33.3 C
Phnom Penh

លោក ហ៊ុន សែន ថានឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់និង មិនគោរពវិជ្ជាជីវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានផ្ញើសារព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានទាំងឡាយណាដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ និងប្រព្រឹត្តអំពើទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវានៃជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ក្នុងសារលិខិតនោះលោក ហ៊ុន សែន បានលើកឡើង ថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូច បានប្រើប្រាស់ស្ថាប័នព័ត៌មាន ដើម្បីធ្វើសកម្មភាពទុច្ចរិតមួយចំនួន។

សកម្មភាពទុច្ចរិតទាំងនោះ ដូចជា ជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្តីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានមិនពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

លិខិតរបស់លោក ហ៊ុន សែន ដដែល ក៏បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងគោរពច្បាប់ស្តីពីរបបសារព័ត៌មាន និងគោលការណ៍ ពាក្យស្លោកដែលលោកដាក់ចេញកាលពីជំនួបអ្នកកាសែតឆ្នាំមុនថា «កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត។»

លោក ហ៊ុន សែន បញ្ជាក់ក្នុងសារលិខិតនោះថា រាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមនោះឡើយ។

ទោះជាយ៉ាងណាក្តី ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន បានប្រកាសជួយគាំពារផ្លូវច្បាប់សម្រាប់អ្នកសារព័ត៌មានដែលរងនូវបណ្តឹងនានា ដោយផ្តល់ជាមេធាវីជួយការពារ ប៉ុន្តែលោកបញ្ជាក់ពេលនោះថា លោកការពារតែអ្នកសារព័ត៌មានដែលមិនធ្វើខុសច្បាប់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អង្គការអ្នកកាសែតគ្មានព្រំដែន(Reporter Without Border)  បានផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំ២០២០ កន្លងទៅ មានលេខរៀង ១៤៤ ក្នុងចំណោម១៨០ប្រទេស។ ចំណាត់ថ្នាក់នេះ  ថយចុះមួយលេខបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ការថយចុះនេះ បន្ទាប់មានពីការចាប់ខ្លួនអ្នកកាសែត អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងការបញ្ចេញមតិជាបន្តបន្ទាប់ ព្រមទាំងការបង្កើតច្បាប់ថ្មីៗ ដែលមានលក្ខណៈបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានជាដើម។

សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៧មក បន្ទាប់ពីមានការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនដូចជាកាសែតThe Cambodia Daily និងស្ថានីយ៍វិទ្យុផ្សាយបន្ត នូវវិទ្យុដែលទទួលជំនួយគាំទ្រពីបរទេស រាប់សិបស្ថានីយ៍ ។ លើសពីនេះ កាសែតឯករាជ្យភ្នំពេញប៉ុស្តិ៍ ក៏ត្រូវបានបង្ខំប្តូរម្ចាស់ថ្មី ក្រោមគំនាបពន្ធដារ។

ដោយឡែកអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស និងកាន់កាប់រូបភាពអាសអាភាស ហើយឃុំខ្លួនពួកគេអស់រយៈពេលប្រមាណ១ឆ្នាំទើបមានការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ប៉ុន្តែសំណុំរឿងនេះ នៅមិនទាន់បញ្ចប់នៅឡើយ មកទល់ពេលបច្ចុប្បន្ន ខណៈអតីតអ្នកកាសែតទាំងពីររូបនេះ ធ្លាប់លើកឡើងថាការបន្តអូសបន្លាយសំណុំរឿងរបស់ពួកគេដោយគ្មានពេលបញ្ចប់នេះ គឺជាការសងសឹកពីណាក់រដ្ឋាភិបាល និងជាការយកពួកគេជាចំណាត់ខ្មាំង ព្រោះតែពួកគេ ជាអតីតអ្នកកាសែតដែលគាំទ្រដោយសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស