31 C
Phnom Penh

លោក កឹម សុខា បន្តយកជំនួយមនុស្សធម៌ចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមួយចំនួនជាប់ព្រំដែនថៃ ទោះបីមិនទាន់មានសេរីភាពពេញលេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានដឹកនាំសហការីយកជំនួយមនុស្សធម៌ដែលបានមកពីសប្បុរសជននៅក្រៅប្រទេស ចែកជូនពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក តាមបណ្តាខេត្តជាប់ព្រំដែនថៃ។

សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោក កឹម សុខា បញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរទៅខេត្តប៉ៃលិន កាលពីម្សិលមិញ ថ្ងៃនេះ លោក និងសហការីបានមកកាន់ខេត្តជាប់ព្រំដែនថៃពីរទៀត ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងនាំយកជំនួយមនុស្សធម៌ជូនដល់ពលករខ្មែរដែលទើបតែវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ ខេត្តទាំងពីរនោះរួមមានខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមាន  ជ័យ។

លោក ថា ជំនួយមនុស្សធម៌ទាំងនោះ នឹងប្រគល់ជូនពលរដ្ឋ តាមរយៈអាជ្ញាធរខេត្តនីមួយៗ ដោយរួមមានថវិកាចំនួនដប់លានរៀល សម្រាប់ខេត្តទាំងបី ព្រមទាំងសម្ភារៈជាច្រើនផ្សេងទៀត។

លោកបញ្ជាក់ថា ជំនួយទាំងនោះ ជាជំនួយសប្បុរសជនខ្មែរររស់នៅសហរដ្ឋអាមេរិក ពិសេសនៅរដ្ឋវ៉ាស៊ីនតោន សប្បុរសជនខ្មែររស់នៅប្រទេសកាណាដា នៅអូស្រ្តាលី និងសប្បុរសជនក្នុងប្រទេសផងដែរ។

លោក កឹម សុខា ថានេះជាសកម្មភាពមនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរជួយខ្មែរ ដែលលោកអាចចូលរួមបាន ដោយមិនប៉ះពាល់បំរាមនយោបាយ ដែលកំពុងបិទសិទ្ធិសេរីភាពរបស់លោកឡើយ។

នេះជាជំនួយមនុស្សធម៌ ដែលម្ចាស់ជំនួយតម្រូវឲ្យលោកយកទៅជូនពលករខ្មែរដែលទើបតែវិលត្រឡប់ពីធ្វើការនៅប្រទេសថៃ កំពុងធ្វើ               ចត្តាឡីស័កក្នុងមណ្ឌលនានាក្នុងបណ្តាខេត្តជាប់ព្រំដែនថៃ។

កាលពីថ្ងៃម្សិលមិញក្នុងឱកាសនាំយកជំនួយមនុស្សធម៌ទៅជូនអាជ្ញាធរខេត្តប៉ៃលិន លោក កឹម សុខា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តបៃលិនថ្មី គឺអ្នកស្រី បាន ស្រីមុំ និងមន្ត្រីរាជការក្នុងខេត្តនេះ។ លោកកឹម សុខា ក្រៅពីបានសួរសុខទុក្ខពលរដ្ឋជាប់ធ្វើចត្តាឡីស័ក លោកក៏បានសាកសួរអភិបាលខេត្តថ្មីអំពីវិធីសាស្ត្រផ្សេងៗ ក្នុងការរក្សាទុកដាក់ពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តនេះក្នុងការបំពេញកិច្ចការងារសង្គមមួយនេះទៀតផង។

ដោយឡែកអ្នកស្រី បាន ស្រីមុំវិញ ក៏បានលើកឡើងថា អ្នកស្រីស្វាគមន៍ចំពោះរាល់ទឹកចិត្តមនុស្សធម៌របស់ក្រុមគណបក្សប្រឆាំងពេលនេះ។ អ្នកស្រីថានេះជាសកម្មភាពខ្មែរជួយខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាដើម្បីសង្គមជាតិទាំងអស់គ្នា។

ចាប់តាំងពីតុលាការក្រុងភ្នំពេញកែប្រែលក្ខខណ្ឌក្នុងការឃុំខ្លួននៅក្នុងផ្ទះកាលពីចុងឆ្នាំ២០១៩មក ប្រធានគណបក្សប្រឆាំងលោក កឹម សុខា បានចេញជាសាធារណៈច្រើន ពិសេសសកម្មភាពមនុស្សធម៌ក៏បានច្រើនដែរ។

ជាក់ស្តែងលោកធ្លាប់បានចូលថវិការដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងទិញវ៉ាក់សាំងដើម្បីប្រឆាំងជំងឺនេះ។ លើសពីនេះ លោកបាននាំយកជំនួយសប្បុរសជននៅក្រៅប្រទេស និងក្នុងប្រទេសទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាដើម។

កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា ក៏បានបញ្ជាក់ថា ទោះបីជាលោកមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ជាពិសេសការជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ក៏លោកតែងតែមានមនោសញ្ចេតនា នឹករលឹក ខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាពនូវអ្វីដែលលោកអាចធ្វើទៅបាន។

ទោះបីជាសកម្មភាពមនុស្សធម៌ដែលលោកកឹម សុខា និងក្រុមការងាររបស់លោក កំពុងធ្វើនៅពេលនេះ ទទួលបានការស្វាគមន៍ពីសំណាក់ប្រមុខរដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្តី ប៉ុន្តែលោកក៏រងការរិះគន់ ពីសំណាក់សកម្មជនក្នុងបក្សរបស់លោកដែរ។

ប៉ុន្តែនាយកខុទ្ទកាល័យលោក កឹម សុខា គឺ មុត ចន្ថា បានលើកឡើងថា សូមកុំរង់ចាំតែចាប់កំហុស។

លោក សរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា នៅពេលដែលប្រទេស និងពលរដ្ឋមានការលំបាក យើងជាពលរដ្ឋនិងអ្នកនយោបាយខ្មែរមានភារកិច្ចជាពលរដ្ឋ និងភារកិច្ចខាងសីលធម៌ ចូលរួមចំណែកទៅតាមលទ្ធភាព ដោយមិនសម្លឹងរកផលប្រយោជន៍នយោបាយ ឬការរើសអើងនយោបាយ ឬទម្លាក់ការទទួលខុសត្រូវនេះចោល ឬអង្គុយចាំចាប់ និងទម្លាក់កំហុសឡើយ។

លោក រំលឹកដែរថា លោក  កឹម សុខា ធ្លាប់បានប្រកាសនូវគោលជំហររួចហើយ គឺលោកមិនទៅណាចោលមាតុប្រទេសដែលផ្តល់កំណើតឱ្យលោក ហើយលោកត្រូវតបស្នងសងគុណអ្វីដែលលោកធ្វើបានក្នុងនាមជាពលរដ្ឋ និងជាអ្នកនយោបាយ។ ប្រទេសកម្ពុជា គឺជាទីជម្រករបស់លោកតែមួយ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់លោក។

លោក មុត ចន្ថា បន្ថែមថា បើសិនជាយើងចង់ជួយសង្គម លុះត្រាតែយើងរស់នៅក្នុងសង្គមរបស់យើង និងធ្វើការដោយច្នៃប្រឌិតសុច្ចរិតឆ្លើយតបចំពោះសេចក្តីត្រូវការចាំបាច់ និងបញ្ហាប្រឈមរបស់សង្គម។

លោកបន្តថា «យើងមិនចាំបាច់ចំណាយពេលនិងធនធានរៀបចំនូវអ្វីដែលហៅថាធ្វើមាតុភូមិនិវត្ត ហើយក៏មិនចាំបាច់បង្កើតព្រឹត្តិការណ៍ក្លែងក្លាយ ដែលបង្កឱ្យមានបញ្ហាដល់សង្គមជាតិ និងផលលំបាកដល់ពលរដ្ឋដែរ»

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោក ហ៊ុន សែន ចូលចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី ៣ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនខ្លួនលោកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេសឬ ត្រូវរ៉ូវគ្នាជាមួយបរទេស។ មួយឆ្នាំក្រោយមក លោក កឹម សុខា ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកឃុំនៅក្នុងផ្ទះរបស់លោកនារាជធានីភ្នំពេញ ដែលធ្វើឱ្យលោកបាត់បង់សេរីភាពទាំងស្រុង។

ជិតមួយឆ្នាំទៀត ទើបតុលាការក្រុងភ្នំពេញសម្រេចបន្ថូបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោកក្នុងផ្ទះ ដោយផ្តល់សេរីភាពដល់លោកបានច្រើនជាងមុន ប៉ុន្តែតុលាការបានហាមលោក កឹម សុខា មិនឱ្យចេញទៅក្រៅប្រទេស និងមិនឱ្យធ្វើសកម្មភាពនយោបាយជាដាច់ខាត។

ក្នុងពេលសវនាការសំណុំរឿងលោក កឹម សុខា កាលពីដើមឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចេញមុខនិយាយត្រង់ៗ ថា សហរដ្ឋអាមេរិកមិនសប្បាយចិត្តឡើយចំពោះការចោទថាអាមេរិកនៅពីក្រោយខ្នងលោកកឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

អាមេរិកថានេះ ជាការប្រឌិតឡើងដោយតុលាការ ខណៈអាមេរិកធ្លាប់បញ្ជាក់ថាការចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់លោក កឹម សុខា កន្លងមកគឺជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស