36 C
Phnom Penh

ជនជាតិដើមភាគតិចថាគ្មានជំនឿលើគណៈកម្មាការអន្តរក្រសួងចំពោះការចុះដោះស្រាយជម្លោះដីធ្លីនៅខេត្តមណ្ឌគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិដើមភាគតិចខេត្តមណ្ឌគិរី អះអាងថា  ពួកគេគ្មានជំនឿទៅលើការចុះដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មាការអន្តរក្រសួងឡើយ  ព្រោះអ្នកដែលរំលោភយកដីធ្លីនៅក្នុងខេត្តនេះ ភាគច្រើនសុទ្ធតែអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ដើម្បីចុះវាស់វែងកំណត់ដីរដ្ឋនិងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា មូលហេតុក្រុមការងារអន្តរក្រសួងចុះវាស់វែងកំណត់ដីរដ្ឋនៅខេត្តមណ្ឌលគិរីមុនគេ ដោយសារខេត្តនេះផ្ទុះឡើងនូវជម្លោះដីធ្លី ពិសេសការរំលោភបំពានដីរបស់រដ្ឋកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជនកាន់តែច្រើន។

ប៉ុន្តែគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ គណៈកម្មាការអន្តរក្រសួងទាំង ៣ មិនទាន់បង្ហាញពីរបាយការណ៍ចុះដោះស្រាយវិវាទដីធ្លីនោះក្នុងខេត្តមណ្ឌលគីរីនៅឡើយ។

តំណាងជនជាតិដើមភាគតិចខេត្តមណ្ឌគិរីលោក ក្រើង តុលា  អះអាងថា ពួកគាត់គ្មានជំនឿលើគណៈកម្មាការអន្តរក្រសួងចំពោះចុះការដោះស្រាយវិវាទដីធ្លីក្នុងខេត្តនេះឡើយ ដោយសារ អ្នកដែលយកដីរដ្ឋ និងរំលោភយកដីធ្លីរបស់សហគមគឺជាអ្នកមានអំណាច។ ក្រៅពីគ្មានជំនឿហើយ លោកសង្កេតឃើញថា ការរំលោភដីធ្លីនៅកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺធ្វើឡើងជាប្រព័ន្ធ។

លោក ក្រើន តុលា៖ «ខ្ញុំគិតថា ជម្លោះដីធ្លីនឹងដោះស្រាយមិនចេញទេរហូតដល់ថ្ងៃហ្នឹង រដ្ឋាភិបាលសន្យាបញ្ចប់ការដោះស្រាយតាមអភិក្រមហូហែងកន្លងមក ធ្វើអត់បាន។ បើដោះគេធ្វើតែមួយ ជាក់ស្ដែងពេលមានបញ្ហាអភិបាលធ្វើនិរាករណ៍ ឱ្យតែមានបញ្ហា អ៊ីចឹងអភិបាល ហើយអ្នកធំៗរួចខ្លួនរហូត ហើយអ្នកដែលជាប់គុកដោយសារដីធ្លីគឺអ្នកតូចតាចទេ។ អ៊ីចឹងអានេះជាចំណុចមួយដែលយើងមិនអាចទទួលយកបាន»។

ជនជាតិដើមភាគតិចពូនងម្នាក់ទៀតអ្នកស្រី ក្លឹក ភីរម្យ ចាត់ទុកការគណៈកម្មាការអន្តរក្រសួង ចុះការដោះស្រាយវិវាទដីធ្លីជារឿងល្អ ប៉ុន្តែអ្នកស្រីគ្មានជំនឿថា គណៈកម្មការនេះ  ដោះស្រាយបានយុត្តិធម៌នោះឡើយ ព្រោះ អ្នករំលោភដីធ្លីនៅក្នុងមណ្ឌលគិរីភាគច្រើនជាឧកញ៉ា និងអ្នកមានអំណាច។ អ្នកស្រីបន្តថា អ្នកខ្លះបានយកឈ្មោះថ្នាក់ដឹកនាំទៅដាក់ដើម្បីទទួលបានដីនៅទីនោះ ដែល និងជាការគំរាមដល់ប្រជាពលរដ្ឋផងដែរ។

