34 C
Phnom Penh

អ្នករាយការណ៍ពិសេស អង្គការ​សហប្រជាជាតិ ទាមទារ ឲ្យអាជ្ញាធរ បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងចូលទៅកម្ពុជាដើម្បីចូលសវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជុំរុញឲ្យអាជ្ញាធរកម្ពុជាជួយសម្រួលដល់មន្ត្រី  គណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ បានចូលទៅកម្ពុជាដើម្បីចូលរួមសវនាការ។

លើសពីនេះក្នុងករណីពួកគេមិនអាចចូលទៅកម្ពុជាបាន អាជ្ញាធរគប្បីរៀបចំឲ្យមន្ត្រីបក្សប្រឆាំងទាំងនោះ បានចូលរួមសវនាការពីចម្ងាយ ឬពន្យាការជំនុំជម្រះរហូតដល់ជនជាប់ចោទទាំងនោះអាចធ្វើដំណើរវិលចូលកម្ពុជាវិញបាន។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីយប់ម្សិលមិញថា អ្នកស្រីកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការ ដែលបានដាក់ចំណាត់ការទៅលើសមាជិក និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ។

អ្នកស្រី នៅតែមានកង្វល់អំពីការជំនុំជម្រះក្តីដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើឡើងមានជនជាប់ចោទដល់ទៅ ៦០ នាក់ ត្រូវបានជំនុំជម្រះរួមគ្នា នៅថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះ ។ បញ្ហានេះ អ្នកស្រីថា ធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ត្រូវប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ។

លើសពីនេះទៀត អ្នកស្រីមានកង្វល់ផងដែរ អំពីជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះបីជា ពួកគេបានព្យាយាមវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះ យ៉ាងណាក៏ដោយ។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិ ទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ដល់បុគ្គលទាំងនេះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ក្នុងនាមប្រទេសកម្ពុជា ជារដ្ឋភាគី។

ការអំពាវនាវនេះ ធ្វើឡើងមួយថ្ងៃមុនដំណើរការសវនាការក្តីលើមន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ របស់តុលាការក្រុងភ្នំពេញដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ មករា នេះ។

អនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានថ្វាយសារលិខិតជូនព្រះមហាក្សត្រសុំឲ្យព្រះអង្គជួយអន្តរាគមន៍ ឲ្យពួកគេអាចវិលទៅកម្ពុជាដើម្បីចូលក្នុងសវនាការ នៅថ្ងៃនេះ ដើម្បីតតាំងក្តីរបស់ពួកគេ ត្បិតអាជ្ញាកម្ពុជាមិនព្រមផ្តល់សុពលភាពលិខិតឆ្លងដែន និងទិដ្ឋាការដល់រូបអ្នកស្រី និងសហការរីបក្សប្រឆាំងផ្សេងទៀតនោះទេ។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តុលាការក្រុងភ្នំពេញបានពន្យាសវនាការលើករណីមន្ត្រី និងសកម្មជន បក្សប្រឆាំងចំនួន ១៣៩នាក់ ម្តងរួចមកហើយ និងបានបែងចែកករណីអ្នកទាំងនោះទៅជា២សំណុំរឿង ដែលសំណុំរឿងទី១ នឹងត្រូវបើកសវនាការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២ នឹងបើកសវនាការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

យ៉ាងណា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការ លើករណីសមាជិកគណបក្សសង្គ្រោះជាតិ ទៅពេលក្រោយទៀត គឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វិញ ក្រោយពេលបើកសវនាការលើមន្ត្រីបក្សប្រឆាំងទាំងនោះប្រមាណជាង៣ ម៉ោងរួចមក។

ដំណើរសវនាការនៅព្រឹកនេះ មានវត្តមានជនដែលតុលាការកោះហៅ និងជនដែលបានចោទប្រកាន់សរុបចំនួន ១១រូប ប៉ុណ្ណោះ ក្នុងចំណោម ៦១រូបផ្សេងទៀត។ ចំណែក មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង                ជាច្រើនរូបទៀតនៅតែមិនអាចចូលសវនាការបានដដែល ប៉ុន្តែតុលាការ លើកឡើងថា ការសម្រេចចិត្តចូលខ្លួន ឬមិនចូលខ្លួនក្នុងសវនាការតាមការកោះហៅរបស់តុលាការ គឺជាសិទ្ធិរបស់ពួកគ តែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់ខ្លួននៅរសៀលថ្ងៃទី១៤ខែមករានេះ ថា អ្នកសង្កេតការណ៍មកពីស្ថានទូតអាមេរិកនៅភ្នំពេញ មានវត្តមាននៅក្នុងតុលាការសាលាដំបូងរាជធានីភ្នំពេញម្តងទៀត នៅថ្ងៃនេះ ដើម្បីឃ្លាំមើលសវនាការជាបន្ត ទាក់ទងនឹងសកម្មជនសង្គមស៊ីវិល និងនយោបាយជាច្រើននាក់។

សហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំង អំពីកង្វះដំណើរការច្បាប់ត្រឹមត្រូវ ហើយអាមេរិកអំពាវនាវឲ្យអាជ្ញាធរកម្ពុជាការពារសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការសម្តែងមតិដោយសន្តិវិធី។

យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេររិះគន់លើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ ថា ជម្លោះរវាងបុគ្គល និងបុគ្គល ដែលជាអ្នកមានឥទ្ធិពលនៅកម្ពុជា កំពុងបង្កើតបញ្ហាដល់ប្រទេសជាតិរឹតតែធ្ងន់ធ្ងរ ដែលនាំឲ្យមានការបែកបាក់សាមគ្គីភាព មិនអាចកសាងឯកភាពជាតិបាន ខណ:បញ្ហាដែលមានស្រាប់មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

លោក បញ្ជាក់ថា អ្នកនយោបាយ និងមេដឹកនាំ រួមទាំងអ្នកមានអំណាច និងអ្នកមិនទាន់មានអំណាច ដែលជាគូបដិបក្ខនឹងគ្នា គួរប្រកួតគ្នាតែអំពីគំនិតដោះស្រាយបញ្ហា ដែលជាកង្វល់សម្រាប់ប្រទេស និងសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះ។ លោកថា ត្រូវជៀសវាងដាច់ខាតការទាស់គ្នាជាលក្ខណៈបុគ្គលដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

មាត្រា ១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា ជនគ្រប់រូបត្រូវមានសិទ្ធិទទួលបានការកាត់ទោសដោយតុលាការឯករាជ្យ និងឥតលំអៀង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស