់តាមខ្សែព្រំដែនដែរ ដើម្បីទប់ស្កាត់រាល់សកម្មភាពនាំចេញនាំចូលខុសច្បាប់ និងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចូលក្នុងប្រទេសនីមួយៗផងដែរ។
លោក ទៀ បាញ់ បានវាយតម្លៃថា នៅឆ្នាំ២០២០ កងទ័ពប្រទេសទាំងពីរ បានសហការរួមគ្នាយ៉ាងស្អិតល្មួត ក្នុងភាពអ្នកជិតខាងល្អ និងលើកកម្ពស់ទំនាក់ទំនងឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជំរុញឲ្យអនុវត្តពិធីសារ ស្តីពីសហប្រតិបត្តិការវិស័យយោធា នៃប្រទេសទាំងពីរ នៅឆ្នាំ២០២១នេះ ឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពផងដែរ។
ខាងភាគីវៀតណាម ក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជាលើការងារព្រំដែន បើទោះពីជាឆ្នាំ២០២០កន្លងទៅ យោធាវៀតណាមបានចូលមកបោះតង់ ប្រមាណ៣រយកន្លែង ហើយប្រែក្លាយទៅជាសង់សំណង់រឹងរាប់សិបកន្លែង ពិសេសនៅតំបន់មិនទាន់ឯកភាពគ្នាយ៉ាងណាក្តី។
ទោះជាយ៉ាងណាក៏ដោយ លោក ទូច វិបុល អះអាងថា ដោយសាររដ្ឋាភិបាលកម្ពុជាស្ថិតក្រោមឥទ្ធិពលវៀតណាម នាំឲ្យវៀតណាមបន្តធ្វើផ្គរធ្វើភ្លៀងដល់កម្ពុជាឥតឈប់ឈរ។
យ៉ាងនេះក្តី លោកថា ដើម្បីឲ្យកិច្ចសហការលើការងារព្រំដែនរវាងប្រទេសទាំងពីរ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងធានាអធិបតេយ្យភាព បូរណភាពទឹកដីរៀងៗខ្លួន កម្ពុជាត្រូវប្រកាសដាក់មោឃៈភាពនៃសន្ធិសញ្ញានានាដែលធ្វើទ្បើងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ រួមនឹងសន្ធិសញ្ញបំពេញបន្ថែមនានា។ លើសពីនេះ កម្ពុជាត្រូវតែអញ្ជើញភាគីពាក់ព័ន្ធ ដូចជាប្រទេសបារាំង ដែលម្ចាស់អាណានិគម ជួយបញ្ជាក់ពីការកំណត់ព្រំដែន ។
លោកថា កម្ពុជាត្រូវតែប្រកាសថា កោះត្រល់ និងកោះចង្កោះកោះក្រចកសេះ ជារបស់កម្ពុជា ហើយវៀតណាមត្រូវដកខ្លួនចេញពីទីនោះ មុននឹងផ្តើមការចរចារជាដើម។
កាលពីដើមឆ្នាំ២០២០ យោធាវៀតណាម បានសម្រុកចូលមកបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ប្រមាណ៣០០កន្លែង ក្រោមហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ អាជ្ញាធរព្រំដែនកម្ពុជាអះអាងថា តង់ដែលភាគីវៀតណាមបោះនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នោះបានធ្វើឡើងនៅតំបន់មិនទាន់ឯកភាពគ្នា។
ក្រោយមានការរិះគន់ និងស្នើសុំឱ្យភាគីវៀតណាម រុះរើនូវតង់ដែលបោះឆ្នោតក្នុងតំបន់មិនទាន់ឯកភាពគ្នាពីសំណាក់កម្ពុជានោះ ភាគីវៀតណាមមិនត្រឹមតែមិនអើពើនោះឡើយ ប៉ុន្តែពួកគេបានប្រែក្លាយ ពីតង់ ទៅជាសំណង់រឹងមាំធ្វើអំពីឈើ និងថ្ម នៅតំបន់ជាច្រើនថែមទៀតផង ពិសេសក្នុងភូមិសាស្ត្រជាប់ព្រំដែនក្នុងខេត្តកណ្តាលតែម្តង។
ចុងក្រោយទើបមានព័ត៌មានថា វៀតណាមព្រមរុះរើសំណង់រឹងមាំ និងតង់មួយចំនួនក្នុងភូមិសាស្ត្រជាប់ខេត្តកណ្តាល ប៉ុន្តែតង់ និងសំណង់រឹងមាំនៅតាមបណ្តោយព្រំដែន ជាប់បណ្តាខេត្តកម្ពុជាផ្សេងទៀត វៀតណាមនៅមិនទាន់រុះរើនៅឡើយទេ៕