លោក ហ៊ុន សែន អះអាងថា លោកគឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតនៅក្នុងពិភពលោក

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានសម្តែងមោទនភាពនៅថ្ងៃនេះថា លោកគឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត និងជានាយករដ្ឋមន្ត្រីដែលរក្សាមុខតំណែងបានយូរជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។

ការអះអាងនេះធ្វើក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីចូលរួម អបអរសាទរខួបលើកទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងការកាន់កាប់អំណាចនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ។ លើសពីនេះ លោកក៏មិនភ្លេចអួតផងដែរថា លោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកទៀតផង។

ប្រភពដដែល អះអាងថា ការដឹកនាំក្នុងរយៈពេល ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏បាន បង្ហាញមោទនៈភាពផងដែរថា ក្រោមការដឹកនាំដ៏វៃឆ្លាត របស់លោក ដែលពោពេញទៅដោយបទពិសោធន៍ បានដឹកនាំកម្ពុជាឲ្យមានការកសាងអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់នឹងសព្វថ្ងៃនេះ។

ដោយឡែកកូនប្រុសពៅរបស់លោក គឺ លោក ហ៊ុន ម៉ានី ក៏បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះដោយបន្ទរថា ឪពុករបស់លោកជាគ្រូ ជាថ្នាក់ដឹកនាំ ហើយក៏ជាលោកឪពុកដែលមានព្រហ្មវិហារធម៌។

លោកបន្តថា មិនថាឪពុករបស់ខ្លួនឋិតក្នុងតួនាទីអ្វីនោះទេ ប៉ុន្តែលោក ពុកតែងតម្កល់ប្រយោជន៏ជាតិ និងមាតុភូមិ ជាអាទិភាពខ្ពស់បំផុត។ ក្នុងបេសកកម្មនេះ ឪពុករបស់លោកហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួន។

យ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីខែ មិថុនា ឆ្នាំ២០១៨ កម្រាស់ជិត ៣០០ ទំព័រ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការទុកចិត្តពីរដ្ឋាភិបាលវៀតណាម លោក ហ៊ុន សែន ក៏ត្រូវបានលើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរដោយចៃដន្យ ក្នុងឆ្នាំ១៩៨៥ ក្រោយមរណៈភាពរបស់ លោក ចាន់ ស៊ី ដែលជានាយករដ្ឋមន្ត្រីនាសម័យនោះ។

របាយការណ៍ដដែលអះអាងថា ក្រោយកាន់កាប់តំណែងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរៀបចំពង្រឹងអំណាចតាមរយៈកងកម្លាំងប្រដាប់អាវុធដែលជាសេនាធិការរបស់ខ្លួន។ ក្នុងនោះលោកបានតែងតាំងតួនាទី និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលស្មោះស្ម័គ្រនឹងលោក ដែលអ្នកទាំងនោះបានដើរតួនាទីជាឆ្អឹងខ្នង ដ៏រឹងមាំក្នុងការកាន់កាប់អំណាចយូរអង្វែងរបស់លោក។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានលាតត្រដាងមេទ័ពសំខាន់ៗដែលជា ជំហរជួយរក្សាអំណាចឲ្យលោក ហ៊ុន សែន រួមមាន លោក ប៉ុល សារឿន លោក ជួន សុវណ្ណ លោក សៅ សុខា និងលោកនេត សាវឿន ជាដើម ព្រមទាំងមេបញ្ជាការ ៩ រូបផ្សេងទៀដែលអ្នកទាំងនេះ

សុទ្ធសឹងជាអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និង ជាអគ្គស្នងការ អគ្គស្នងការរង នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទាំងមូល។

គេហទំព័រ List of current longest-ruling Leaders បានចេញផ្សាយ នៅដើមឆ្នាំ ២០២១ នេះ ថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្តាច់ការទាំង៥ ដែលកាន់កាប់អំណាចយូរជាងគេក្នុងពិភពលោក។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារពត៌មាន The Cambodia Daily នៅថ្ងៃនេះថា អំណាចរបស់លោក ហ៊ុន សែន បានមកពីការប្លន់ តែប៉ុណ្ណោះ ជាងនេះទៀត អំណាចនោះ គឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាង របស់របស់ទេសឈ្លានពានផងដែរ។

លោកថា ក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីខ្លួនឯងឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥ នោះ។

លើសពីនេះទៀត លោក អះអាងថា ក្រោយចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ លោក ហ៊ុន សែន បានប្លន់អំណាចម្តងទៀតពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ នាពេលនោះ ដោយបានបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម កាលពីថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧។

ក្រោយបានអំណាចពេញលេញក្នុងដៃ លោក ហ៊ុន សែន បានលួចកែច្បាប់បោះឆ្នោត និងច្បាប់ផ្សេងៗជាច្រើនទៀត ក្នុងនោះមានទាំងកែប្រែ រដ្ឋធ្មនុញ្ញកម្ពុជា ផងដែរ ដើម្បីថែរក្សាអំណាចតវង្សត្រកូលរបស់ខ្លួន៕ 

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.