លោកថា៖ «ភាគច្រើនអ្នកដែលចាប់ដីធំនៅក្នុងខេត្តមណ្ឌលគិរី គឺដីដែលមានសក្ដានុពល  ដីល្អ គេហៅដីអារក្ស ដីភ្នំអីហ្នឹង គឺសុទ្ធតែអ្នកធំៗហ្នឹងឯង។ ខ្ញុំគិតថាពួកគាត់ពិបាកនឹងដោះស្រាយ អ៊ីចឹងខ្ញុំគ្មានទៅលើគណៈកម្មការអាចដោះស្រាយបានល្អទេ»។

អ្នកស្រី ក្លឹក ភីរម្យ អះអាងថា កាលពីឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅអភិបាលខេត្តមណ្ឌលគិរី ឱ្យដកហូតយកភ្នំដោះក្រមុំមកទុកជាសម្បត្តិរដ្ឋវិញ ដោយមិនត្រូវឱ្យនរណារំលោភយកធ្វើជាកម្មសិទ្ធិទេ ប៉ុន្តែជាក់ស្ដែងដីជុំវិញភ្នំដោះក្រមុំមកទល់ពេលបច្ចុប្បន្ន នៅតែត្រូវបានគេរំលោភយកដដែល។

ការអះអាងរបស់ជនជាតិដើមភាគតិច ធ្វើឡើងស្របគ្នានឹងការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា អ្នកធំៗបាននាំគ្នាសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ខណៈសំណុំរឿងដីធ្លីនៅក្នុងខេត្តនេះមិនទាន់បានដោះស្រាយចប់នៅឡើយ។ លោកបន្តថា កន្លងមក មានអ្នកធំមួយចំនួនបានយកឈ្មោះលោកទៅប្រើប្រាស់ ដើម្បីទទួលបានដីនៅខេត្តមណ្ឌលគិរីថែមទៀតផង។   លោក ស ខេង ក៏បានត្អូញត្អែរថា ជាអ្នករងកម្មក្នុងការដោះស្រាយរឿងដីធ្លីផងដែរ។

លោក ស ខេង៖ «តែឥលូវ ក៏ខ្ញុំគ្មានមួយតឹកដែរ ឥលូវទៅប្រជែងគ្នាចាប់ ខ្ញុំជាអ្នករង ដូចថារងកម្មដោះរឿងដីហ្នឹង រងកម្មចាំដោះឱ្យអាហ្នឹង មានបញ្ហាត្រង់ហ្នឹង»។

កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០រដ្ឋាភិបាលកម្ពុជាសម្រេចសង់អាកាសយានដ្ឋានឬព្រលានយន្តហោះខ្នាតតំបន់មួយនៅខេត្តមណ្ឌលគិរី ខណៈវិវាទដីធ្លីនៅក្នុងខេត្តនេះ មិនទាន់បានដោះស្រាយចប់។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ថា ការសាងសង់ព្រលានយន្តហោះតំបន់ភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី ដោយសារ តំបន់ខាងលើអាចក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤មួយដ៏សំខាន់របស់កម្ពុជា ព្រោះតំបន់នេះ នឹងអភិវឌ្ឍន៍ទៅជាកន្លែងកសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកសេដ្ឋកិច្ចដទៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទំនងជា ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាលបែបនេះហើយ បានជាមានមន្ត្រីក្រាក់ៗ និងមានមន្ត្រីនៅក្នុងខេត្តភាគឦសាន្តមួយនេះជាច្រើន ត្រូវបានរកឃើញថា បានរំលោភដីធ្លី និងពាក់ព័ន្ធការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ជាប្រព័ន្ធ។ មន្ត្រីដែលពាក់ព័ន្ធការរំលោភដីរដ្ឋដោយខុសច្បាប់ទាំងនោះ មានឋានៈចាប់ពីថ្នាក់មូលដ្ឋាន ដល់ព្រឹទ្ធសភា និងមានទាំងមន្ត្រីយោធាថែមទៀតផង។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី» ទៅតាមចំណាររបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចុះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ជាងមួយខែក្រោយមក ពោលគឺកាលពីថ្ងៃទី៣០ ខែសីហា លោក ស ខេង បានដាក់លិខិតមួយទៀតទៅលោក ហ៊ុន សែន ដើម្បីពិនិត្យនិងសម្រេចលើលទ្ធផលរបស់ក្រុមការងារអន្តរក្រសួង ចំពោះការចុះសិក្សាស្រាវជ្រាវករណីកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរីនោះ។

លិខិតនោះ លោក ស ខេង បានស្នើសុំឱ្យសម្រួលភារកិច្ចដល់អភិបាលខេត្ដមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងបញ្ចប់មុខតំណែងមន្ដ្រីចំនួន៩រូបផ្សេងទៀត រួមទាំងអតីតអភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានបញ្ចប់មុខតំណែង និងឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ រីឯមន្ត្រីពាក់ព័ន្ធផ្សេងទៀតត្រូវបានបញ្ចប់មុខតំណែងនិងដាក់ពិន័យរដ្ឋបាល។ ការសម្រេចនេះ ក្រោយរកឃើញថាពួកគេ មានកំហុសនិងជាប់ពាក់ព័ន្ធការរុករាន រួមទាំងឈូសឆាយដីព្រៃក្នុងខេត្តនេះដោយខុសច្បាប់។

បន្ថែមពីនេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ស ខេង បានស្នើទៅលោក ទៀ បាញ់ ឲ្យដាក់ពិន័យលើឧត្តមសេនីយ៍យោធាកងយោធពលខេមរភូមិន្ទម្នាក់ ព្រមទាំងកូនចៅ ១២ នាក់ដែលបានបង្កឱ្យមានភាពអនាធិបតេយ្យ និងរំលោភទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរី ។

លោក ស ខេង បញ្ជាក់ថា ការអនុវត្តទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលបានប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋគឺជាការបង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកថានេះ ជាមេរៀនសម្រាប់មន្ត្រីមួយចំនួនតូច ដែលមិនបម្រើផលប្រយោជន៍ពលរដ្ឋ ដោយស្មោះត្រង់ និងមិនបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ ។

លើសពីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដដែល ក៏បានផ្ញើលិខិតមួយទៅស្ថាប័នព្រឹទ្ធសភា ឱ្យអប់រំណែនាំចំពោះសមាជិកព្រឹទ្ធសភាមួយរូប គឺ លោក ណយ ស្រូន ជុំវិញការប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីបានកាន់កាប់ដីរបស់រដ្ឋប្រមាណ៥០០រយហិកតាដោយខុសច្បាប់ជាដើម ។

ទោះបីជាយ៉ាងនេះក្តី សំណុំរឿងរំលោភដីធ្លីនៅខេត្តភាគឦសាន្តមួយនេះ ក៏ស្ងាត់សូន្យឈឺង ហើយរដ្ឋាភិបាលក៏មិនបានបង្ហាញរបាយការណ៍ ឬ វិធានការច្បាប់ចុងក្រោយទៅលើក្រុមមន្ត្រីទាំងយោធា និងស៊ីវិល ដែលរំលោភដីរបស់រដ្ឋដោយខុសច្បាប់នៅឡើយទេ មកទល់ពេលនេះ។

អ្នកតាមដានសង្គម ធ្លាប់លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានស្តង់ដារច្រើន ហើយច្បាប់អាចអនុវត្តតែចំពោះក្រុមអ្នកទន់ខ្សោយ ឬក្រីក្រប៉ុណ្ណោះ ខណៈអ្នកមានប្រាក់ និងមានអំណាចតែងរួចផុតពីសំណាញ់ច្បាប់ជារឿយៗ។

របាយការណ៍សន្ទស្សន៍នីតីរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកដែលចេញផ្សាយកាលពីដើមឆ្នាំ២០២០ បានឱ្យដឹងថា កម្ពុជាជាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌អាក្រក់ជាងគេក្នុងតំបន់ និង ជាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ស្ទើរតែអាក្រក់ជាងគេក្នុងលោក ពោលគឺល្អជាងប្រទេសវេណេហ្ស៊ុយអេឡា តែមួយប៉ុណ្ណោះ។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា បច្ចុប្បន្នដីព្រៃនៅតំបន់ការពារក្នុងខេត្តមណ្ឌលគិរី ត្រូវបានឈូសឆាយបណ្ដើរៗពីសំណាក់ ឧកញ៉ា និងមានអំណាចមួយចំនួនផងដែរ។ លោកបន្តថា ប្រសិនរដ្ឋាភិបាលមិនធ្វើការដោះសា្រយបញ្ហាទាំងនេះទេ លោកថា នៅថ្ងៃខាងមុខជម្លោះដីធ្លីនៅក្នុងខេត្តនេះនឹងនឹងផ្ទុះឡើងខ្លាំងជាក់ជាមិនខានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស