28.4 C
Phnom Penh

រដ្ឋាភិបាលសម្រេច ដាក់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសដល់ទណ្ឌិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកម្ពុជាសម្រេច បន្ថែមទិវាបុណ្យជាតិចំនួន២ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា និងពិធីបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា។

សេចក្តីសម្រេចនេះធ្វើឡើង ដើម្បីបន្ថែមទៅលើទិវាបុណ្យជាតិដែលមានស្រាប់ដែលរដ្ឋាភិបាលកម្ពុជា តែងអនុវត្តក្នុងការស្នើសុំ ការបន្ថូរ បន្ថយ និងលើកលែងទោសដល់ទណ្ឌិតពីព្រះមហាក្សត្រជារៀងរាល់ឆ្នាំកន្លងមក។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ព្រះមហាក្សត្រខ្មែរបានចេញ  ព្រះរាជក្រឹត្យបញ្ជូលបុណ្យជាតិធំៗ ចំនួន២ បន្ថែមទៀត សម្រាប់ជាថ្ងៃនៃពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែលស្នើរដោយរដ្ឋាភិបាលកម្ពុជា។

ព្រះរាជក្រឹត្យដដែលបញ្ជាក់ថា ពិធីបុណ្យជាតិដែលបានស្នើរដាក់ចូលនោះមានចំនួន២ រួមមាន ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា និងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

ការអនុវត្តន៍ការស្នើរសុំបន្ធូរបន្ថយ និងលើកលែងទោសកន្លងមក ធ្វើឡើងក្នុងពីបុណ្យជាតិ តែ៣ប៉ុណ្ណោះ គឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុកសំពះព្រះខែ ។

មាត្រា៧ នៃព្រះរាជក្រឹត្យដដែលនោះបានកំណត់ថា ទណ្ឌិតទាំងអស់ត្រូវទទួលនូវទោស ១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ជាមុនសិន ទើបពួកគេអាចទទួលបានការស្នើរសុំបន្ធូរបន្ថយទោសនៅពេលមានបុណ្យជាតិម្តងៗ។

មាត្រាទី៧៤ នៃច្បាប់ស្តីពីពន្ធនាគារបានចែងថា គណកម្មាធិការត្រួតពនិត្យ និងវាយតម្លៃទណ្ឌិត ត្រូវធ្វើបញ្ជីទណ្ឌិតដែលមានលក្ខណៈសម្បត្តិ អាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បញ្ជូនទៅគណកម្មាធិការជាតិតាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារយ៉ាងយឺតបំផុត ៣០ ថ្ងៃមុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗ។

យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ៧ មករា ឆ្នាំ១៩៧៩ ជាដើមហេតុដែលបណ្តាលឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីបន្តិចម្តងៗ តាមរយៈនៃការហូរចូលជនជាតិវៀតណាម ខុសច្បាប់ដែលបានចូលមករស់នៅលើទឹកដីខ្មែរ។

លោក អះអាងថា ទិវា ៧ មករា ជាទិវាដែលវៀតណាមសម្រេចផែនការឈ្លានពានទឹកដីខ្មែរ មិនមែនជាទិវាដែលបង្រួបង្រួមខ្មែរ ឬនាំឲ្យកម្ពុជាទទួលបានឯករាជ្យ នោះទេ។ ប៉ុន្តែដើម្បីបំពេញមហិច្ឆតា              រដ្ឋការក្រុងហាណូយ និងជាថ្នូរដើម្បីរក្សាអំណាចរបស់ខ្លួន លោក ហ៊ុន សែន ត្រូវតែដាក់បញ្ចូលជាទិវានេះ ជាទិវាដែលដើម្បីឲ្យខ្មែរត្រូវតែដឹងគុណវៀតណាមជារៀងរហូត។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បញ្ជាក់រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមលើកតម្កើងទិវា ៧មករា រហូតក្លាយជាបុណ្យជាតិ និងជាបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសសម្រាប់ទណ្ឌិត ថែមទៀត។

ដោយឡែក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ឆ្នាំ១៩៩១ ដែលបានបង្រួបបង្រួមខ្មែរឲ្យរំលត់ភ្លើងសង្គ្រាមគ្រប់ភាគី និងទទួលបាននូវរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលជាប្រយោជន៍របស់ពលរដ្ឋកម្ពុជាគ្រប់រូបនោះ បែរជារដ្ឋាភិបាលរបស់លោក មិនអើពើទៅវិញ។

អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ ធ្លាប់រិះគន់ថា បើព្រលឹង ថ្ងៃ៧មករានៅតែរស់ កម្ពុជានឹងវិនាស់សាបសូន្យបន្ថែមទៀត ព្រោះថា ចំណង ៧មករា កំពុងប្រែរូបពី មេដឹកនាំវៀតណាម សហការជាមួយ លោក ហ៊ុន សែន ដែលបានបំផ្លាញកម្ពុជាយ៉ាងចាស់ដៃ ទៅជាចារៈជនវៀតណាម សហការជាមួយ ហ៊ុន ម៉ាណែត ក្នុងចេតនាកម្ទេចកម្ពុជាបន្ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស