31 C
Phnom Penh

អ្នកឃ្លាំមើលសង្គមជំរុញឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងត្រូវនាំគ្នារៀនសូត្រ រដ្ឋធម្មនុញ្ញឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គម រិះគន់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស គួរនាំគ្នារៀនសូត្ររដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឡើងវិញ ហើយកំណត់ទិសដៅនយោបាយរបស់ខ្លួនឲ្យបានច្បាស់។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោកគឹម សុខ អះអាងថា ក្នុងការតស៊ូនយោបាយ ពួកគេត្រូវនាំគ្នា ប្រើមូលដ្ឋាននៃការប្រើច្បាប់ជាគោល ដោយជៀសវាងការប្រមាថព្រះមហាក្សត្រ ទាំងមិនខ្វល់អំពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។

លោក បញ្ជាក់ថា ការសុំអន្តរាគមន៍ពីព្រះមហាក្សត្រ គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែបើការប្រើលិខិតនេះ ក្នុងគោលដៅទម្លាក់កំហុសលើព្រះមហាក្សត្រ ក្នុងករណីអន្តរាគមន៍របស់ព្រះអង្គ មិនបានគាប់ចិត្តនោះ      គឺជាចេតនាមិនល្អរបស់អ្នកទាំងនោះ ដែលនឹងធ្វើឲ្យខាតឥទ្ធិពលនយោបាយយ៉ាងធំ ទាំងនៅចំពោះប្រជារាស្ត្រ និងសហគមន៍អន្តរជាតិ ។

លោកថា តាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគ្មានអំណាចបញ្ជាឲ្យភាគីណាធ្វើតាមឡើយ ហើយទ្រង់ទាក់ទងសភា និងរដ្ឋាភិបាលដោយសារលិខិត ដែលទ្រង់គ្មានសិទ្ធិបង្ខំឲ្យស្ថានប័នណាមួយឆ្លើយតាមបំណងរបស់ទ្រង់ទេ ។

លោក ត្អូញត្អែរថា បើក្រុមអ្នកនយោបាយមិនគោរពរដ្ឋធម្មនុញ្ញ ក្នុងបេសកកម្មប្ដូរជនផ្ដាច់ការ តើអ្នកនយោបាយទាំងនោះ ផ្អែកលើមូលដ្ឋានអ្វី ប្រាប់ឲ្យប្រជារាស្ដ្រឲ្យប្រើសិទ្ធិ តវ៉ាទាមទារយុត្តិធម៌ផ្លូវច្បាប់ និងការផ្លាស់ប្ដូរចេញ នូវរបៀបដឹកនាំដែលរំលោភច្បាប់សព្វថ្ងៃ ? និងមានអំណះអំណាងអ្វី សុំកិច្ចសហការពីសហគមន៍អន្តរជាតិ បើសូម្បីតែប្រមុខរដ្ឋនៃប្រទេសជាតិខ្លួន ក៏ប្រមាថមិនលុះថ្ងៃដែរនោះ?

ការអះអាងនេះធ្វើឡើងបន្ទាប់ពីអ្នកស្រី មួរ សុខហួរ បានដាក់លិខិតថ្វាយព្រះមហាក្សត្រក្នុងការស្វះស្វែងឲ្យព្រះអង្គជួយអន្តរាគមន៍ក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួន ដើម្បីចូលសវនាការតាមការកំណត់របស់តុលាការកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លើមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូប ដូចជា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ព្រមទាំងសហការីជាង ៤០ រូបផ្សេងទៀត ដែលបានជាប់ចោទពីបទ រួមគំនិត និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងដល់សន្តិសុខសង្គម។

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ អ្នកស្រី មួរ សុខហួរ បានថ្វាយសារលិខិតមួយច្បាប់ដល់ព្រះបាទ នរោត្តម សីហមុនី ដោយសុំឲ្យព្រះអង្គជួយ ឲ្យពួកគេអាចត្រឡប់ទៅកម្ពុជាដើម្បីតតាំងក្តីក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញតាមកាលកំណត់។ អ្នកស្រីអះអាងថា ការធ្វើបែបនេះ ព្រោះអាជ្ញាធរមិនផ្តល់សុពលភាពលិខិតឆ្លងដែន និងទិដ្ឋាការធ្វើដំណើរដល់អ្នកស្រី និងសហការី ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ។

មន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា ពួកគេពិតជាមានបំណងវិលទៅស្រុកកំណើតវិញណាស់ តែត្រូវអាជ្ញាធររារាំង និងមានគម្រោងបើកសវនាការដោយគ្មានវត្តមានរបស់ពួកគេ ដែលជាការបង្ហាញឲ្យឃើញថា ជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាធ្ងន់ធ្ងរ ដែលធានាពីសិទ្ធិទទួលបានការជុំនុំជំរះក្តីដោយត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាការថ្វាយលិខិតជូនព្រះមហាក្សត្រដើម្បីសុំអន្តរាគមន៍ពីព្រះអង្គ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺជារឿងត្រឹមត្រូវ។ លើសពីនេះ ការអនុវត្តផែនការនយោបាយរបស់អនុប្រធានអតីតបក្សប្រឆាំង អ្នកស្រី មួរ សុខហួរ គឺសិទ្ធិរបស់អ្នកស្រី ដែលត្រូវសម្រេចថាតើ នឹងត្រូវជ្រើសរើសមធ្យោបាយបែបណាដើម្បីវិលមកកម្ពុជាបានជោគជ័យនោះ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក សម រង្ស៊ី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គឺជាស្តេចទីងមោងតែប៉ុណ្ណោះ គិតតែពីរាជបល្ល័ង្ក សំងំយកសុខដូចសត្វសេកក្នុងទ្រុងមាសដែលលោក ហ៊ុន សែន យកលុយជាតិទៅចិញ្ចឹម ដែលគ្មានបានប្រយោជន៍ដល់ជាតិសម្បីតែបន្តិច។

បញ្ហានេះ ក៏នាំឱ្យមានការរិះគន់អំពីជំហរផ្សេងគ្នា ដោយអតីតមេបក្សប្រឹងប្រមាថព្រះចេស្តាព្រះមហាក្សត្រ ខណៈមន្ត្រីក្រោមឱវាទខ្លួន បែរជាងាកទៅរកព្រះរាជកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រខ្មែរទៅវិញ។

តាមផែនការ ក្រុមលោកសម រង្ស៊ី គ្រោងនឹងទៅកម្ពុជានៅថ្ងៃទី៤ខែមករា ប៉ុន្តែត្រូវពន្យារពេលរួចម្តងមកហើយ។ ដោយឡែកបក្សប្រឆាំងនេះ ក៏បានប្រកាសយកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជាពេលត្រឡប់ទៅកម្ពុជាជាថ្មីទៀត ខណៈពួកគេនៅមិនទាន់ទទួលបានសុពលភាពលិខិតឆ្លងដែន និងទិដ្ឋការឬវីហ្សានៅឡើយ។

ការប្រកាសចូលទៅស្រុកខ្មែរជាថ្មីទៀតនេះ ត្រូវបានគេមើលឃើញថានឹងបរាជ័យជាថ្មីទៀត ព្រោះគ្រាន់តែជានយោបាយប្រជាភិថុតិតែប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស