31 C
Phnom Penh

ពលរដ្ឋ អះអាងថា ភរិយាអភិបាលខេត្តពោធិ៍សាត់ ក៏មានដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នាខេត្តព្រះសីហនុដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងមន្ត្រីរាជការមានឋានៈតូចតាចមួយចំនួន នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅគ្រាពួកគេ បានទទួលព័ត៌មានមកថា សូម្បីតែ ភរិយា របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺលោកស្រី ហ៊ុន ចាន់ធី ក៏មានចំណែកដី នៅលើដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុដែរ។

រីឯសំណើរសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើឆ្នាំ២០២០ ខាងលើនេះ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត និងបានចារឯកភាពរួចរាល់ហើយដែរ។ ដូច្នេះនាថ្ងៃអនាគត ដីគម្របព្រៃឈើក្នុងខេត្តនេះ នឹងត្រូវរលាយហិនហោចពិតប្រាកដមែន។

ត្រង់ចំណុចនេះ ទើបក្រុមអ្នកឃ្លាំមើលសង្គម, ពលរដ្ឋ និងមន្ត្រីការរាជការមួយចំនួន នាខេត្តព្រះសីហនុ នាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញឯកសារស្នើកាត់ឆ្វៀលដីចេញពីផែនទី គម្របព្រៃឈើឆ្នាំ២០០២ មួយទីតាំងមានទំហំផ្ទៃដីចំនួន ០៥ហិកតា ស្ថិតនៅភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជូនពលរដ្ឋចំនួន ១០គ្រួសារ ដែលសុទ្ធតែអ្នកមានទ្រព្យធន និងមានអំណាចក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន។

ហើយក្នុងនោះ ក៏មានឈ្មោះ លោកស្រី ហ៊ុន ចាន់ធី ភរិយា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ម្នាក់ដែរ ដែលល្បីឈ្មោះតាមប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានចុះផ្សាយលើកតម្កើង ឬឡង់សេថា ជាអភិបាលខេត្ត មានសកម្មភាពដឹកនាំបម្រើពលរដ្ឋ ឬដោះស្រាយវិវាទដីធ្លី មានលទ្ធផលល្អជាបន្តបន្ទាប់មកនេះ។

ផ្តើមពីបញ្ហានេះ ទាំងអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម, មន្ត្រីរាជការ ក៏ដូចជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលកាលបើដឹងថា សូម្បីតែ លោកស្រី ហ៊ុន ចាន់ធី ភរិយា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏មានចំណែកដីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានគេចូលរំលោភទន្ទ្រានកាប់រានព្រៃឈើទាំងតូចទាំងធំ មានដើមដុះចម្រុះដូចម្រាមដៃ កាលពីប៉ុន្មានឆ្នាំមុននេះ រលាយហិនហោច និងបច្ចុប្បន្នដីកាប់រាននោះ ត្រូវបានគេហ៊ុំព័ទ្ធរបងជុំជិត និងសង់ផ្ទះតូចធំ រហូតសង់វីឡាធំស្កឹមស្កៃ នៅលើដីនោះធ្វើកម្មសិទ្ធិស្ទើរទាំងស្រុងអស់ទៅហើយ។

ក្រុមអ្នកឈឺឆ្អាលទាំងនេះ ថ្លែងបែបចំអកថា បរិវេណដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងទីតាំងដីសាធារណៈរបស់រដ្ឋ ព្រមទាំងដីព្រៃឧទ្យានជាតិ, ដីឆ្នេរសមុទ្រ, បឹង, អូរធម្មជាតិ និងធនធានធម្មជាតិដ៏ទៃទៀត ប្រាកដជាត្រូវរលាយហិនហោច នៅក្នុងអាណត្តិ លោក គួច ចំរើន ចូលមកដឹកនាំជាអភិបាលខេត្តព្រះសីហនុ, លោក ជា សុផារ៉ា ធ្វើជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក វេង សាខុន ជារដ្ឋមន្ត្រីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាក់ជាមិនខាន។

យ៉ាងនេះក្តី យោងតាមលិខិត ឬឯកសារ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានពីមន្ត្រីរាជការមិនបង្ហាញអត្តសញ្ញាណម្នាក់ តាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ហើយដែលនៅក្នុង ឯកសារនោះ មានចុះហត្ថលេខា និងបោះត្រាដោយ លោក ខូយ ឃុនហ៊ួររដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តព្រះសីហនុ អំពីការស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ចំនួន០១ ទីតាំងមានផ្ទៃដីទំហំ ០៥ហិកតា ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងធ្វើជាកម្មសិទ្ធិឯកជន ជូនពលរដ្ឋចំនួន ១០គ្រួសារ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សំណើរស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២នេះ យោងតាមលិខិត ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម និងចំណារ របស់លោក ហ៊ុន សែន ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ខ្លឹមសារនៅក្នុងលិខិតដដែលនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនទៅរដ្ឋមន្ត្រីក្រសួងចំនួន ០៣ខាងលើ និងអភិបាលខេត្តព្រះសីហនុ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានយល់ព្រមអនុញ្ញាតកាត់ឆ្វៀលដីចំនួន ០១ទីតាំង នូវទំហំផ្ទៃដី ០៥ហិកតា ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូន លោក បូ ឌីណា, លោក ឌឹម សំណាង, លោក ដូង គឹមឡាយ, លោកស្រី ហ៊ុន ចាន់ធី, លោក ជូរ ស៊ីមវ៉ា, លោក ឆេង លីដា លោក តាំង ប៊ុនហេង, លោកស្រី ឡេង ផលលាភ, លោក លី រតនៈ និងលោក ឃុន ឃីហេង។

នៅចុងបញ្ចប់លិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែលនេះ ក៏បានជម្រាបជូនទៅថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធទាំងអស់ រួមនឹងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផង ត្រូវចាត់ចែងអនុវត្ត ការងារកាត់ឆ្វៀលដី ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២នេះ ជូនប្រជាពលរដ្ឋទាំង ១០គ្រួសារ ទៅតាមការជាក់ស្តែង។

ទោះជាបែបនេះក្តី ទាំងមន្ត្រីរាជការ និងពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាគួរតែពិចារណាបញ្ឈប់ចុះហត្ថលេខា ទៅលើឯកសារ ឬសំណើរស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ និងដីសាធារណៈរបស់រដ្ឋដ៏ទៃទៀត ដើម្បីបម្រើដល់មហិច្ឆិតាបុគ្គលមានអំណាច និងអ្នកមានទ្រព្យធនមួយចំនួននោះតទៅទៀត ព្រោះធនធានធម្មជាតិដែលនៅសេសសល់ ក្នុងខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ នឹងត្រូវបាត់បង់ទាំងស្រុងជាក់ជាមិនខាននាថ្ងៃអនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស